- ព័ត៌មានជាតិ

​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កណ្ដាល ចុះ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​របស់​ប្រជា​នេសាទ​ដោយ​លក្ខណៈ​<<​ដាយ​ត្រី​>> ក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល​

​ខេត្ត​កណ្ដាល​៖ លោក ហេង សុភា​រិទ្ធិ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កណ្តាល បាន​ធ្វើ​ការព្យាករណ៍​ថា​ក្នុង​ខ្នើត​ទី​២(​ខែ​មករា​) ការប្រមូល​ផល​ត្រី​នៅ​ដាយ​ត្រី​ក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាឮ​នេះ មាន​ការកើនឡើង​ធ្វេរ​ដង​បើ​ធៀប​នឹង​ឆ្នាំមុនៗ ខណៈ​ដែល​ក្នុង​ខ្នើត​ទី​១(​ខែ​ធ្នូ​) មាន​ការកើនឡើង ៥% បើ​ធៀប​នឹង​ឆ្នាំ​មុន​។

​លោក ហេង សុភា​រិទ្ធិ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កណ្តាល បាន​ធ្វើ​ការព្យាករណ៍​បែបនេះ​ក្នុង​ឱកាសលោក ចុះ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​សំណេះសំណាល​ជាមួយ​ប្រជា​នេសាទ​លក្ខណៈ​<<​ដាយ​ត្រី​>> ក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៤​នេះ​។

​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កណ្តាល បន្តថា​៖ កត្តា​ដែលនាំឱ្យ​មាន​ការកើនឡើង​ផល​ត្រី​នា​ឆ្នាំ​នេះ គឺ​ដោយ​មាន​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​នីតិ​កា​ទី​៧ ក្រោម​ការដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​គ្រប់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ និង​ដោយ​មាន​ការដឹកនាំ និង​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​បង្កើត​ក្រុមការងារ​ពិសេសៗ ក្នុង​ការបង្ក្រាប​រាល់​ប​ទ​ល្មើស​នេសាទ​គ្រប់​ប្រភេទ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល​នា​ពេលកន្លងមក ទើប​ធ្វើឱ្យ​ផល​ត្រី​មាន​ការកើនឡើង​ធ្វេដ​ង​នា​ឆ្នាំនេះ​។

​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កណ្ដាល សូម​ធ្វើ​ការជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល ដែល​មាន​បំណង​ចង់​ធ្វើការ​ខែ​ច្នៃ​ត្រី​ធ្វើ ប្រហុក ផ្អក ឬ​ត្រីឆ្អើរ​ផ្សេងៗ នៅ​ឆ្នាំ​នេះ​មិន​ខ្វះ​ត្រី​ទេ ព្រោះ​ត្រី​ត្រូវ​មាន​រយៈពេល​វែង​នា​ឆ្នាំនេះ​។

​ជាមួយគ្នានេះ​ដែរ​លោក​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កណ្ដាល ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​នេសា​ទាំងអស់ សូម​ចូលរួម​ជាមួយ​សមត្ថកិច្ច​ជំនាញ ឈប់​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទ ព្រោះ​ឧបករណ៍​នេសាទ​ខុសច្បាប់​វា​បាន​បំផ្លាញ​ធនធានធម្មជាតិ​របស់​យើង ដែល​នាំ​ឱ​មាន​ការបាត់បង់​ពូជ​ត្រី​នាពេល​អនាគត ពិសេស​អ្នក​ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ប្រឈម​នឹង​ករណី​ទោស​ទាន់​ផងដែរ​។​

Leave a Reply

Your email address will not be published. Required fields are marked *