- ព័ត៌មានជាតិ

​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូឌា ភីអិលស៊ី បាន​រៀបចំ​ពិធី​ផ្លាស់​ប្តូរ​កិច្ចព្រមព្រៀង និង​សម្ពោធ​ជា​ផ្លូវការ​គម្រោង «​ឧទ្យាន​សហគមន៍​អង្គរ​-​មេ​នូ​ឡាយ​ហ្វ៍​»

​រសៀល​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៤ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូឌា ភីអិលស៊ី បាន​រៀបចំ​ពិធី​ផ្លាស់​ប្តូរ​កិច្ចព្រមព្រៀង និង​សម្ពោធ​ជា​ផ្លូវការ​គម្រោង «​ឧទ្យាន​សហគមន៍​អង្គរ​-​មេ​នូ​ឡាយ​ហ្វ៍​» ដែល​ជា​គម្រោង​ដាំ​កូនឈើ​ចំនួន​ជាង​១០ ០០០​ដើម មានដូចជា ដើម​ធ្នង់ គគីរ និង​ដើម​បេង លើ​ផ្ទៃដី​៥.៥​ហិកតា ដែល​មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​លោកជំទាវ​បណ្ឌិត​សភា​ចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ទីតាំង​ខាងជើង​បរិវេណ​ប្រាសាទបន្ទាយ​ប្រី ដោយ​មាន​ការចូលរួម​ពី​តំណាង​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន រដ្ឋបាល​ខេត្ត​សៀមរាប មន្ត្រី​-​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា និង​សិស្សានុសិស្ស​ប្រមាណ​៣០០​នាក់​។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​កិច្ចព្រមព្រៀង និង​សម្ពោធ​គម្រោង លោកជំទាវ បណ្ឌិត​សភា​ចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា ដើមឈើ​រាប់​លាន​ដើម ទាំង​ក្នុង​គម្រោង​របស់​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ រួម​ទាំង​វិស័យ​ឯកជន​នានា ដែល​បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដាំ​ដុះ​ជា​បន្តបន្ទាប់​នៅក្នុង​ឧទ្យាន​អង្គរ​។ នេះ​ជា​ភារកិច្ច​ថ្មី​មួយទៀត បន្ថែម​លើ​កិច្ចការ​ដែល​យើង​ជា​កូន​ខ្មែរ​ត្រូវ​ថែរក្សា​បរិស្ថាន​។ ហេតុអ្វី​? ដោយសារ​នៅ​លើ​ទឹកដី​នេះ មាន​ប្រាសាទ​រាប់រយ ដែល​ប្រាសាទ គឺ​ជា​ចំណង​មួយ​រវាង​ប្រាសាទ ធម្មជាតិ និង​មនុស្ស​។ អ្វី​ទាំងអស់​នោះ បើសិនជា​គ្មាន​ព្រៃឈើ​ជួយ​ទេ បញ្ហា​វា​នឹង​កកើតឡើង​ដូចជា ភាព​រាំងស្ងួត ហើយ​បរិស្ថាន​បៃតង​ជួយ​ច្រើន​លើ​សុខុមាលភាព​របស់​មនុស្ស​។

​លោកជំទាវ​បណ្ឌិត​សភា​ចារ្យ បាន​សម្តែង​សេចក្តី​រីករាយ ដែល​រាជដ្ឋាភិបាល យកចិត្តទុកដាក់​លើ​ការបង្កើន​គម្រប​ព្រៃឈើ ហើយ​សកម្មភាព​នេះ កាន់តែ​ផុស​ផល​ច្រើនឡើង ពិសេស​ក្នុង​ចំណោម​យុវជន​។ លោកជំទាវ បណ្ឌិត​សភា​ចារ្យ មានប្រសាសន៍​បន្ត​ថា អ្នកជំនាន់ក្រោយ​រស់នៅ​បាន​ដោយសារ​សមិទ្ធផល​របស់​អ្នកមុន នេះ​ជា​បំណង​យើងទាំងអស់គ្នា​បាន​ទទួល​នូវ​ភោគផល​ដែល​ដូនតា​យើង​បន្សល់​ទុក​មក មាន​ប្រាង្គ​ប្រាសាទ មាន​សម្បត្តិ​ធម្មជាតិ​។ ដូច្នេះ ជា​ភារកិច្ច​របស់​យើង​ថែរក្សា ក៏​មាន​ភារកិច្ច​នឹង​បន្ត​បង្កើត​នូវ​អ្វី​សម្រាប់​ទុក​ឱ្យ​អ្នកជំនាន់ក្រោយ​ដែរ​។​

​លោក ចាន់ រដ្ឋា អគ្គនាយក​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូឌា ភីអិលស៊ី មានប្រសាសន៍ថា ថ្ងៃនេះ គឺជា​ពេលវេលា​ដ៏​វិសេសវិសាល​ណាស់ ដែល​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ មាន​កិត្តិយស និង​មោទកភាព​ដោយ​ទទួលបាន​ការអនុញ្ញាត និង​គាំទ្រ​ពី​អាជ្ញាធរ​ជាតិ​អប្សរា លើ​គម្រោង​សហប្រតិបត្តិការ «​ឧទ្យាន​សហគមន៍​អង្គរ​-​មេ​នូ​ឡាយ​ហ្វ៍​»​។

​តាមរយៈ​គម្រោង​នេះ និង​ការ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ដ៏​មាន​តម្លៃ​សម្រាប់​មនុស្សជាតិ ក៏​ដូច​ជា​កូនចៅ​ជំនាន់​ក្រោយ​។ ស្របពេល​ជាមួយគ្នានេះ ក៏​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​តាមរយៈ​ការបង្កើត​ប្រាក់ចំណូល និង​ឱកាស​ការងារ​សម្រាប់​ស​ហគ​មន៍​មូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ និង​ប្រកបការងារ​នៅទីនេះ​ផ្ទាល់​តែម្ដង​។

​ទិសដៅ​នេះ​បាន​ដើរ​ស្របគ្នា​យ៉ាង​ល្អឥតខ្ចោះ​ទៅនឹង​យុទ្ធនាការ​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ជា​សកល (Manulife Impact Agenda) ក្នុង​ការកសាង​ជីវិត​ប្រកប​ដោយ​សុខភាព​ល្អ ភាពរឹងមាំ​យូរអង្វែង និង​កាន់តែ​ប្រសើរ​ជូន​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​ដែល​យើង​មាន​ប្រតិបត្តិការ​អាជីវកម្ម រួម​ទាំង​ប្រទេស​កម្ពុជា​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *