- ព័ត៌មានជាតិ

​រដ្ឋបាល​ខេត្ត​កណ្ដាល ជំរុញ​ឱ្យ​អាជ្ញាធរ​ផ្សព្វផ្សាយ​ឱ្យបាន​លឿន នៃ​ការកែសម្រួល​ទំហំ​ប្រាក់ឧបត្ថម្ភ សម្រាប់​កម្មវិធី​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩

ខេត្ត​កណ្តាល​៖ លោកជំទាវ ហ៊ុន កុស​នី អភិបាលរង​ខេត្ត​កណ្ដាល បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ក្រុង​-​ស្រុក មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ ផ្សព្វផ្សាយ​ឱ្យបាន​ឆាប់រហ័ស នៃ​ការកែសម្រួល​ទំហំ​ប្រាក់ឧបត្ថម្ភ សម្រាប់​កម្មវិធី​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩​។​

​ការជំរុញ​នេះ​ធ្វើឡើង ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ការកែសម្រួល​ទំហំ​ប្រាក់ឧបត្ថម្ភ សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ នៅ រសៀល​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៤ ដោយ​មាន​ការចូលរួម​ពី​លោកជំទាវ នួន នារតី ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត អភិបាលក្រុង​-​ស្រុក និង​លោក លោកស្រី មេឃុំ ចៅសង្កាត់ រួមទាំង​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ ជាច្រើនរូប នៅ​សាលប្រជុំ​ខេត្ត​កណ្ដាល​។​

​លោកជំទាវ ហ៊ុន កុស​នី បានបញ្ជាក់​ថា គោលបំណង​នៃ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ការកែសម្រួល​អនុក្រឹត្យ​លេខ​៨៨ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០ ស្តីពី​ការអនុវត្ត​កម្ម វិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ និង​ទំហំ​ប្រាក់ឧបត្ថម្ភ​ថ្មី ដល់​មន្ទីរ​ពាក់ព័ន្ធ រដ្ឋបាល​ក្រុង​-​ស្រុក និង​អាជ្ញាធរ​ឃុំ​-​សង្កាត់ ដើម្បី​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ទទួល​ផល​ពី​កម្មវិធី​នេះ​ឱ្យ​យល់ច្បាស់​ពី​ទំហំ​ប្រាក់ឧបត្ថម្ភ​ថ្មី​នេះ កុំឱ្យ​មាន​ការយល់ច្រឡំ​ណាមួយ​កើតឡើង​។​

​លោកជំទាវ​អភិបាលរង​ខេត្ត បាន​បន្តថា ដោយ​ផ្អែក​លើ​ភាពប្រសើរ​ឡើង​នូវ​ស្ថានភាព​នៃ​ជំងឺ​កូវី​ដ​១៩ និង​ការដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយ​សង្គម ក្នុង​កញ្ចប់​គ្រួសារ ដែល​ជា​កម្មវិធី​ជំនួយ​សង្គម​មាន​លក្ខណៈ​អចិន្ត្រៃយ៍ និង​ប្រក្រតី ហើយ​គ្រោង​នឹង​ដាក់​ឱ្យ​អនុវត្ត​នៅក្នុង​ខែ​មេសា ឆ្នាំ​២០២៤ ដើម្បី​បន្ត​ការគាំទ្រ​ដល់​គ្រួសារ​មាន​បណ្ណ​សមធម៌ និង​ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​ចាកចេញ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​អនុក្រឹត្យ​លេខ​៣៧១ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៣ ស្តីពី​ការកែសម្រួល​អនុក្រឹត្យ​លេខ​៨៨ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០ ស្តីពី​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ ដោយ​ផ្តល់​ប្រាក់​ឧបត្ថម្ភ ចាប់ពី​ខែ​មករា រហូតដល់​ខែ​មីនា ឆ្នាំ​២០២៤ តាម​ទំហំ​ប្រាក់ឧបត្ថម្ភ​ថ្មី ដែល​ប្រាក់ឧបត្ថម្ភ​ក្នុង​ទំហំ​ថ្មី​នេះ គឺ​ត្រូវបាន​បែ​ង ចែក​ទៅតាម​ប្រភេទ​បណ្ណ​សមធម៌ និង​កម្រិត​នៃ​ភាពក្រីក្រ​ដដែល ប៉ុន្តែ​បាន​បញ្ឈប់​ការឧបត្ថម្ភ​លើ​ចំនួន​សមាជិក​គ្រួសារ ដោយ​រក្សា​ទុក​នូវ​អត្រា​ឧបត្ថម្ភ​សម្រាប់​លក្ខខណ្ឌ​ផ្សេងទៀត​ឱ្យ​នៅ​ដដែល​។​

​លោក លី សុខ​ធី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ន​ខេត្ត បានឱ្យដឹងថា កម្មវិធី​ជាតិ​ជំនួយ​សង្គម​របស់​រាជ​រដ្ឋាភិបាល​ដែល​សម្រេចបាន រយៈពេល​១​ឆ្នាំ​កន្លងមក​ក្នុង​ខេត្តកណ្តាល​រួមមាន ៖
១/​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ អ្នកទទួលផល​ចុះឈ្មោះ​ចំនួន​២,៥៤៧​នាក់ ស្មើ​ទឹកប្រាក់​ចំនួន ១.៥៧០.៦០០.០០០​រៀល​។​
២/​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​អំឡុង​ពេល​កូវី​ដ​-១៩ គ្រួសារ​ទទួល ផល​បើកប្រាក់​សរុប​ចំនួន ៣៦.០៤៤​គ្រួសារ ក្នុងនោះ​ក្រីក្រ​កម្រិត​១ ចំនួន​១២.៣០៨​គ្រួសារ និង​ក្រីក្រ កម្រិត​២ ចំនួន​២៣.៧៣៦​គ្រួសារ ប្រាក់​ឧបត្ថម្ភ​សរុប​ចំនួន ៧០.៦៥២.២១២.០០០​រៀល​។
៣/​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហា​នី​ភ័យ ក្នុងពេល​មាន​សម្ពាធ​អតិផរណា សរុប ចំនួន ៣២.០៤៦ គ្រួសារ សរុប​ទឹកប្រាក់ ៦.៥១៣.៤៩៣.៧០០​រៀល ។
៤/​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហា​នី​ភ័យ រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​គ្រោះ​ទឹក ជំនន់ សរុប​ចំនួន​៤.៣០០​គ្រួសារ សរុប​ទឹកប្រាក់​ចំនួន​៦៦៥.១៦៨.០០០​រៀល​។​

 

Leave a Reply

Your email address will not be published. Required fields are marked *