នៅថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ ទទួលបន្ទុកពង្រឹងគុណភាពសេវាថែទាំមន្ទីរពេទ្យសាធារណៈ និងឯកជន និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំលើកទីមួយ របស់គណៈកម្មការលើកកម្ពស់គុណភាព ថែទាំ និងសុវត្ថិភាពអ្នកជំងឺ។
ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីពេទ្យ និងមានសមាជិក ចូលរួមចំនួន ២៥រូបជាប្រធានថែទាំ មកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគុន្ធបុប្ផា មន្ទីរពេទ្យរ៉ូយ៉ាលភ្នំពេញ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យពុទ្ធសាស្ត្រ សាកលវិទ្យាល័យអន្តរជាតិ មន្ទីរពេទ្យខេត្តកំពត ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តស្វាយរៀង គណៈគិលានុបដ្ឋាកកម្ពុជា សមាគមគិលានុបដ្ឋាក និងអង្គការfhi360។
ក្នុងឱកាសនោះ លោកជំទាវសាស្ត្រាចារ្យ បានផ្សព្វផ្សាយពីបញ្ហាប្រឈមដែល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបង្ហាញក្នុង១៧ចំណុចដែលគ្រឹះស្ថានព្យាបាលថែទាំសុខភាពត្រូវចាប់អនុវត្ត។ លោកជំទាវសាស្ត្រាចារ្យអំពាវនាវដល់សមាជិកគណៈកម្មការជាតិលើកកម្ពស់ គុណភាព និងសុវត្ថិភាពអ្នកជំងឺទាំងអស់ ត្រូវធ្វើកិច្ចបន្តទៀត យកគំរូ PDIA ដើម្បីបំបែកបញ្ហាស៊ីជម្រៅពីកត្តាដែលការថែទាំ មិនទាន់បានប្រសើរនៅឡើយ ពាក់ព័ន្ធទៅនឹងចំណុចទាំង១៧ចំណុចឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកជំទាវសាស្ត្រាចារ្យ សំណូមពរដល់សមាជិកបន្តចូលរួមគាំទ្រផ្នែកថែទាំឱ្យកាន់តែប្រសើរឡើង ដែលជាអាទិភាពរបស់ក្រសួងសុខាភិបាលដោយផ្តោតលើ៖
១) ការបំពេញឯកសារថែទាំឲ្យបានត្រឹមត្រូវ
២) ការអនុវត្តប្រកបដោយសីលធម៌
៣) ពង្រឹងភាពជាអ្នកដឹកនាំត្រូវរៀបចំឱ្យមានរចនាសម្ព័ន្ធ ថែទាំ មានប្រធានថែទាំ
៤) ការពង្រឹងការងារស្រាវជ្រាវ និងអនុវត្តដោយផ្អែកលើភស្តុតាង
៥) រៀបចំផែនការ សម្រាប់អនុវត្តប្រចាំឆ្នាំ ដើម្បីពង្រឹងការងារថែទាំ
៦) អនុវត្តតាមគំរូនៃការថែទាំដូចជា:
⁃ ដំណើរការថែទាំ (nursing process)
⁃ ការថែទាំទាំងស្រុង (Holistic care)
⁃ ការថែទាំផ្តោតលើអ្នកជំងឺ (patient-centered care)
៧) គាំទ្រដល់ការអនុវត្តតាមស្តង់ដារទទួលស្គាល់គុណភាព នៃមន្ទីរពេទ្យកម្ពុជា (CHAS) និងស្តង់ដារទទួលស្គាល់គុណភាព នៃមណ្ឌលសុខភាពកម្ពុជា (CHCAS) ដើម្បីធានាថាគុណភាពសេវាថែទាំត្រូវបានផ្តល់ជូនអ្នកជំងឺទាំងអស់។
ជាចុងក្រោយ លោកជំទាវសាស្ត្រាចារ្យ បានដាក់ជូនទិសដៅអនុវត្តបន្ត :
១) ផ្ញើរបាយការណ៍ ដាក់ចូលក្នុងគ្រុបក្រុមការងារ
២) សមាជិកត្រូវផ្សព្វផ្សាយ រាល់កិច្ចប្រជុំ ដែលបានលើកឡើងទៅប្រធានមន្ទីរពេទ្យ និងគិលានុបដ្ឋាកក្រោមឱវាទ
៣) ចាប់ផ្តើមពីការបណ្តុះបណ្តាល ពីផ្នែករបស់ខ្លួនឲ្យមានគុណភាព
៤) ត្រូវប្រាប់ការងារ និងផែនការរបស់គណៈកម្មាធិការ ជម្រាបប្រធានមន្ទីរពេទ្យរបស់ខ្លួន។






