- ព័ត៌មានជាតិ

អភិបាលខេត្ត​កណ្ដាល​ចុះ​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះ​រាំងស្ងួត និង​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង ចំនួន​១៨៩៣ ហិតា ដែល​ប្រឈម​ការខ្វះ​ទឹក​ស្រោចស្រព នៅ​ស្រុក​កណ្ដាលស្ទឹង​

​ខេត្ត​កណ្ដាល​៖ ផ្ទៃដី​ស្រូវប្រាំង​ចំនួន​១៨៩៣ ហិតា ដែល​ប្រឈម​ការខ្វះ​ទឹក​ស្រោចស្រព ត្រូវបាន​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​បញ្ជា​ឱ្យ​គ្រប់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បូមទឹក​ដើម្បី​ស្រោចស្រព​ជូន​ដល់​ប្រជា​កសិករ​ដែល​កំពុង​ប្រឈម​ការខ្វះខាត​ទឹក នៅ​ស្រុក​កណ្ដាលស្ទឹង ឱ្យបាន​គ្រប់គ្រាន់​។

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បែបនេះ ក្នុងឱកាស​ដែល​ឯកឧត្តម អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះរាំងស្ងួត និង​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង ស្ថិតក្នុង​ឃុំ​ដើម​ឬ​ស ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២៤​។

​ឯកឧត្តម​អភិបាលខេត្ត បន្តថា​៖ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត មន្ទីរ​ធនធានទឹក ព្រម​ទាំង​អាជ្ញាធរ​ស្រុក​កណ្ដាលស្ទឹង និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​បូមទឹក​ស្រោចស្រព​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​គ្រប់គ្រាន់ ដោយ​មិន​ត្រូវឱ្យ​ស្រែ​របស់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ខ្វះខាត​ទឹក​ស្រោចស្រព​ឡើយ​។

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​មន្ទីរ​ធនធានទឹក​ខេត្ត ត្រូវ​ធ្វើ​ការសិក្សា​ស្ដារ​ប្រឡាយ ស្ទឹង អូរ ដែល​មាន​ភូមិសាស្ត្រ​នៅក្នុង​ស្រុក​កណ្ដាលស្ទឹង ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ និង​បញ្ជៀ​ស​នៅ​ការខ្វះខាត​ទឹក​ប្រើប្រាស់​នា​ឆ្នាំ​បន្តបន្ទាប់​។

​លោក អ៊ូច សៅ​វឿន អភិបាលស្រុក​កណ្ដាលស្ទឹង បានអោយដឹងថា​៖ ក្នុង​ស្រុក​កណ្ដាលស្ទឹង ប្រជាពលរដ្ឋ​ដែល​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​សរុប ៣ ២៦០ គ្រួសារ ស្មើនឹង​២ ០៨៣ ហិកតា ហើយ​បច្ចុប្បន្ន​ផ្ទៃដី ដែល​ប្រឈម​ខ្វះ​ខា​ទឹក ដើម្បី​ស្រោចស្រព​ចំនួន ១ ៨៩៣ ហិកតា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កំពុង​តែ​បូម​បញ្ចូល​ទឹក​ដាក់​ក្នុង​ស្រែ​ដោយ​មិន​ទាន់​មាន​ស្រូវ​ខូចខាត​នៅ ឡើយ​ទេ​។​

Leave a Reply

Your email address will not be published. Required fields are marked *