ខេត្តកណ្ដាល៖ រសៀលថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីទទួលអំណោយមនុស្សធម៌ពីមន្ទីរអង្គភាពជុំវិញខេត្ត ក្រុង-ស្រុកទាំង១៣ក្នុងឱកាសខួបលើកទី១៦០ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២៤ នៅសាខាកាកបាទក្រហមខេត្តកណ្តាល។
ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត និងសូមសម្តែងនូវការកោតសរសើរ ពីសន្តានចិត្តដ៏សប្បុរសធម៌ ថ្លៃថ្លា របស់លោក លោកស្រី តាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ក្រុង-ស្រុកទាំង១៣ ដែលបានបរិច្ចាកទ្រព្យសម្បត្តិ និងសម្ភារៈ ក្នុងការចូលរួមការងារមនុស្សធម៌តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនាឱកាសនេះ។
ឯកឧត្ដមបានបញ្ចាក់ថា៖ សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឱ្យឃើញនូវវប្បធម៌នៃការចែករំលែក និងចូលរួមចំណែក ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយ មហន្ដរាយ ផ្សេងៗបានទាន់ពេលវេលា។
ឯកឧត្ដម គង់ សោភ័ណ្ឌ ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសន្យាថា នឹងនាំយកអំណោយទាំងអស់នេះ ជូនដល់ដៃប្រជាពលរដ្ឋ ដើម្បីជួយសម្រាលការលំបាកជូនបងប្អូនជាជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយ៍ផ្សេងៗនៅគ្រប់ទីកន្លែង គ្រប់សហគមន៍ នៅក្នុងខេត្តកណ្ដាល អោយបានទាន់ពេលវេលា ដោយគ្មានការរើសអើងចំពោះជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយឡើង សាខាកាកបាទក្រហមកម្ពុជាខេត្តនឹងប្រើប្រាស់នូវសម្ភារៈ និងថវិកាដែលបានទទួលនៅពេលនេះឱ្យចំគោលដៅ។
នាឱកាសនោះដែរ ឯកឧត្តម ក៏បាន អំពាវនាវ ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង បងប្អូន សប្បុរសជន ទាំងអស់ សូមបន្ត ជួយឧបត្ថម្ភ គាំទ្រ សាខា កាកបាទក្រហម កម្ពុជា ខេត្តកណ្ដាលបន្តទៀត ដើម្បី សាខា មាន ធនធាន ថវិកា សម្ភារៈ យកមក ធ្វើការ ចែកជូន ដល់ ប្រជា ពល រដ្ឋ រងគ្រោះ ដោយ គ្រោះធម្មជាតិ ឬ គ្រោះ មហន្តរាយ នានា បាន ទាន់ពេលវេលា៕







