ខេត្តកំពង់ស្ពឺ ៖ពិធីបើកកិច្ចប្រជុំឆមាសទី 1 ថ្ងៃទី 14 ខែសីហា ឆ្នាំ 2019ក្រោមអធិបតីភាព ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី1 ឆ្នាំ2019 របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលើកទិសដៅការងារបន្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម វ៉ី សំណាង អភិបាលនៃ គណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្ដម លោកជំទាវ ក្រុមការងារចុះមូលដ្ឋាន ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរង ក្រុង/ស្រុក ទាំង8 ដែលប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ស្ពឺ ។
ក្នុងឱកាសនោះ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានរាយការណ៍អំពីលទ្ធផលការងារសំខាន់ៗដែលក្រុមការងារសម្រេចអនុវត្តបានតាមរយៈការចុះរៀបចំវេទិកាសាធារណៈនៅក្នុងមូលដ្ឋានក្រុង ស្រុកនាឆមាសទី1 ឆ្នាំ2019នេះ បែកចែកជា ៥វិស័យ រួមមាន៖ វិស័យរដ្ឋបាលសាធារណៈ វិស័យដីធ្លី វិស័យសង្គមកិច្ច វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសណ្ដាប់ធ្នាប់សាធារណៈ ជាលទ្ធផលក្រុមការងារទទួលបាននូវបញ្ហាប្រឈមចំនួន78 បានឆ្លើយដោះស្រាយចំនួន61 និងបន្ដដោះស្រាយចំនួន17 ។ ពាក់ព័ន្ធនឹងសំណើឬសំណូរពររបស់ប្រជាពលរដ្ឋមានចំនួន46 បានឆ្លើយតបនឹងសំណូមពរចំនួន27 និងកំពុងបន្ដពិនិត្យដោះស្រាយចំនួន19សំណូមពរតាមដំណាក់កាលជាក់ស្ដែងជាបន្ដទៀត ។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ថា ដើម្បីពង្រឹងការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងសម្រេចឲ្យបានជោគជ័យយើងត្រូវប្រឹងប្រែងរួមគ្នាបំពេញកិច្ចការសំខាន់ៗមួយចំនួនដូចតទៅ ៖
1.ត្រូវផ្សារភ្ជាប់រវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីនយោបាយ យុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី4 ផែនការយុទ្ធសាស្ដ្រ អភិវឌ្ឍន៍ជាតិ គោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងកម្មវិធីកំណែទម្រង់តាមវិស័យ
2.លើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញការងារតាមរយៈការត្រួតពិនិត្យតាមដាន និងការគាំទ្រអនុវត្តកម្មវិធី គម្រោង ផែនការសកម្មភាពនៅតាមមូលដ្ឋាន
3.សហការជំរុញ និងលើកកម្ពស់គណនេយ្យភាពរបស់ក្រសួង ស្ថាប័ន និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្ដល់សេវាសាធារណៈនិងការអភិវឌ្ឍនៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាព
4.សហការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន និងការចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ តាមគ្រួសារ ដើម្បីស្ដាប់ក្ដីទុក្ខកង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្តទុកដាក់ជំរុញការដោះស្រាយនូវរាល់ក្ដីកង្វល់ សំណូមពរ និងសំណើទាំងនោះ ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ។ ក្នុងករណីមិនអាចដោះស្រាយបាន ក្រុមការងារត្រូវបូកសរុប និងធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល ។ ត្រូវយកចិត្តទុកដាក់អំពីស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន
5.សហការដោះស្រាយបញ្ហាប្រឈម និងការលំបាកនានា របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន
6.កៀរគរធនធានប្រភពនានាដើម្បីចូលរួមក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍន៍មូលដ្ឋានឲ្យមានប្រសិទ្ធភាពកាន់តែប្រសើឡើងជាលំដាប់៕
ដោយ ៖ អ៊ុំ ចិត្ត្រា






