- ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភ​ក្ត្រា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តក្រចេះ​ដឹកនាំ​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ នៅ​មណ្ឌល​ភូមិភាគ​ទី​៨ .១១.០២.២០២៤

«​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​បោះឆ្នោត​ជូន​ខ្លួនឯង និង​បោះឆ្នោត​ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​»​។ នេះ​ជា​ការអំពាវនាវ​របស់​ឯកឧត្តម នេត្រ ភ​ក្ត្រា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ក្នុង​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ឆ្នាំ​២០២៤ ក្នុង​ខេត្ត​ក្រចេះ​ស្ថិត​ក្នុង​មណ្ឌល​ភូមិភាគ​៨ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​អង្គ​បោះឆ្នោត និង​ថ្នាក់ដឹកនាំ​សរុប​ជាង ៣០០ នាក់​។ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ជា​គណបក្ស​នយោបាយ​តែមួយគត់​ដែល​បាន​ដើរតួនាទី​ស្នូល​ក្នុង​សង្គ្រោះ​ជាតិ នាំយក​សុខ​សន្តិភាព​ពេញលេញ និង​អភិវឌ្ឍ​ជាតិ​ឱ្យ​រីកចម្រើន​ដូច​សព្វថ្ងៃនេះ ហើយ​គ្មាន​គណបក្ស​ណាមួយ​អាច​មក​ជំនួស​តួនាទី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឡើយ​។

​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​តាម​ការបញ្ជាក់​របស់​ឯកឧត្តម នេត្រ ភ​ក្ត្រា ដកស្រង់​សារ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​, រយៈពេល ៤៥ ឆ្នាំ​មកនេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​នូវ​ជំនឿ​ទុកចិត្ត ការជឿជាក់ និង​គាំទ្រ​យ៉ាងរឹងមាំ​ពី​ប្រជាពលរដ្ឋ និង​បាន​ធ្វើឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បំពេញ​បេសកកម្ម​បម្រើ​ជាតិ​ប្រកបដោយ​ជោគជ័យ តាំងពី​ដំណាក់កាល​សង្គ្រោះ​ជាតិ​ពី​របប​ប្រល័យ​ពូជសាសន៍​រហូតមក សម្រេច​បាន​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​យ៉ាងច្រើន​ជូន​ជាតិ​។ បច្ចុប្បន្ន ប្រជាជន​កម្ពុជា​កំពុង​រស់នៅ​យ៉ាង​សុខដុមរមនា​ក្រោម​ម្លប់​នៃ​សុខសន្តិភាព និង​ការឯកភាព​ជាតិ ហើយ​កំពុង​ឈាន​ទៅ​មុខ​យ៉ាង​ស្វាហាប់​ដោយ​ក្តី​សង្ឃឹម​លើ​មាគ៌ា​ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​។ ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ជម្រាបជូន​អង្គ​បោះឆ្នោត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ទោះ​ក្នុង​កាលៈ​ណាក៏ដោយ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បង្កើតឡើង​ដោយ​ប្រជាជន ដើម្បី​ប្រជាជន​និង​សម្រាប់​ប្រជាជន នៅ​រួមរស់​ជាមួយ​ប្រជាជន និង​បម្រើ​ផលប្រយោជន៍​ប្រជាជន​ជានិច្ច​។

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ដែល​អាន​ដោយ​ឯកឧត្តម វ៉ា ថន ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត​ក្រចេះ​, ខេត្តក្រចេះ​មាន​មាន​សមាជិ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​សរុប​ចំនួន ៣០០ រូប​ក្នុងនោះ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជា​អង្គ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន ២៤៤ នាក់​និង​សមាជិក​រដ្ឋសភា​ចំនួន ៣ នាក់​សរុប ២៤៧ រូប​។ សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សតិអារម្មណ៍​ល្អ មាន​គោលជំហរ​ស្មោះត្រង់ មាន​សាមគ្គីភាព​ផ្ទៃក្នុង​រឹងមាំ ហើយ​ប្តេជ្ញាចិត្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​១ នៅលើ​សន្លឹក​ឆ្នោត​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ​ខាង​មុខ​ដើម្បី​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ដឹកនាំ​ស្ថាប័ន​ព្រឹទ្ធសភា​បន្តទៀត​។ គួរបញ្ជាក់​ថា​ភូមិភាគ​ទី​៨ មាន​អាសនៈ​ចំនួន ៦ និង​បណ្តុះ​ខេត្ត​ចំនួន ៦ រួម​មាន​ខេត្តក្រចេះ ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី​។

​ឯកឧត្តម នេត្រ ភ​ក្ត្រា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បាន​ថ្លែងថា​បោះឆ្នោត​ព្រឹទ្ធសភា​ជា​ការបោះឆ្នោត​អសកល ប៉ុន្តែ​ពិតជា​មាន​សារៈសំខាន់​ដ៏​ធំធេង និង​ជា​ការពង្រឹង​ដំណើរការ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា​។ ឯកឧត្តម​បាន​អំពាវនាវ​ដល់​អង្គ​បោះឆ្នោត​ទាំងអស់ បោះឆ្នោត​ជូន​គណបក្ស​ប្រជ​ជន​កម្ពុជា​ដើម្បី​សម្តេច​តេជោ ហ៊ុន សែន ធ្វើជា​ប្រធាន​ព្រឹទ្ធសភា​។ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​រួច​ហើយ​ឈរឈ្មោះ​ជា​បេក្ខភាព​សម្រាប់​ប្រធានព្រឹទ្ធសភា​នាពេលខាងមុខ​។ ឯកឧត្តម​ក៏បាន​ជម្រាប​ជូន​អង្គ​បោះឆ្នោត​ពី​គោលនយោបាយ​អាទិភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​ប្រទេស និង​គោលការណ៍​គ្រឹះ​នៃ​ការអភិវឌ្ឍ​ឃុំ​សង្កាត់​។

​ជាមួយគ្នានេះ ឯកឧត្តម​ប្រធាន​ក្រុមការងារ​គណបក្ស​បាន​ស្នើ​ដល់​អង្គ​បោះឆ្នោត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​របស់​ខ្លួន ពិនិត្យ​ឯកសារ​សម្រាប់​ការបោះឆ្នោត តាមដាន​ប្រតិទិន​ពាក់ព័ន្ធ​នឹង​ការបោះ​ឆ្នោត​ឱ្យ​បាន​ជាប់​ជាប្រចាំ និង​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​បទបញ្ញត្តិ​ច្បាប់​នានា ពាក់ព័ន្ធ​ទៅនឹង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ផងដែរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *