- ព័ត៌មានជាតិ

​អ្នកភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ចាប់​ត្រី​ត្រៀម​ឡើង​មាឃ​តាម​ទំនៀម​បុរាណ​មិន​ដែល​ខកខាន​.១២.០២.២០២៤

ប្រាសាទបាគង​.​សៀមរាប ៖ រមណីយដ្ឋាន​អង្គរ ប្រមូលផ្តុំ​ទៅដោយ​បេតិកភណ្ឌ​រស់ ដែល​សម្បូ​រទាំង​មរតក​អរូបី និង​រូបី​ជាច្រើន ហើយ​ត្រូវបាន​អ្នកស្រុក​អង្គរ​បន្ត​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​រហូតមក​ដល់​បច្ចុប្បន្ន​។ ជាក់ស្តែង​ជា​រៀងរាល់ឆ្នាំ ក្រោយពេល​ប្រមូល​ផល​ស្រូវ​រួចរាល់ ឱ្យ​តែ​មក​ដល់​ខែ​មាឃ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប តែងតែ​នាំ​គ្នា​ប្រារព្ធ​ពិធី​ចាប់​ត្រី​រួម​មិន​ដែល​ខកខាន​ជា​លក្ខណៈ​សហគមន៍ គឺ​សម្រាប់​តែ​សមាជិក​ក្នុង​ភូមិ​បង្កោង​តែប៉ុណ្ណោះ ដើម្បី​ត្រៀម​រៀបចំ​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា​នៅ​ថ្ងៃ​បន្ទាប់ តាម​ទំនៀមទម្លាប់​ពី​បុរាណ​មក​។​

​ការចាប់​ត្រី​រួមគ្នា​ធ្វើ​ឡើង​នៅ​ត្រពាំង​ធំ​មួយ​ដែល​ជា​ត្រពាំង​បុរាណ មានទឹក​ខួបប្រាំងខួបវស្សា អ្នកភូមិ​បាន​អភិរក្ស​ទុក ការពារ​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​ចូល​មក​នេសាទ​ផ្តេសផ្តាស់​ខុស​ពី​ខែមាឃ​នេះឡើយ លុះត្រាតែ​មាន​ការសម្រេច​គ្នា​ពី​គណៈកម្មការ​រៀបចំ​បុណ្យ​ជា​មុន ហើយ​កំណត់​ថ្ងៃ​នេសាទ​រួម ទើប​អ្នកភូមិ​អាច​ទៅ​រក​ចាប់បាន​។ ប៉ុន្តែ​ត្រូវ​តែ​ប្រើ​ឧបករណ៍​នេសាទ​បុរាណ រួម​មាន​សំណាញ់ អង្រុត ឈ្នាង ជាដើម​។​

​លោក ពេជ្រ ឃិន មេភូមិ​បង្កោង​មានប្រសាសន៍ថា ត្រី​ដែល​ចាប់បាន​នោះ មួយ​ផ្នែក​ទុក​រួម​សម្រាប់​ធ្វើ​ម្ហូប​ជា​លក្ខណៈ​គ្រួសារ​រៀងៗ​ខ្លួន មួយ​ផ្នែក​ទៀត​ទុក​សម្រាប់​ធ្វើ​ទឹក​នំ​បញ្ចុក ម្ហូបអាហារ និង​ចង្ហាន់​ជាដើម សម្រាប់​ប្រគេន​ព្រះសង្ឃ នៅ​ថ្ងៃ​ធ្វើ​កិច្ច​ពិធី​ឡើង​មាឃ ឬ​បុណ្យ​ឡើងអ្នកតា​នៅ​សាលាឆាន់​ក្នុងភូមិ​តាម​ទំនៀម​បុរាណ​មិន​ដែល​ខកខាន​៕

Leave a Reply

Your email address will not be published. Required fields are marked *