- ព័ត៌មានជាតិ

មូលនិធិ​ប្រាសាទ​ពិភពលោក​កំពុង​បន្ត​គម្រោង​ជួសជុល​ជណ្តើរ និង​ជញ្ជាំង​ផ្នែក​ខាងត្បូង​របស់​ប្រាសាទភ្នំ​បាខែង

​មូលនិធិ​ប្រាសាទ​ពិភពលោក​(World Monument Fund) របស់​សហរដ្ឋអាមេរិក​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​បន្ត​ជួសជុល​ជណ្ដើរ និង​ជញ្ជាំង​ផ្នែក​ខាងត្បូង​របស់​ប្រាសាទភ្នំបាខែង​បន្ថែមទៀត បន្ទាប់ពី​បាន​បញ្ចប់​ការជួសជុល​រចនា​សម្ពន្ធ​ជណ្តើរ និង​ជញ្ជាំង​ផ្នែក​ខាងកើត និង​ខាងជើង​រួចរាល់​មក​។​

​ស្ថាបត្យក​រ និង​ជា​អ្នកសម្របសម្រួល​គម្រោង​របស់​មូលនិធិ​ប្រាសាទ​ពិភពលោក អ្នកស្រី ជាម ផល្លី មានប្រសាសន៍ថា ការជួសជុលរ​ចនាស​ម្ព​ន្ធ​ជណ្តើរ និង​ជញ្ជាំង​ផ្នែក​ខាងត្បូង​របស់​ប្រាសាទភ្នំបាខែង​នេះ សម្រេចបាន​ចំនួន​៥០%​ហើយ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​ធ្នូ ឆ្នាំ​២០២៧​ខាងមុខ​។​

​អ្នកស្រី ផល្លី ឱ្យដឹងទៀតថា ប្រាសាទភ្នំ​បាខែង មិន​ខុស​ពី​ប្រាសាទ​ដទៃ​ទៀត​ទេ គឺ​រង​ការខូចខាត​ដោយសារ​កត្តា​អាយុកាល ឫស​ឈើ​ដុះ​ចាក់ អាកាសធាតុ និង​ទឹក​ហូរ​ច្រោះ​បណ្ដាល​ឱ្យ​រចនា​សម្ពន្ធ​ប្រាសាទ​ខូចខាត ទ្រេត និង​រលំ​។ ជណ្តើរ​ខាងត្បូង និង​ជញ្ជាំង​រួត​ផ្នែក​ខាង​លិច​នៅ​ផ្នែក​ពាក់កណ្តាល​ពីរ៉ាមីត​នៃ​ប្រាសាទភ្នំ​បាខែង ក៏​កំពុងតែ​ក្រៀក​ថ្ម រលោះ និង​ហែក​ទាំង​ក្បាល​ជណ្តើរ កាំជណ្តើរ និង​ជញ្ជាំង​។​
​ក្រុមបច្ចេកទេស កំពុងតែ​រុះរើ​ជណ្តើរ រួច​បុក​បង្ហាប់ បន្ថែម​គ្រឹះ​ថ្មី ដើម្បី​រៀបចំ​ជួសជុល​វា​ឡើង​វិញ ចំណែកឯ​ជញ្ជាំង ត្រូវ​ពង្រឹង​ឱ្យ​រឹងមាំ​ឱ្យស្រប​តាម​ធម្មនុញ្ញ​អង្គរ ដែល​បាន​កំណត់ដោយ​គណៈកម្មាធិកា​រ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ​។​

​ប្រាសាទភ្នំបាខែង​កសាង​ឡើង​ពី​ការ​កាត់​ថ្មភ្នំ​ធម្មជាតិ ធ្វើ​ឱ្យ​ទៅ​រាង​ពីរ៉ាមីត ដោយ​បន្ថែម​ថ្ម​បាយក្រៀម ថ្ម​ភក់ ដី និង​រូបចម្លាក់​ផ្សេងៗ ដើម្បី​កសាង​ជា​ប្រាសាទភ្នំ​។
​ប្រាសាទ​នេះ ស្ថិត​នៅ​ចំ​កណ្តាល​ទីក្រុង​យ​សោធ​របុរៈ នា​ឆ្នាំ​៩០៧ នៃ​គ្រឹស្តសករាជ ក្នុង​រាជ​កាល​ព្រះបាទ​យ​សោ​វរ្ម័នទី​១ នៅ​ចន្លោះ​ប្រាសាទ​បាយ័ន និង​ប្រាសាទ​អង្គរវត្ត​៕

Leave a Reply

Your email address will not be published. Required fields are marked *