ខេត្តកណ្ដាល៖ លោកប្រាក់សារ៉ាត់អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង អភិបាលរងស្រុកកណ្ដាលស្ទឹង នៅព្រឹកថ្ងៃទី ១៣.គម្ភៈ ២០២៤ថា សូម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងទាំងបីស្ថាប័នន នឹងរដ្ឋបាលស្រុកកណ្ដាលស្ទឹង ទាំងអស់ មេត្តាបន្តការយកចិត្តទុកដាក់ រឹតបន្តឹងអំពីរបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដោយត្រូវប្រកាន់យកនូវគោលការណ៍ បីជាសំខាន់គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយគោរពទៅតាមតម្លៃសេវាដែលកំណត់នៅក្នុងច្បាប់។
លោកប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាលបានមានប្រសាសន៍លើកឡើងបន្តទៀតថា ថា៖ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សូមផ្តល់ការគាំទ្រ និងរួមសហការជាមួយលោក លោកស្រីជា អភិបាលរង ដែលទទួលការតែងតាំងថ្មី និងបន្តអាណត្តិទី២ បន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវ បទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង ការជួញដូរមនុស្ស បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈ ៧យ៉ាង របស់រាជរដ្ឋាភិបាល ឱ្យបានល្អប្រសើរ ដើម្បីរួមគ្នា ថែរក្សា ការពារ សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងខិតខំរួមសាមគ្គីគ្នាធ្វើការអភិវឌ្ឍស្រុកកណ្ដាលស្ទឹងឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។ ជាមួយគ្នានេះដែរ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ ដោយត្រូវប្រកាន់យកនូវគោលការណ៍ បីជាសំខាន់គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយគោរពទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។ ត្រូវបន្តពង្រឹង និងកែលម្អការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ នៅរដ្ឋបាលស្រុក ដែលទើបត្រូវបានកែសម្រួលបែបបទ និងនីតិវិធីនៃការផ្តល់សេវាស្របតាមរចនាសម្ព័ន្ធ និងមុខងារថ្មី ដោយត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។ លើសពីនេះទៀត រដ្ឋបាលស្រុកត្រូវជំរុញ និងគាំទ្រការងាររៀបចំដាក់ឱ្យដំណើរការ ការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ ។
បន្ថែមពីនេះទៅទៀត លោកអភិបាលរងខេត្ត កណ្តាល ក៍បានជំរុញអោយរដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវអនុវត្តកម្មវិធីកំណែទម្រង់នានារាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមទាំងកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីបង្កើតឡើងនូវកាលានុវត្តភាពថ្មីៗ បន្ថែមទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយសមធម៌ និងចីរភាព។ លើសពីនេះ រដ្ឋបាលស្រុកក៏ត្រូវបន្តខិតខំអនុវត្តផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ស្រុក ដោយត្រូវចេះធ្វើការកំណត់អាទិភាពនូវគម្រោងណាដែលចាំបាច់។ ជាពិសេស ត្រូវខិតខំ កៀរគរប្រមូលធនធានពីសប្បុរសជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីយកមកប្រើប្រាស់ក្នុងការអនុវត្តគម្រោងនានានៅក្នុងស្រុក។
វិធីប្រកាសតែងតាំងចូលកាន់មុខតំណែងជាអភិបាលរងស្រុកកណ្ដាលស្ទឹង នៅព្រឹកថ្ងៃនោះ គឺ លោក ភិន ឡេង ត្រូវបានតែងតាំងជាអភិបាលរងស្រុកកណ្ដាលស្ទឹង ជំនួសលោក ស៊ិន សម្បត្តិ ចូលនិវត្តន៍ និងបន្តអាណត្តិ ចំនួន៣នាក់ មានឈ្មោះដូចខាងក្រោម។
១.លោកស្រី ស៊ន ភារម្យ ២.លោក ស្វាយ សេងលី ៣.លោក ឈុន តារា ជាអភិបាលរង នៃគណៈអភិបាលស្រុកកណ្ដាលស្ទឹង សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។






