- ព័ត៌មានជាតិ

ក្រុមកម្មករ​ជួសជុល​ប្រាសាទ​បុរាណ បាន​បង្ហាញ​នូវ​ទឹកចិត្ត​រីករាយ បន្ទាប់ពី​បាន​បញ្ចប់​ការជួសជុល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទតាព្រហ្មកិល​រួចរាល់​

ប្រាសាទតាព្រហ្ម​កិល ដែល​ជា​អតីត​មន្ទីរពេទ្យ​បុរាណ​សម័យអង្គរ​ធ្លាប់តែ​រង​ការខូចខាត​ធ្ងន់ធ្ងរ​ជា​យូរ​មក​ហើយ​។ ប៉ុន្តែ​ពេល​នេះ បាន​វិលត្រឡប់​មករក​ស្ថានភាព​រឹងមាំ និង​មាន​រូបរាង​ស្ទើរតែ​ពេញលេញ​ដូច​កាលពី​សម័យ​ដើម​ឡើងវិញ​ហើយ​។ ក្រុមកម្មករ​ជួសជុល​ប្រាសាទ​បុរាណ បាន​បង្ហាញ​នូវ​ទឹកចិត្ត​រីករាយ បន្ទាប់ពី​បាន​បញ្ចប់​ការជួសជុល​ប្រាង្គ​កណ្តាល ដែលជា​ហោរ​បន់ស្រន់​របស់​ប្រាសាទ​នេះ​រួចមក​.១៥.០២ ២០២៤

​សៀមរាប​..​រស់នៅ​ភូមិ​តា​ត្រៃ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ដែល​បម្រើ​ការងារ​ជា​កម្មករ​ជួសជុល​នៅ​ប្រាសាទតាព្រហ្មកិល លោកតា សេង ស៊ន់ អាយុ​៦៩​ឆ្នាំ ឱ្យដឹងថា ស្ថានភាព​ប្រាសាទតាព្រហ្មកិល​កាលពី​មុន​ពេល​ជួសជុល មាន​ការធ្លាក់រ​លុះ​ថ្ម ប្រាសាទ​មិនមាន​លំនឹង​ព្រម​ទាំង​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ដោយ​មាន​ការ​ទល់​ទ្រ​ស្ទើរតែ​គ្រប់​កន្លែង​។ លោកតា សេង ស៊ន់ បាន​ចូលរួម​ជួសជុល​ប្រាសាទតាព្រហ្មកិល​នេះ ដោយ​មាន​តួនាទី​ជា​អ្នក​ដាប់​ឆ្លាក់​ទាំង​ថ្មភក់ និង​ថ្មបាយក្រៀម​បានបង្ហាញ​ក្តីរំភើប​ថា រូប​លោក​មិន​ខ្ចិ​លឡើយ ចំពោះ​ការងារ​ជួសជុល​ប្រាសាទ​។ លោក​ចូលចិត្ត ដោយ​មិន​នឿយហត់ ហើយ​មួយ​ថ្ងៃៗ​ចង់​តែ​មក ចង់​តែ​ឃើញ និង​នៅ​តែ​ចង់​ធ្វើ​ការងារ​ជួសជុល​ប្រាសាទបុរាណ​។ ប្រសិន​បើ​លោក​នៅតែ​មាន​សុខភាព​ល្អ គឺ​លោក​នឹង​នៅ​តែ​មក​ចូលរួម​ធ្វើ​ការងារ​ជួសជុល​ប្រាសាទបុរាណ​បន្តទៀត​។​

​អ្នក​ភូមិ​វាល ឃុំ​គោកចក ក្រុង​សៀមរាប​លោក​តា ឡៃ ឡ​ន អាយុ​៦០​ឆ្នាំ ជា​អ្នក​ដាប់​ឆ្លាក់​ថ្ម​នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទតាព្រហ្មកិល​ម្នាក់ទៀត មានប្រសាសន៍ថា លោក​ពិតជា​សប្បាយចិត្ត​ដែល​បាន​ចូលរួម​ជួសជុល​ប្រាសាទបុរាណ​របស់​ដូនតា​ខ្មែរ​។ លោក​យល់ថា ការជួសជុល​ឡើង​វិញ​នេះ នឹង​ធ្វើឱ្យ​ប្រាសាទ​របស់​ដូនតា​ខ្មែរ មាន​សភាព​រឹងមាំ​បន្តទៀត ដើម្បី​បន្សល់​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ឃើញ និង​ស្គាល់​យូរអង្វែង​។ ថ្វី​ត្បិត​តែ​ការងារ​ជួសជុល​អភិរក្ស និង​ថែរក្សា​ប្រាសាទ​បុរាណ ឱ្យបាន​រឹងមាំ​គង់​នៅ​យូរអង្វែង​បន្តទៅទៀត គឺជា​តួនាទី​និង​កាតព្វកិច្ច​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ក៏​ប៉ុន្តែ​នៅ​ក្នុង​នោះ ក៏​ត្រូវការ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចូលរួម​នៅក្នុង​ការងារ​ជាច្រើន​ផ្នែក​ដែរ​។

​លោក សេង ស៊ន់ និង​លោក ឡៃ ឡ​ន សំណូមពរ​ដល់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ទាំងឡាយ​សូម​ជួយ​ចូលរួម​ថែរក្សា អភិរក្ស​ប្រាសាទបុរាណ​របស់​ដូនតា​ខ្មែរ តាម​គ្រប់​រូបភាព ចៀសវាង​ការប្រើ​សកម្មភាព​ណាមួយ​មិន​សមរម្យ​ចំពោះ​ប្រាង្គ​ប្រាសាទ នាំ​ឱ្យ​ខូចខាត​ដល់​ថ្ម​ប្រាសាទ និង​ធ្វើឱ្យ​បាត់បង់​តម្លៃ​របស់​សម្បត្តិ​បេតិកភណ្ឌ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​នេះ​៕​

Leave a Reply

Your email address will not be published. Required fields are marked *