- ព័ត៌មានជាតិ

ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី ជំរុញ​ឱ្យ​អាជ្ញាធរ​ក្រុង​/​ស្រុក ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ ជា​ពិសេស​បញ្ហា​ប្រភព​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​.១៥.០២.២០២៤

មណ្ឌលគិរី​៖ ឯកឧត្តម ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ក្រុង​/​ស្រុក ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ដែល​កើតឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ ជា​ពិសេស​បញ្ហា​ប្រភព​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​។ ឯកឧត្តម ថ្លែង​បែប​នេះ ក្នុង​កិច្ចប្រជុំ​ការងារ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដែល​ប្រព្រឹត្ត​ទៅ នៅ​សាលប្រជុំ​សាលា​ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ប្រធាន​សាលាដំបូង​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត រួមទាំង មេបញ្ជាការ​កងកម្លាំង​ទាំង​បី​ប្រភេទ អភិបាលក្រុង​/​ស្រុក​ទាំង​៥ លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ​/​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។​

​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី បាន​ថ្លែង​ដល់​រដ្ឋបាល​ក្រុង​ស្រុក អាជ្ញាធរ មន្ទីរ​អង្គភាព កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​ខិតខំ​បន្ត​និរន្ដរភាព​ការងារ ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ពោល​គឺ​ត្រូវ​ខិតខំ​ធ្វើយ៉ាងណា ឲ្យបាន​នូវ​លទ្ធផល​ការងារ​កាន់តែ​មាន​ការ​រីកចម្រើន​ជា​លំដាប់​។ ឯកឧត្តម បាន​ជម្រុញ​ដល់​គណៈបញ្ជាការ​ឯកភាព​ក្រុង​/​ស្រុក ក៏​ដូចជា​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ពិនិត្យ​ឡើងវិញ​ចំពោះ​បទល្មើស​គ្រប់​រូបភាព​ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទទួលខុសត្រូវ ដូច​ជា​ល្បែងស៊ីសង​ខុសច្បាប់ បញ្ហា​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន ជា​ពិសេស​ត្រូវ​យកចិត្ត​ទុកដាក់​តាមដាន និង​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ទឹក ទោះបីជា​ខេត្តមណ្ឌលគិរី មាន​ទំនប់ទឹក ប្រឡាយ បឹងបួរ​ច្រើន តែ​ប្រជាពលរដ្ឋ​នៅតែ​ប្រឈម​ការខ្វះ​ប្រភព​ទឹក​ប្រើប្រាស់ ដោយសារ​នៅ​ឆ្នាំ​នេះ​អាកាសធាតុ​មាន​ការប្រែប្រួល និង​មាន​ភ្ញៀង​ធ្លាក់​តិច​។​

​ឯកឧត្តម ថង សាវុន អភិបាលខេត្ត បន្តថា យោងតាម​បទបញ្ជារ​របស់​រាជរដ្ឋាភិបាល​នីតិកា​ល​ទី​៧​នៃ​រដ្ឋសភា​ដែល​មាន​សម្តេច​អធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី បាន​រឹតបន្តឹង​និង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ គ្រប់​លំដាប់ថ្នាក់ ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ កាន់តែ​ប្រសើរ​ជាង​មុន​និង​ត្រូវ​លុបបំបាត់ ភាព​អសកម្ម​របស់​មន្ត្រីរាជកា​រ​ផងដែរ​។​

​ជាមួយគ្នានេះ ឯកឧត្តម ក៏​បាន​ណែនាំ​ដល់​កង​ម្លាំង​ប្រដាប់​វុ​ធ​ទាំងអស់​ក្នុង​ខេត្ត​មណ្ឌលគិរី ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់ អំឡុងពេល នៃ​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤​ខាងមុខនេះ គឺជា​ការបោះឆ្នោត​មួយ​ដ៏​មាន​សារៈសំខាន់ សម្រាប់​បុព្វហេតុ​បន្ត​កសាង និង​ការពារ​មាតុភូមិ​កម្ពុជា​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

 

Leave a Reply

Your email address will not be published. Required fields are marked *