- ព័ត៌មានជាតិ

ស្ពាន​ស្ទឹង​ជ្រៅ ក្នុង​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ .១៦.០២.២០២៤

​ខេត្ត​កណ្ដាល​៖ ដោយ​មើលឃើញ​ពី​ការលំបាក​ក្នុង​ធ្វើដំណើរ​ទៅមក និង​ការប្រកប​មុខរបរ​ផ្សេងៗ របស់​ប្រជាពលរដ្ឋ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ ស្ពាន​ស្ទឹង​ជ្រៅ ប្រវែង​២៦​ម៉ែត្រ ទទឹង ៥ ម៉ែត្រ ស្ថិតនៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ។​

​ថ្លែង​នៅក្នុង​ពិធីបើកការដ្ឋាន ដែល​រៀបចំឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ជាង ៥០០​នាក់ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើង​អំពី​សារៈសំខាន់​នៃ​សន្តិភាព ដែល​ជា​បច្ច័យ​នាំឲ្យ​មាន​ការអភិវឌ្ឍ​នៅ​គ្រប់​ទី​កន្លែង និង​បាន​ពន្យល់​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​សន្តិភាព​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ពន្លឿន​ការអភិវឌ្ឍ​ប្រទេស ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត ស្របតាម​ផែនការ​អភិវឌ្ឍ​ជាតិ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ជា​ប្រមុខ​ដ៏​ឆ្នើម​។​

​ឯកឧត្តម​អភិបាល បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត គឺ​បាន​ខិតខំ​ប្រឹង ប្រែង​ដោះស្រាយ​នូវ​រាល់​ការលំបាក និង​សំណូមពរ​របស់​ប្រជា​ពលរដ្ឋ​យ៉ាងខ្លាំង ព្រមទាំង​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យមាន​សន្តិ​ភាព និង​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​លើ​ការកសាង​ហេ​ដ្ឋា​រចនាសម័ន្ធ​នានា​ដូច​ជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ នៅ​គ្រប់​ឃុំ ស្រុក ជាក់ស្តែង​ការ​បើ​ការ​រដ្ឋា​ន​សាងសង់​នា​ថ្ងៃនេះ​ជា​សក្ខីភាព​ស្រាប់​។​

​ឯកឧត្តម​អភិបាល បាន​មានប្រសាសន៍​បន្ថែម​ថា មាន​ផ្លូវ មាន​ស្ពាន មាន​ក្តីសង្ឃឹម និង​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​មាន​សន្តិភាព ទើប​មាន​អ្វីៗ​ដូច​ថ្ងៃនេះ ជាកស្តែង​ការបើក​ការដ្ឋាន​សាងសង់​ស្ពាន​ស្ទឹង​ជ្រៅ​នាពេលនេះ គឺជា​សមិទ្ធផល​ដ៏​ធំធេង​ថ្មី​បន្ថែមទៀត របស់​ក្រុង​តាខ្មៅ បន្ទាប់​ពី​បញ្ចប់​ការសាងសង់​រួចហើយ​ស្ពាន​មួយ​នេះ​នឹង​ជួយ​សម្រួល​ការធ្វើ​ចរាច​រណ៍​ឆ្លងកាត់ បញ្ចៀស​ការកកស្ទះ របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ សិស្សានុសិស្ស ឆ្លង​ទៅ​មក​សាលារៀន ពិសេស​ប្រជាពលរដ្ឋ​សង្កាត់​ព្រែក​ឬ​ស្សី និង​សង្កាត់​ដើម​មៀន​។ ម្យ៉ាងទៀត​រថយន្ត​ធន​ធ្ងន់ អាច​ដឹក​ផលិតផល អនុផល និង​ទំនិញ​ឆ្លងកាត់​បាន រហូតដល់​៤០​តោន និង​មាន​អាយុកាល ប្រើប្រាស់​បាន​រយៈពេល ៥០​ឆ្នាំ ។​

Leave a Reply

Your email address will not be published. Required fields are marked *