- ព័ត៌មានជាតិ

កិច្ចប្រជុំ​ត្រួតពិនិត្យ​ទីតាំង​ល្បែង​ផ្សងសំណាង និង ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅតាម​មូលដ្ឋាន​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​

១៦.០២.២០២៤
​ខេត្ត​កណ្តាល​៖ រសៀល​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ឯកឧត្តម ហាក់ សុខ​មករា​អភិបាលរង​ខេត្ត​កណ្ដាល បាន​ដឹកនាំ​កិច្ចប្រជុំដេី​ម្បី​ត្រួតពិនិត្យ​ទីតាំង​ល្បែង​ផ្សងសំណាង នៅតាម​មូលដ្ឋាន​ក្នុង​ស្រុក​អង្គស្នួល ដោយ​បាន​ការអញ្ជើញ​ចូលរួម​ពី​អាជ្ញាធរ​ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំងបី ។​

​ឯកឧត្តម ហាក់ សុខ​មករា​អភិបាលរង​ខេត្ត​កណ្ដាល បាន​ជម្រុញ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ចុះ​តាម​មូល​ឃុំ​ទាំង​១០ នៃ​ស្រុក អង្គស្នួល ដើម្បី​ស្រង់​ស្ថិតិ​ទីតាំង និង​ប្រភេទ ល្បែងស៊ីសង​អោយបាន​ច្បាស់លាស់ និង​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ណា ដែល​គ្មាន​ច្បាប់​ការ​អនុញ្ញាត្ត​ត្រឹមត្រូវ​ឲ្យអស់ និង​បិទ​ជាបន្ទាន់​មិនត្រូវ​អនុញ្ញាត​ឲ្យ​បើក​ទីតាំង​ល្បែង​ថ្មីៗ​បន្ត​ទៀត​នោះ​ទេ​។​

​ឯកឧត្តម​បន្តថា​៖ ពាក់ព័ន្ធ​ទៅនឹង​ការគ្រប់គ្រង​ល្បែងស៊ីសង​នេះដែរ បន្ទាប់​ពី​ទទួលបាន​បទបញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល ឯកឧត្តម គង់​សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ដាក់ចេញ បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​ទប់ស្កាត់​ការ​លេងល្បែង​តាម​អន​ឡា​ញ ព្រោះ​ការ​លេងល្បែង​នេះ​វា​ប៉ះពាល់​ដល់​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ខ្លាំងណាស់ បង្ក​ការប្រើ​អំពើហិង្សា និង​ធ្លាក់ខ្លួន​នៅក្នុង​ស្ថានភាព​បំណុល​ផងដែរ បញ្ហា​ចោរកម្ម ប្លន់ លួច​ជាដើម ដែល​នេះ​ជា​បញ្ហា​ប្រឈម​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ព្យាយាម​អប់រំ និង​ពន្យល់​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ឲ្យ​លេង​ល្បែង​តទៅទៀត បើទោះបីជា​ល្បែង​ទាំងអស់ នោះ​មាន​ច្បាប់​ក៏ដោយ​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម​បាន​ស្នើ​ដល់​អាជ្ញាធរ និង​កងកម្លាំង​គ្រប់​ប្រភេទ ត្រូវ​អនុ​វត្គ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព បង្ក្រាប​ឲ្យបាន​នូវ​បទល្មើស​នានា ដោយ​មិន​ឱ្យ​មាន​បទល្មើស​ដូច​ជា​ចោរកម្ម គ្រឿងញៀន ក្មេង​ទំនើង គោរព​ច្បាប់​ចរាច​រណ៍ ចូលរួម​ថែរក្សា​ហេ​ដ្ឋា​រចនាស័ម្ពន្ធ និង​សមិទ្ធផល​នានា​នៅក្នុង​មូលដ្ឋាន ដើម្បី​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​៕

Leave a Reply

Your email address will not be published. Required fields are marked *