- ព័ត៌មានជាតិ

ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត ប្រចាំ​ឆ្នាំ​សិក្សា​២០២៣-២០២៤ ត្រូវ​បាន​បិទ​បញ្ចប់​

ខេត្ត​កណ្តាល​៖ ថ្លែង​នៅក្នុង​ពិធី បិទ​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត ប្រចាំ​ឆ្នាំ​សិក្សា​២០២៣-២០២៤ នា​រសៀល​ថ្ងៃ​ទី​៤ ខែ​មិនា ឆ្នាំ​២០២៤ នៅ​បរិវេន​កីឡដ្ឋាន ក្រុង​តាខ្មៅ លោកជំទាវ ហ៊ុន កុស​នី អភិបាលរង ខេត្ត​កណ្ដាល បាន​មានប្រសាសន៍ថា ការប្រកួត​កីឡា​នាពេលនេះ គឺ​សម្រាប់​វាស់​ស្ទង់​កម្រិត​បច្ចេកទេស ក្នុង​បំណង​ជ្រើសរើស​យក​កីឡាករ កីឡា​ការិនី ដែល​ឆ្នើម និង​មាន​ទេពកោសល្យ​ល្អ​មក​ប្រមូលផ្តុំ​ហ្វឹកហាត់ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ថ្នាក់ជាតិ ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​នាពេលខាងមុខ​។

​លោកជំទាវ​អភិបាលរង​ខេត្ត បាន​លើកទឹកចិត្ត​ដល់​ក្រុម​ដែល​មិន បាន​ទទួល​ជ័យជម្នះ​ក្នុង​ឱកាស​នេះ ពេល​ត្រឡប់​ទៅវិញ ត្រូវខិតខំ​ហ្វឹកហាត់​បន្ត ដើម្បី​ប្រកួត​ដណ្តើម​យក​ជ័យជម្នះ​នៅ​ឆ្នាំក្រោយៗ​ទៀត​។ ឯ​ក្រុម​ដែល​ទទួលបាន​ជ័យជម្នះ​នាពេលនេះ ត្រូវ​ស្គាល់​ពី​ភារកិច្ច​របស់​ខ្លួន​គឺ​ត្រូវ​ធ្វើជា​តំណាង​ឱ្យ​សិស្ស​បឋមសិក្សា​ទូទាំង​ខេត្ត​កណ្តាល ដូច្នេះ​ត្រូវ​ខិតខំ​បន្ត​ការហ្វឹកហាត់ ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ត្រូវមាន​វិន័យ គោរព​តាម​លក្ខខណ្ឌ​ក្នុង​ការប្រកួត ត្រូវមាន​សាមគ្គីភាព​រឹងមាំ​ក្នុង​ក្រុម ដើម្បី​ទៅ​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​សិក្សា​២០២៣-២០២៤ ដែល​នឹង​បាប់​ផ្តើម​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ដល់​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០២៤ នៅ​រាជធានី​ភ្នំពេញ ទទួលបាន​លទ្ធផល​ល្អប្រសើរ​ជូន​ខេត្ត​។

​លោក ចេង សំ​អ៊ុល ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កណ្តាល បានឱ្យដឹងថា ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត ប្រចាំ​ឆ្នាំ​សិក្សា​២០២៣-២០២៤​នេះ មាន​កីឡាករ កីឡាការិនី​ចូលរួម​ចំនួន ២២​ក្រុម ស្រី ១៦​ក្រុម ស្មើនឹង ៤២៤​នាក់ ស្រី ១៦៧​នាក់​។ ការប្រកួត​ចែកចេញជា ៥​ផ្នែក​រួមមាន ១​ផ្នែក​កីឡាបាល់ទាត់ ២​ផ្នែក​បាល់ទះ ៣​ផ្នែក​បាល់បោះ ៤​ផ្នែក​អត្តពលកម្ម និង​៥​ផ្នែក​កីឡា​ប៉េតង់​។​

​សូមជម្រាបថា ជា​លទ្ធផល​ក្នុង​ការប្រកួត​នេះ ផ្នែក​អត្តពលកម្ម វិញ្ញាសារ​រត់​ល្បឿន​ផ្នែក​នារី ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡា​ការិនី ហ៊ុច សុវណ្ណ​រីតា មកពី​ស្រុក​កណ្ដាលស្ទឹង ផ្នែក​បុរស ចំណាត់ថ្នាក់​លេខ​១ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាករ រឹ​ម ម៉េង​ហុង មកពី​ស្រុក​កណ្ដាលស្ទឹង ។ កីឡាបាល់ទាត់ ផ្នែក​នារី ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​ក្រុម​ការិយាល័យ​អប់រំ​យុវជន និង​កីឡា​ស្រុក​កណ្ដាលស្ទឹង ផ្នែក​បុរស ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​ក្រុម​រដ្ឋបាល​ក្រុង​អរិយ​ក្សត្រ ។ បាល់ទះ​ផ្នែក​នារី ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​ក្រុម​ការិយាល័យ​អប់រំ​យុវជន និង​កីឡា​ស្រុក​អង្គស្នួល ផ្នែក​បុរស ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​ការិយាល័យ​អប់រំ​យុវជន និង​កីឡា​ស្រុក​កោះធំ ។ បាល់បោះ​ផ្នែក​នារី ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​ក្រុម​ការិយាល័យ​អប់រំ​យុវជន និង​កីឡា​ក្រុង​តាខ្មៅ ផ្នែក​បុរស ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​ការិយាល័យ​អប់រំ​យុវជន និង​កីឡា​ក្រុង​តាខ្មៅ ។ ប៉េតង់ វិញ្ញាសារ ១​ទល់​១ ផ្នែក​នារី ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡា​ការិនី ឌី​រី​ណា ដា​លី​ស មក​ពី​ការិយាល័យ​អប់រំ​យុវជន និង​កីឡា​ក្រុង​តាខ្មៅ ផ្នែក​បុរស ចំណាត់ថ្នាក់​លេខ​១ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាករ ទេព​ពិសិដ្ឋ មក​ពី​ការិយាល័យ​អប់រំ​យុវជន និង​កីឡា​ក្រុង​តាខ្មៅ ។​

Leave a Reply

Your email address will not be published. Required fields are marked *