- ព័ត៌មានជាតិ

សិក្ខាសាលា ការ​គាំពារ​វិនិយោគ​និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ក្នុង​វិស័យ​មូលបត្រ ជូន​ដល់​ថ្នាក់ដឹកនាំ អាជ្ញាធរ​ក្រុង ស្រុក ឃុំ​សង្កាត់ ក្នុង​ការចែករំលែក​ចំណេះដឹង បទពិសោធន៍​ថ្មីៗ​

​ខេត្ត​កណ្តាល​៖ និយ័ត​ក​រមូ​លប​ត្រ​កម្ពុជា និង​រដ្ឋបាល​ខេត្ត​កណ្តាល បាន​រៀបចំ​សិក្ខាសាលា ការ​គាំពារ​វិនិយោគ​និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ក្នុង​វិស័យ​មូលបត្រ នា​ព្រឹក​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០២៤ នៅ​សាលាខេត្ត​កណ្តាល​។

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កណ្ដាល បាន​ថ្លែងថា​៖​សិក្ខាសាលា​នា​ពេល​នេះ គឺ​បង្កើន​ការយល់ដឹង ចែករំលែក ព័ត៌មាន បទពិសោធន៍ និង​ក្របខណ្ឌ​គតិយុត្ត ពាក់ព័ន្ធ​នឹង​វិស័យ​មូល​ប​ត្រ ដែល​ជា​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី​មួយ សម្រាប់​វិនិយោគិន​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ សំដៅ​សហការ​ផ្សព្វផ្សាយ​ជា​លក្ខណៈ​ចម្រុះ​ជាពិសេស អាជ្ញាធរ​មូលដ្ឋាន ដើម្បី​យល់ដឹង​កាន់តែច្បាស់​អំពី​សកម្មភាព​អាជីវកម្ម​មូល​ប​ត្រ​ត្រឹមត្រូវ​តាមច្បាប់ និង​សកម្មភាព​អាជីវកម្ម មូលប​ត្រដែ​លខុសច្បាប់ ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ ប្រយោជន៍​សាធារណៈ និង​ខាតបង់​លុយកាក់​របស់ បងប្អូន​ប្រជាពលរដ្ឋ ក្រោមរូបភាព​វិនិយោគ​ខុស​ច្បាប់​ណាមួយ​ជាយថាហេតុ​។

​ឯកឧត្តម​បន្តថា​៖​ស្របពេល​ដែល​សេដ្ឋកិច្ចជាតិ​មាន​ភាព​រីកចម្រើន គួបផ្សំ​នឹង​បរិយាកាស​វិនិយោគ​កាន់តែ​ល្អប្រសើរ រួមផ្សំ​នឹង​ការអភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន វិទ្យា យើង​សង្កេតឃើញថា សកម្មភាព​ផ្សព្វផ្សាយ​កៀរគរ​ថវិកា​ពី​បងប្អូន​ប្រជាពលរដ្ឋ ក្រោមរូបភាព​វិនិយោគ ឬ​ការជួញដូរ​ក្នុង​ទីផ្សារ​មូល​ប​ត្រ ដែល​គ្មាន​ប្រភព​ច្បាស់​លាស់ ដោយ​សន្យា​ផ្ដល់​ប្រាក់​ចំណេញ​ខ្ពស់ ប៉ុន្តែ​ជាក់ស្តែង គឺជា​ការ​ឆបោក បាន​កើតមាន ឡើង​ជា​បន្តបន្ទាប់​។ ជាក់ស្តែង មាន​ក្រុមហ៊ុន អង្គការ សមាគម និង​បុគ្គល​ដែល​មាន​ប្រជាប្រិយ ឬ​អ្នក​ជោគជ័យ​ក្នុង​បណ្តាញ​សង្គម​មួយ​ចំនួន​តូច​បាន​ឃោសនា​ទាក់ទាញ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដាក់ទុន​រកស៊ី​ដោយ​ផ្សព្វផ្សាយ​តាម​Facebook, Tik Tok, Telegram ជាដើម​។​ល​។ ដោយ​សន្យា​ផ្តល់​ការប្រាក់​ខ្ពស់ ក្នុង​រយៈពេល​ខ្លី នឹង​ទទួលបាន​ផល​ចំណេញ​ច្រើន​។​តាមរយៈ​ការផ្សព្វផ្សាយ​ប្រកប​ដោយ​វិធីសាស្ត្រ ល្បិច​ទាំងនេះ​ប្រជាពលរដ្ឋ​របស់​យើង ក៏​ទុកចិត្ត ជាប់អន្ទាក់ និង​បាន​ធ្វើ​ការវិនិយោគ ហើយ​ចុងក្រោយ​ទើប​ដឹងថា​ចាញ់បោក​អ្នក​វិយោគិន​ទាំងនោះ ដោយ​ខាតបង់​ទាំង​ប្រាក់​កាក់ និង​ពេលវេលា​។​ដូច្នេះ​សិក្ខាសាលា​ផ្សព្វផ្សាយ​នាឱកាស​នេះ គឺ​ពិតជា​មាន​សារៈសំខាន់ ក្នុង​ការចែករំលែក​ព័ត៌មាន បទពិសោធន៍ និង​ក្របខណ្ឌ​គតិយុត្ត ពាក់ព័ន្ធ​នឹង​វិស័យ​មូល​ប​ត្រ និង​ដើម្បី​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​របស់​ខេត្ត មាន​ការយល់ដឹង​កាន់តែច្បាស់ ដើម្បី​បន្ត​ធ្វើ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យ​យល់ដឹង​អំពី​សកម្មភាព អាជីវកម្ម​មូល​ប​ត្រ​ត្រឹមត្រូវ​តាមច្បាប់ និង​សកម្មភាព​អាជីវកម្ម​បណ្តាក់​ទុន​រកស៊ី​ដែល​ខុសច្បាប់ ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ ប្រយោជន៍​សាធារណៈ និង ខាតបង់​លុយ​កាក់​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ និង​អាច​មាន​សមត្ថភាព​ធ្វើ​ការបង្ការ ទប់ស្កាត់បាន​ទាន់ពេលវេលា ចំពោះ​ករណី​ការបោកប្រាស់​ណាមួយ​ពី​វិនិយោគិន​មួយ ចំនួន​តូច ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​របស់​យើង​។

​ឯកឧត្តម​អភិបាលខេត្ត បាន​ស្នើ​ដល់​លោក លោកស្រី ជា​ថ្នាក់​ដឹកនាំ​នៅ​មូលដ្ឋាន កងកម្លាំង និង​សិក្ខាកាម​ទាំងអស់ សូម​យកចិត្តទុកដាក់​ស្តាប់​នូវ​បទ​បង្ហាញ​របស់​វាគ្មិន​ដែល​អញ្ជើញ​មក​ពី​និយតី​ករ​មូលបត្រ​កម្ពុជា​, ក្រសួងមហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ តាម​របៀបវារៈ គ្រោងទុក និង​សូម​លើក​យក​នូវ​សំណួរ បញ្ហា​ជាក់ស្តែង​ក្នុងករណី​ដែល​យើង​សង្កេតឃើញថា​មាន ឬ​បម្រុង​នឹង​កើត​នៅ​មូលដ្ឋាន ដើម្បី​ធ្វើ​ការពិភាក្សា សុំ​យោបល់ រក ដំណោះស្រាយ ពី​វាគ្មិន​ដែល​មាន​បទពិសោធន៍ ជំនាញ​វិជ្ជាជីវៈ នៅក្នុង​អង្គសិក្ខាសាលា​ដ៏​សំខាន់​នេះ​។

​ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​និយ័ត​ក​រមូ​លប​ត្រ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ សិក្ខាសាលា​នា​ថ្ងៃនេះ គឺ​ចង់ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​យល់ដឹង​លើ​ការវិនិយោគ​លើ​វិសយ័​មូលបត្រ ដោយ​អនុវត្ត​អោយបាន​ត្រឹមត្រូវ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​មាន​ច្បាប់​ទំលាប់​ត្រឹមត្រូវ​។ កត្តា​សំខាន់​មួយទៀត គឺ​សូមអោយ​អាជ្ញាធរ​មូលដ្ឋាន​បន្ត​ផ្សព្វផ្សាយ​ពី​សារសំខាន់ នៃ​វិស័យ​មូលបត្រ កុំឲ្យ​គេ​បោកប្រាស់​បាន និង​ការពារ​ក្រុមហ៊ុន ដែល​មាន​ច្បាប់​ត្រឹមត្រូវ ដើម្បី​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។

​ឯកឧត្តម មានប្រសាសន៍​បន្ត​ទៀត​ថា​៖ ដើម្បី​ឲ្យ​សង្គម​ជាតិ​យើង សេដ្ឋកិច្ច​របស់​យើង​កាន់តែ​រីកចម្រើន​ដោយ​ចូលរួម​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​តាម​គោលដៅ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ ឯកឧត្តម​អគ្គនាយក​ក៏​បាន​ណែនាំ​ដល់​សារ​ធា​រណៈ​ជន​ទូទៅ សូម​កុំ​ខ្លាច​ចំពោះ​ការវិនិយោគ ប៉ុន្តែ​ត្រូវ​ធ្វើ​ការវិនិយោគ​ដោយ​ត្រឹមត្រូវ ដែល​នឹង​ផ្តល់​នូវ​ការរីកចម្រើន និង​កំណើន​ហិរញ្ញវត្ថុ​។ សូម​វិនិយោគ​លើ​ផលិតផល​ស្រប​ច្បាប់​ជាមួយ​នឹង​ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញា​បណ្ណ ឬ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ និយ័ត​ករ​មាន​សមត្ថ​កិច្ច ហើយ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​គម្រោង​វិនិយោគ ឬ​ការផ្សព្វផ្សាយ​ដើម្បី​កៀរគរ​ទុនវិនិយោគ ដែល​សន្យា​ផ្ដល់​នូវ​ប្រាក់​ចំណេញ​ខ្ពស់​ខុស​ប្រក្រតី ព្រោះ​ការវិនិយោគ ឬ​ការផ្សព្វផ្សាយ​ទាក់ទាញ​សាធារណជន​ឱ្យ​ដាក់​ប្រាក់​បែបនេះ អាច​ជា​ការ​ឆបោក​។​

​ឯកឧត្តម​អគ្គនាយក បាន​បញ្ជាក់បន្ថែម​ថា​៖ អង្គ​សិក្ខាសាលា​នេះ គឺ​ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ពាក់ព័ន្ធ នឹង​វិស័យ​មូលបត្រ ជូន​ដល់​ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរ​ក្រុង ស្រុក ឃុំ​សង្កាត់ ក្នុង​ការចែករំលែក​ចំណេះដឹង បទពិសោធន៍​ថ្មីៗ ពាក់ព័ន្ធ​នឹង​វិស័យ​មូល​ប​ត្រ ។ ម្យ៉ាងទៀត ក៏​ជា​ការបង្កា​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចាញ់​បាក ពី អាជីវកម្ម​មូល​ប​ត្រ​ដោយ​គ្មាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ​តាមច្បាប់ បានធ្វើ​សកម្មភាព​បោកប្រាស់​នៅ​តាម​ប្រព័ន្ធ​សង្គម ដែល​ធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនក៏​បានទទួ​ល​រងគ្រោះ​ផង​ដែរ​នា​ពេលកន្លងមក ៕​

Leave a Reply

Your email address will not be published. Required fields are marked *