- ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភ​ក្ត្រា គូសបញ្ជាក់ថា សមាគម​សារព័ត៌មាន នៅតែ​ដើរ​តូ​នាទី​សំខាន់​ក្នុង​ការសហការ​ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​តម្រង់ទិស​អ្នកសារព័ត៌មាន​ឱ្យ​អនុវត្តន៍​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ​.០៦.០៣.២០២៤

​ភ្នំពេញ​..​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​គូសបញ្ជាក់ថា សមាគម​សារព័ត៌មាន នៅតែ​ដើរ​តូ​នាទី​សំខាន់​ក្នុង​ការសហការ​ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​តម្រង់ទិស​អ្នកសារព័ត៌មាន​ឱ្យ​អនុវត្តន៍​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ ហើយ​សមាគម​ក៏បាន​ចូលរួម​អភិវឌ្ឍន៍​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​ទៅមុខទៀត​។​

ការគូសបញ្ជាក់​របស់​ឯកឧត្ដម​រដ្ឋមន្ដ្រី​បែបនេះ ក្នុង​ឱកាស​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-​ចិន (CCJA) ដឹកនាំ ដោយ​លោក សយ សុភាព ប្រធាន​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-​ចិន នា​ព្រឹក​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០២៤ នៅ​ទីស្ដីការក្រសួង​ព័ត៌មាន​។​
​ឯកឧត្ដម នេត្រ ភ​ក្ដ្រា ក្រសួង​ព័ត៌មាន និង​សមាគម​សារព័ត៌មាន ព្រម​ទាំង​អ្នកសារព័ត៌មាន​គឺជា​តូ​អង្គ​រួមគ្នា ទោះបី​នៅ​ផ្សេង​គ្នា​ក៏​ដោយ ក៏​ប៉ុន្តែ​ក្នុង​ក្រប​ខណ្ឌ​ទិសដៅ​រួម​តែមួយ​ធ្វើ​យ៉ាងណា​ផ្តល់​ព័ត៌មាន​ជូន​ដល់​សាធារណជន​ប្រកបដោយ​ខ្លឹមសារ គុណភាព និង​ការទទួលខុសត្រូវ​។​

​លោក សយ សុភាព បាន​បញ្ជាក់​ជូន​ថា ការ​ចូល​ជួប​សម្ដែង​ការគួរសម​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នា​ឱកាស​នេះ​គឺ​ដើម្បី​គោរព​ស្នើសុំ​អនុសាសន៍​បន្ថែម​ពី ឯកឧត្តម​រដ្ឋមន្ដ្រី ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​និង​ឱកាស​វិនិយោគ​ចិន​នៅ​កម្ពុជា ។​

​លោក សយ សុភាព បាន​ជម្រាបជូន​ថា កន្លងមកនេះ សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-​ចិន ក៏​បាន​អញ្ជើញ​ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន និង ឯកឧត្តម​បណ្ឌិត គី សិរី​វឌ្ឍន៍ ប្រធាន​វិទ្យាស្ថាន​សិក្សា​ចិន នៃ​រាជបណ្ឌិត្យសភាកម្ពុជា ធ្វើ​វេទិកា​ពិភាក្សា​ម្ដង រួចមក​ហើយ​លើ​ប្រធានបទ “​រួម​គ្នា​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ នៅក្នុង​ប្រទេស​កម្ពុជា​”​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា មានប្រសាសន៍ថា នៅ​ដើម​អាណត្តិ​ទី​៧ រយៈពេល ៦​ខែ​កន្លងមកនេះ ក្រសួង ព័ត៌មាន បាន​ដាក់ចេញ​នូវ​ការងារ​ជាច្រើន​ជា​ការដ្ឋាន​កំណែទម្រង់​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ដោយ​ផ្ដោតជាសំខាន់ គឺ​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន និង​រដ្ឋបាល​ទំនើប ដើម្បី​ធ្វើឱ្យ​ក្រសួង​ព័ត៌មាន ក្លាយ ទៅជា ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សំដៅ​ធ្វើ​យ៉ាងណា​គឺ​ផ្សព្វផ្សាយ​ពី ការ​ពិត​របស់​កម្ពុជា​ទៅកាន់​មជ្ឈដ្ឋាន​ជាតិ និង​អន្ដរជាតិ​។

​ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​បន្ដថា ជា​ចក្ខុវិស័យ គឺ​ធ្វើ​យ៉ាងណា​ប្រែក្លាយ​ក្រសួង​ព័ត៌មាន ឱ្យទៅ​ជា​ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ របស់​រាជរដ្ឋាភិបាល មួយ​ដែល​ប្រកបដោយ បុរេ​សកម្ម សកម្ម អន្តរ​សកម្ម ប្រសិទ្ធភាព និង​គុណភាព​។​

​ទាក់ទង​នឹង​កិច្ច​ការងារ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ឯកឧត្តម នេត្រ ភ​ក្ដ្រា បាន​ថ្លែង​បញ្ជាក់ថា ក្រសួង​ព័ត៌មាន​បាន​បង្កើត​គណៈ​កម្ម​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​គ្រប់គ្រង​សណ្តាប់ធ្នាប់​ព័ត៌មាន និង​សន្តិសុខ​ព័ត៌មាន ។ ដូច្នេះ ស្ថាប័ន​សារព័ត៌មាន​ទាំងអស់ សូម​បន្ត​រួម​គ្នា​ការពារ​សណ្តាប់ធ្នាប់​ស្ថាប័ន​សារព័ត៌មាន និង​សន្តិសុខ​ព័ត៌មាន ដើម្បី​រក្សា​ឱ្យបាន​នូវ​សន្តិភាព និង​ស្ថិរភាព​កម្ពុជា ដោយ​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ប្រកបដោយ​គុណភាព ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ និង​វិជ្ជាជីវ​សារព័ត៌មាន ។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើង​ផង​ដែរ​ថា ក្រសួង​ព័ត៌មាន​បាន​ធ្វើ​កិច្ច​ការងារ​ជាច្រើន​ជា​ផលប្រយោជន៍​ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​រួមទាំង​កិច្ច​ការងារ​ការពារ​សិទ្ធិ​របស់​អ្នកសារព័ត៌មាន​ដើម្បី​ប្រកប​វិជ្ជាជីវៈ​បាន​ត្រឹមត្រូវ មាន​ក្រមសីលធម៌ វិជ្ជាជីវៈ​ល្អ ដោយ​ក្នុងនោះដែរ ក្រសួង​ព័ត៌មាន​បាន​បើក​ដំណើរការ​ឡើងវិញ​មណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សារព័ត៌មាន និង​វិក្រឹត្យការ របស់​ក្រសួង​ព័ត៌មាន ដែល​បាន​ដើរ​តូ​នាទី​យ៉ាងសំខាន់​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​សារព័ត៌មាន និង​សោតទស្សន៍​នៅ​កម្ពុជា​។ ឯកឧត្តម​បាន​បន្ថែមថា ក្រៅ​ពី​ការគិតគូរ​និង​ផ្តល់​កិច្ច​គាំពារ​ដល់​មន្ត្រី​ក្រសួង​ព័ត៌មាន ក៏​បាន​គិតគូរ​ដល់​ប​ង​ប្អូន​អ្នកសារព័ត៌មាន និង​ក្រុមគ្រួសារ​តាមរយៈ​កិច្ច​គាំពារ​សុខុមាលភាព និង​កាត់បន្ថយ​ការចំណាយ ដោយ​ក្រសួង​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ជាមួយ​មជ្ឈមណ្ឌល​រោគវិនិច្ឆ័យ ប៊ីយ៉ូ​ម៉េ​ឌី​ក យល់ព្រម​ធ្វើ​ការផ្តល់​នូវ​ការបញ្ចុះ​តម្លៃ​ពិសេស​ទៅ​លើ​ថ្លៃ​សេវាកម្ម​ពិនិត្យ​សុខភាព​៣០ % ។

​ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​បន្ថែមទៀតថា ជា​ជំ​ហ៊ាន​បន្ត​ទៅមុខ​ទៀត បណ្ណ​សម្គាល់​អ្នកសារព័ត៌មាន ត្រូវ​ចេញ​ដោយ​ក្រសួង​ព័ត៌មាន ហើយ​មាន​ភ្ជាប់ QR code ថែមទៀត​ផង​ដែរ ដើម្បី​បញ្ជាក់​ភាព​ច្បាស់លាស់​របស់​អ្នកសារព័ត៌មាន ។​

​ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភ​ក្ដ្រា បាន​ជំរុញ​ដល់​ប្រធាន​សមាគម​សារព័ត៌មាន​ទាំងអស់​ត្រូវ​គិតគូរ​ដល់​សមាជិក សមាជិកា​របស់​ខ្លួន ដើម្បី​ចុះបញ្ជី​ធ្វើ​បណ្ណ ប​.​ស​.​ស បេឡា​ជាតិ​សន្តិសុខ​សង្គម ដែល​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ផ្នែក​សុខភាព ៕​

Leave a Reply

Your email address will not be published. Required fields are marked *