- ព័ត៌មានជាតិ

ក្រសួង​ព័ត៌មាន​ផ្សព្វផ្សាយ​ប្រកាស​ស្តីពី​ការធ្វើ​ប្រតិភូកម្ម​ផ្ទេរ​មុខងារ​ផ្តល់​សេវា​រដ្ឋបាល​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

នា​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ នៅ​ទីស្តីការក្រសួង​ មានបើក​សិក្ខាសាលា ស្តីពី​ការធ្វើ​ប្រតិភូកម្ម​ផ្ទេរ​មុខងារ​ផ្តល់ សេវា​រដ្ឋបាល​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រាជធានី ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​បញ្ជាក់​ថា សិក្ខាសាលា​នេះ​ធ្វើឡើង ដើម្បី​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង​អំពី​ការផ្ទេរ​មុខងារ ការផ្តល់​សេវា​រដ្ឋបាល​ដល់​ថ្នាក់ក្រោម​ជាតិ ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​ក្រសួង​ព័ត៌មាន ដោយ​អង្គភាព​ច្រកចេញចូល​តែ​មួយ នៃ​រដ្ឋបាល​រាជធានី ខេត្ត ជា​អ្នកទទួលខុសត្រូវ និង​អនុវត្តន៍​បន្ត ក្នុង​គោលបំណង​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព ប្រសិទ្ធ​ផល តម្លាភាព និង​គណនេយ្យភាព នៃ​ការផ្តល់​សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត តាមរយៈ​ការប្រមូលផ្តុំ​សេវា​រដ្ឋបាល​លើ​វិស័យ​នានា​ឱ្យ​នៅ​កន្លែង​តែមួយ ដើម្បី​បង្កលក្ខណៈ ងាយស្រួល និង​ឆ្លើយតបបាន​ទាន់ពេលវេលា​តាម​តម្រូវការ​ជាក់ស្តែង របស់​ប្រជាពលរដ្ឋ​នៅ តាម​មូលដ្ឋាន​នានា នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ស្របតាម​គោលនយោបាយ​យុទ្ធ សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ស្តីពី ការធ្វើកំណែទម្រង់​រដ្ឋបាល​សាធារណៈ និង​អភិបាលកិច្ច​ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន តំណាង​ក្រសួង​មហាផ្ទៃ អភិបាលរង​រាជធានី ខេត្ត មន្ត្រី​អង្គភាព​ច្រកចេញចូល​តែ មួយ​នៃ​រដ្ឋបាល​រាជធានី ខេត្ត និង​សមាជិក សមាជិកា នៃ​អង្គ​សិក្ខាសាលា​ទាំងមូល ដែល​បាន​អញ្ជើញ​ចូលរួម​ថ្ងៃនេះ ដើម្បី​ចែករំលែក​បទពិសោធន៍​ល្អៗ និង​សិក្សា​ឈ្វេង យល់​គ្នា​ទៅវិញទៅមក​អំពី​យន្តកា​រ បែបបទ និតិ​វិធី​នៃ​ការផ្តល់​សេវា​រដ្ឋបាល ការគ្រប់គ្រង​ចំណូល ដែល​ប្រមូលបាន​ពី​វិស័យ​ព័ត៌មាន ការបែងចែក​ប្រាក់រង្វាន់​ដល់​មន្ត្រី អង្គភាព​ជំនាញ និង​មន្ត្រី​រដ្ឋបាល ដែល​បំពេញ​ភារកិច្ច​នៅ​អង្គភាព​ច្រកចេញ ចូល​តែ​មួយ​នៃ​រដ្ឋ បាល​រាជធានី​ខេត្ត ដើម្បី​បង្កើន​គុណភាព ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែមថា ដើម្បីឱ្យ​ដំណើរការ​ធ្វើ​ប្រតិភូកម្ម​មុខងារ​ផ្តល់ សេវា​រដ្ឋបាល​លើ​វិស័យ​ព័ត៌មាន របស់​ក្រសួង​ព័ត៌មាន ដោយ​អង្គភាព​ច្រក ចេញចូល​តែ​មួយ នៃ​រដ្ឋបាល​រាជធានី ខេត្ត បាន​ប្រព្រឹត្តទៅ​ដោយ​ភាពរលូន និង​មាន​លក្ខណៈ​ស៊ីជម្រៅ មន្ត្រី​ជំនាញ​ក្រសួង​ព័ត៌មាន មន្ត្រី​ក្រសួង​មហាផ្ទៃ​ធ្វើ​នឹង​បទ​បង្ហាញ ស្តីពី​ការធ្វើ​ប្រតិភូកម្ម​ផ្តល់ សេវា​រដ្ឋបាល​លើ​វិស័យ​ព័ត៌មាន​ទៅឱ្យ​រដ្ឋបាល​រាជធានី ខេត្ត បង្ហាញ​អំពី​ប្រភេទ​សេវា​រដ្ឋបាល លើ​វិស័យ​ព័ត៌មាន ដែល​ត្រូវ​ធ្វើ​ប្រតិភូកម្ម​មុខងារ​ទៅឱ្យ​រដ្ឋបាល​រាជធានី ខេត្ត​ទទួលខុសត្រូវ​អនុវត្ត​ន៍​បន្ត​។​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ផ្តាំផ្ញើ​ដល់​អង្គ​សិក្ខាសាលា​ទាំងមូល ដែល​មាន​កាតព្វកិច្ច អនុវត្តន៍​ការងារ​នេះ​យកចិត្តទុកដាក់ និង​ចូលរួម​ជជែក​ពិភាក្សា​ផ្លាស់ប្តូរ យោបល់​គ្នា​ឱ្យ បាន​ផុលផុស ដើម្បី​ឈ្វេងយល់​អំពី​យន្តការ បែបបទ និតិ​វិធី​នៃ​ការផ្តល់​សេវា​រដ្ឋបាល ការគ្រប់គ្រង​ចំណូល ដែល​ប្រមូល​ពី​វិស័យ​ព័ត៌មាន ការបែងចែក​ប្រាក់រង្វាន់​ដល់ មន្ត្រី​អង្គភាព​ជំនាញ និង​មន្ត្រី​រដ្ឋបាល​ដែល​បំពេញ​ភារកិច្ច​នៅ អង្គភាព​ច្រកចេញចូល​តែមួយ នៃ​រដ្ឋបាល​រាជធានី​ខេត្ត ដើម្បី​បង្កើន​គុណភាព ប្រសិទ្ធភាព នៃ​ការផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ឆ្លើយតប​បាន​ទាន់ពេលវេលា​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ការ​កៀរគរ​ចំណូល​ចូល​ថវិកា​ជាតិ ព្រមទាំង​ការលើកទឹកចិត្ត​ដល់​អ្នក​អនុវត្តន៍ ការងារ​នៅ​ច្រកចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​រាជធានី​ខេត្ត ឱ្យ​បំពេញ​ភារកិច្ច​កាន់​តែ​សកម្ម​ថែមទៀត​ ។

ជាមួយ​នេះ​ក៏​មាន​លោក អួន ហេង ប្រធាន​នាយកដ្ឋាន​មុខងារ និង​ធនធាន​នៃ​អគ្គ នាយកដ្ឋាន​រដ្ឋបាល ក្រសួង​មហាផ្ទៃ​នឹង​ធ្វើ​បទ​បង្ហាញ ស្តី​ពី​ការបង្កើន​យន្តការ​ច្រកចេញ ចូល​តែ​មួយ ដើម្បី​ផ្តល់​សេវា​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ចែករំលែក​ចំណេះដឹង បទពិសោធន៍​ដល់​សិក្ខាកាម​ថ្ងៃនេះ​ផងដែរ​ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *