- ព័ត៌មានជាតិ

ប្រទះ​ឃើញ​សព​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ​Amelia Bambridge អាយុ​២១​ឆ្នាំ ដែល​បាត់​ខ្លួន​នៅ​កោះរ៉ុង​ជាង​មួយ​សប្តាហ៍​កន្លងមកនេះ

ក្រុង​កោះរ៉ុង ៖ ទី​បំផុត​ទៅ​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ​Amelia Bambridge អាយុ​២១​ឆ្នាំ ដែល​បាត់​ខ្លួន​នៅ​កោះរ៉ុង​ជាង​មួយ​សប្តាហ៍​កន្លងមកនេះ នាង​បាន​ស្លាប់​ទៅហើយ ក្រោយពី​សមត្ថកិច្ច​ដែល​ចុះ​តាម​ស្វែងរក បាន​ប្រទះឃើញ​សាកសព​ស្ត្រី​រងគ្រោះ​អណ្តែត នៅលើ​លម្ហ​សមុទ្រ​ក្នុង​ភូមិសាស្ត្រ​ស្រុក​កោះ​ស្តេច ចម្ងាយ​ពី​កោះរ៉ុង ប្រមាណ​ជាង​៤០​ម៉ា​យ នា​រសៀល​ថ្ងៃ​៣១​តុលា​២០១៩​នេះ ។

​ភ្លាមៗ​ក្រោយ​រកឃើញ សាកសព​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​ដឹកជញ្ជូន​នាំ​មកកាន់​កំពង់ផែ​ក្រុងព្រះសីហនុ​ដើម្បី​ធ្វើ​ការងារ​បន្ត​តាម​និតិ​វិធី​។​

​មន្ត្រី​កងទ័ព​ជើង​ទឹក​នៅ​ក្នុង​ទីបញ្ជាការ​ជួរ​មុខ​គណកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​អោយ​PNN ដឹងថា សាកសព​ស្ត្រី​រងគ្រោះ​ត្រូវបាន​កម្លាំង​ទី​បញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ក្រោម​កិច្ចសហការ​ជាមួយ ក្រុមហ៊ុន ជី ធី វី ស៊ី ស្ពី​ត​ប៊ូត កម្ពុជា របស់​លោក​ឧកញ៉ា​ទៀ វិចិត្រ បាន​ប្រទះឃើញ​សាកសព​ស្ដ្រី​ជនជាតិអ​ង់​គ្លេស​ឈ្មោះ Amelia Bambridge រូបនេះ អណ្ដែត​នៅ​លើ​ផ្ទៃ​សមុទ្រ​នៅ​ចំណុច​( ខន ដ​រ ) ក្បែរ​ព្រំដែន​សមុទ្រ​កម្ពុជា ថៃ ។​

​ទោះជា​យ៉ាងនេះក្តី ភ្លាមៗ​ក្រោយ​ទទួលដំណឹង​ថា​សាកសព​ត្រូវបាន​រក​ឃើញ​ហើយ​នោះ ក្រុម​អ្នករាយការណ៍​ព័ត៌មាន​នៅ​មិនទាន់​ទទួលបាន​របាយការណ៍​ពី​សមត្ថកិច្ច​ជំនាញ​អំពី​ការស្លាប់​របស់​ស្ត្រី​រងគ្រោះ​ថា​បណ្តាលមកពី​មូលហេតុ​អ្វី​នៅ​ឡើយ​ទេ ដោយ​រងចាំ​សមត្ថកិច្ច​ធ្វេី​កោសល្យវិច័យ​៕

Leave a Reply

Your email address will not be published. Required fields are marked *