- ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន ស្នើ​ឱ្យ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​មាន​ការអត់ធ្មត់ តែ​ក៏​ត្រូវ​ត្រៀម​ខ្លួន​វាយបក​គ្រប់​ទម្រង់​នៃ​ការឈ្លានពាន​

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា បាន​ស្នើ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​មាន​ការអត់ធ្មត់ ក្នុង​ពេល​រង់ចាំ​ការដោះស្រាយ ពាក់ព័ន្ធ​បញ្ហា​នៅ​មុំ​៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តា​ក្របី តែ​ក៏​ត្រូវ​ត្រៀម​ខ្លួន​វាយបក​គ្រប់​ទម្រង់​នៃ​ការឈ្លានពាន​។​

​តាមរយៈ​ការ​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​នា​រាត្រី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៥​នេះ សម្តេច​តេជោ បាន​ប្រកាស​គាំទ្រ​ទាំងស្រុង ក្រោយ​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា នឹង​យក​បញ្ហា​នៅ​មុំ​៣ បញ្ហា​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តា​ក្របី ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) តែម្តង​។​

​សម្តេច​តេជោ ប្រធានព្រឹទ្ធសភា បាន​គូស​រំលេច​ថា MOU ឆ្នាំ​២០០០ ហាក់​ទៅមុខ​មិន​រួច ដែល​បង្ក​ឲ្យមាន​ភាពមិនច្បាស់លាស់​រ​ហូត​ចោទប្រកាន់​គ្នា និង​ជម្លោះ​ប្រដាប់អាវុធ​ច្រើនដង​មកហើយ​។​

​សម្តេច​តេជោ បាន​បន្តថា ប្រសិន​ភាគី​ថៃ​មានចិត្ត​ស្មោះត្រង់​ចង់​ដោះស្រាយ​ពិតប្រាកដ គួរតែ​ឯកភាព​ដឹក​ដៃ​គ្នា​ទៅឱ្យ​តុលាការ​ជួយ​កាត់សេចក្តី​តែម្តង មិនចាំបាច់​កម្ពុជា​ប្តឹង​នោះទេ​។​

​តាមរយៈ​សារ​ខាងលើ សម្តេច ប្រធានព្រឹទ្ធសភា បាន​សង្កត់ធ្ងន់ថា « យើង​រង់ចាំ​មើល​ឥរិយាបទ​របស់​ថៃ​លើ​ចំណុច​នេះ តើ​ហ៊ាន ឬ​មិន​ហ៊ាន​?»៕

Leave a Reply

Your email address will not be published. Required fields are marked *