- ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ស្រុក​អង្គស្នួល ចំនួន ៩​ភូមិ ទទួល​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន ជាង ៥០០០​ក្បាលដី ពី​មន្ទីរ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត​

ខេត្ត​កណ្តាល​៖ ប្រជាពលរដ្ឋ​ចំនួន ៩​ភូមិ គឺ​ភូមិ​ត្រើយ​បឹង ភូមិ​ប្រប​វត្ត ភូមិ​ទួល​លៀប ភូមិ​សល់​ដី ភូមិ​ចំការ​ស្លែង ភូមិ​ក្រាំង​លា​វ ភូមិ​ទន្លាប់ ភូមិ​ចំបក់​ទន្សាយ ភូមិ​ត្រពាំង​រាំង ក្នុង​ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ទទួល​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ចំនួន ៥០០០​ប័ណ្ណ សម្រាប់​យក​ទៅ​ប្រើប្រាស់​ទៅតាម​តម្រូវការ​ចាំបាច់​របស់​ពួកគាត់ ពី​មន្ទីរ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត​កណ្តាល​។​

​ឯកឧត្តម ឈឿន ប៊ុណ្ណា​រ័ត្ន រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម នូ សា​ខន ប្រធាន​ក្រុមប្រឹក្សា ខេត្ត​កណ្តាល និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល នៅ​រសៀល​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ ចំនួន ៩​ភូមិ នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​

​ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​កណ្ដាល បានបញ្ជាក់​ថា ការចែក​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ ជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​ការយកចិត្តទុកដាក់​ខ្ពស់ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការធានា​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់ ជូន​ប្រជាពលរដ្ឋ សំដៅ​លើកកម្ពស់​ជីវភាព សុខុមាលភាព និង​ការកាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​រួមចំណែក ដល់​ការពង្រឹង យុត្តិធម៌ និង​ស្ថេរភាព​សង្គម​។ អនុវត្តតាម​គោលនយោបាយ​គន្លឹះ​របស់ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គឺ​ការចុះបញ្ជី​ដីធ្លី បង្ហើយ រដ្ឋបាល​ខេត្ត​កណ្តាល រួម​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សូរិយោដី​ខេត្តក​ណ្ដាលនឹង​ខិតខំ​ប្រឹងប្រែង ដើម្បី​ជម្រុញ​ការចុះបញ្ជី​ដី​ទូទាំង​ខេត្ត​កណ្តាល​ឱ្យ បាន​ចប់​នៅ​ឆ្នាំ​២០២៥​នេះ​។

​ឯកឧត្តម​បាន​អភិបាល បាន​បន្ថែមថា ការចុះបញ្ជី​ដីធ្លី​បង្ហើយ គឺជា​ការងារ​អាទិភាព​ចំពោះមុខ ដើម្បី​ធ្វើឱ្យ​វិវាទ​ដីធ្លី​កាន់តែ​កាត់បន្ថយ និង​បង្រួម​កាន់តែ​តូច​ទៅៗ ហើយ​នៅពេល​ដែល​យើង​បាន​ចុះបញ្ជី​ដីធ្លី​រួច ដីធ្លី​របស់​យើង​កាន់តែ​មាន​សុវត្ថិភាព​ផ្លូវច្បាប់ និង​សន្តិភាព​ផ្លូវចិត្ត ក្នុង​ការកាន់កាប់​អ​ច​ន​ទ្រព្យ​របស់​ប្រជាពលរដ្ឋ និង​កសាង​សង្គម​សុខដុម​នីយកម្ម​នៅ​កម្ពុជា​ផងដែរ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល បាន​ថ្លែង​ការកោតសរសើរ​ពី​ការខិតខំ​របស់​មន្ទីរ​រៀបចំ​ដែនដី និង​ប្អូនៗ ក្មួយៗ​យុវជន​ស្ម័គ្រចិត្ត​ទាំងអស់ ដែល​បាន​លះបង់​នូវ​ពេលវេលា ពេល​ខ្លះ​ក៏​ត្រូវ​ចុះ​បំពេញ​ការងារ​ទាំង​ថ្ងៃ​ឈប់សម្រាក ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ​។ ជាមួយ​គ្នា​ដែរ​ឯកឧត្តម​អភិបាលខេត្ត បាន​សម្ដែង​នូវ​ការអបអរសាទរ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ៣​ភូមិ ក្នុង​ឃុំ​ឫស្សី​ជ្រោយ និង​ឃុំ​ព្រែក​អញ្ចាញ ដែល​ទទួលបាន​កម្មសិទ្ធិ​នាពេលនេះ​។​

​សូមជម្រាបថា បើ​យោងតាម​របាយការណ៍រ​បស់ លោក សុក កាន់​ណា​រិទ្ធ ប្រធាន​មន្ទីរ រៀបចំ​ដែនដី គរ​រូបនីយកម្ម​សំណង់ និង​សូរិយោដី​ខេត្ត​កណ្ដាល បានអោយដឹងថា​៖ ស្រុក​អង្គស្នួល បាន​បង្កើត​ក្រុម​ចុះបញ្ជី​នៅ​ដើម ឆ្នាំ​២០០៤ និង​បាន​កែសម្រួល​ក្រុម​ចុះបញ្ជី​ថ្មី​នៅ​ឆ្នាំ​២០២៣ មាន​២០០​ភូមិ បាន​ចុះបញ្ជី​ចប់​ចំនួន ៤​ឃុំ សរុប​១២៤​ភូមិ និង​កំពុង​អនុវត្ត​បន្ត​ភូមិ​ចំនួន ៧៦ ជា លទ្ធផល​÷ វាស់វែង​ប្រមូល​ទិន្នន័យ​បាន​ចំនួន ១១៧,៩៩៨ ក្បាលដី បញ្ចូល​ទិន្នន័យ​ក្បាលដី បាន​ចំនួន ១១១,៦៥២​ក្បាលដី និង​សម្រេច​ចេញ​បណ្ណ ១២៤​ភូមិ​បាន​ចំនួន បាន​ចំនួន ៥៥,០៩៤ ក្បាលដី​។​

Leave a Reply

Your email address will not be published. Required fields are marked *