- ព័ត៌មានជាតិ

​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា គាំទ្រ​និង​កោតសរសើរ​រាជរដ្ឋាភិបាល​ដែល ខិតខំ​ប្រឹងប្រែង​និង​យកចិត្តទុកដាក់​ជំរុញ អភិវឌ្ឍន៍ គាំទ្រ អាជីវកម្ម​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​

​ក្នុង​ការពិភាក្សា​លើ​ប្រធាន​ស្តីពី សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អង្គ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា បាន​គាំទ្រ​និង​ថ្លែង​ការកោតសរសើរ​ចំពោះ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០២៣ ឆ្នាំ​២០២៨ ដែល​ដាក់​ចេញ​ដោយ​រាជ​រដ្ឋា​ភ្បា​ល ថា​ជា​យុទ្ធសាស្ត្រ​ដ៏​ត្រឹម​ម​ត្រូវ ស្រប​នឹង​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​បច្ចុប្បន្ន និង​ទៅ​អនាគត ក្នុង​រយៈពេល​នៃ​អាណត្តិ​ទី​៧​នេះ​។​

​អង្គ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា បាន​លើកឡើង​ថា​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ ២០២៣ ឆ្នាំ​២០២៨ ពិតជា​ស្របទៅនឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​ដែល​ផ្តោត​លើ​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព​និង​ចីរភាព​។ អាទិភាព​គន្គឹះ​ទាំង​៥ មាន​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ជាពិសេស​បច្ចេកវិទ្យា​ឌីជីថល ក៏​បាន​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​នេះ ក្នុង​ការឆ្លើយតប​ទៅនឹង​និន្នាការ​បដិវត្ត ឧស្សាហកម្ម​ទី​៤ និង​បរិវត្ត​កម្ម​ឌីជីថល​នៅ​កម្ពុជា សំដៅ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​យុទ្ធសាស្ត្រ​នេះ ក៏​បាន​បង្ហាញ​ពី​កិច្ចការ​សំខាន់ៗ​ដូចជា ការរៀបចំ​មូលដ្ឋាននិន្នន័​យ​សម្រា​ប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បង្កើន​ការផ្សព្វផ្សាយ​និង​ការយល់ដឹង​ជា​សាធារណៈ និង​ភាព​ជា​អ្នកដឹកនាំ របស់​ក្រសួង​ស្ថាប័ន​។ ការសម្របសម្រួល​អន្ត​រ​ក្រសួង និង​ការចូលរួម​របស់​ដៃគូ​អភិវឌ្ឍន៍​និង​សមាគម​ជាតិ​និង​អន្តរជាតិ គឺជា​កិច្ចសហការ​ដ៏​សំខាន់​ក្នុង​ការធានា​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​នេះ​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រាប​អង្គ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​ថា ក្នុង​គោលបំណង​កែលម្អ​ជីវភាព​ប្រជាពលរដ្ឋ​និង​អាច​រួមចំណែក​ជា​អតិ​បបរ​មា​ក្នុង​ការឈាន​ទៅ​សម្រេច​បាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព បរិ​យាប​ន្ន ភាព​រឹងមាំ​និង​ភាព​ធន់​នឹង​វិបត្តិ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០២៣ ២០២៨ ដែល​ជា​កម្ម​វិធី​ទី​៤ នៃ​កម្មវិធី​គោលនយោបាយ​អាទិភាព​ចំនួន​៦ ក្នុងការ​គោលដៅ​ទឹកចិត្ត​អ្នក​ប្រកប​របរ​និង​ធ្វើ​ការងារ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឱ្យ​រីក​ធំធាត់ មានលទ្ធភាព​ឈាន​ចូល​ក្នុង​ប្រព័ន្ធ​និង​អាច​ទទួលបាន​ផលប្រយោជន៍​ពី​ប្រព័ន្ធ​គាំពារ​សង្គម​ផ្លូវការ​។​

​យោង​តាម​ការអង្កេត​កម្លាំង​ពលកម្ម​កម្ពុជា​ឆ្នាំ​២០១៩ កម្ពុជា​មាន​កម្លាំង​ពលកម្ម​ប្រមាណ​៧,៩​លាន​នាក់​ដោយ​នៅ​ក្នុង​នោះ ២១,៥% ឬ​ស្មើ​១,៧​លាន​នាក់ ធ្វើការ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ខណៈ​ដែល​កម្លាំង​ពលកម្ម​ដ៏​ច្រើន​គឺ​៦,២ លាន​នាក់ ធ្វើការ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ភាគច្រើន​ខ្វះ​លទ្ធភាព​ទទួលបាន​សេវា​សំខាន់ៗ ដែល​ធ្វើឱ្យ​ពួកគាត់​ងាយ​រងគ្រោះ​ដោយសារ​វិបត្តិ​។​

​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា បាន​អបអរសាទរ​និង​កោតសរសើរ​រាជរដ្ឋាភិបាល​ដែល​បាន​ខិតខំ​ប្រឹងប្រែង​និង​យកចិត្តទុកដាក់​ជំរុញ អភិវឌ្ឍន៍ គាំទ្រ និង​ជួយ​សម្របសម្រួល​ដល់​ព​ល​រដ្ឋ​ដែល​កំពុង​ប្រកបមុខរបរ​ធ្វើ​ការងារ និង​មាន​អាជីវកម្ម​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ព្រមទាំង​បង្កើត​ឱកាស​ដល់​ប្រជាពលរដ្ឋ​អាច​អភិវឌ្ឍន៍​អាជីវកម្ម និង​ពង្រីក​មុខរបរ​ជា​ពិសេស​ធ្វើឱ្យ​កម្រិតជីវភាព និង​សុខមាលភាព​របស់​ពល​រដ្ឋ​កាន់តែ​ប្រសើរ​។ ជាក់ស្តែង​រាជរដ្ឋាភិបាល​បានរៀបចំ​និង​អនុវត្ត​ការងារ​សំខាន់ៗ​ដូចជា អនុក្រិត្យ​ស្តីពី​ការចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ការបង្កើត​ថ្នាល់​ឌីជីថល​សម្រាប់​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ វិធានការ​គាំទ្រ និង​កញ្ចប់​អត្ថប្រយោជន៍​ផ្នែក​ពន្ធដារ ផ្នែក​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ផ្នែក​គាំពារ​សង្គម ផ្នែក​ហិរញ្ញវត្ថុ​ធនាគារ ព្រមទាំង​យន្តការ​ត្រួតពិនិត្យ​តាមដាន​និង​វាយតម្លៃ​ថែមទៀត​។​

​បន្ទាប់ពី​បាន​ពិភាក្សា​យ៉ាង​ផល​ផុស​ដោយ​មាន​សមាជិក​ស​មាជិកា​អង្គស​មាជចំនួន​២៣​នាក់ បាន​ឡើង​មាន​មតិ​យោបល់​បន្ទាប់ពី​ការបកស្រាយ​និង​អន្តរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​និង​ឥស្សរជន​ជំនាញ​រួចមក អង្គ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា បាន​អនុម័ត​គាំទ្រ​ទាំងស្រុង​លើ​សេចក្តីសម្រេច​ស្តីពី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ជា​គឺជា​គន្លង សំខាន់​ក្នុង​ការជំរុញ​សេដ្ឋកិច្ចជាតិ និង​ការកែលម្អ​ជីវភាព​ប្រជាជន​៕
​ក្រសួង​ព័ត៌មាន​

Leave a Reply

Your email address will not be published. Required fields are marked *