- ព័ត៌មានជាតិ

ពិធី​ទទួល​ថវិកា និង​អំណោយ​ពី​សប្បុរសជន​នានា មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​រដ្ឋបាល​ក្រុង​-​ស្រុក លើក​ទី​៤ អបអរ​ខួប​លើក​ទី​១៦២ ៨​ឧសភា ឆ្នាំ​២០២៥

​ខេត្ត​កណ្តាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ទទួល​ថវិកា និង​អំណោយ​ពី​សប្បុរសជន​នានា មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​រដ្ឋបាល​ក្រុង​ស្រុក លើក​ទី​១ ក្នុង​ពិធី​អបអរ​ខួប​លើក​ទី​១៦២ ៨​ឧសភា ២០២៥ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម នៃ​សាខា​កាកបាទ ក្រហម​កម្ពុជា ខេត្ត​កណ្ដាល ក្រោម​ប្រធានបទ «​រួម​គ្នា​ស្ម័គ្រចិត្ត ដើម្បី​សហគមន៍​មាន​សុខភាព​ល្អ និង​មាន​ភាព​ធន់​នឹង​អាកាសធាតុ​» និង​ខួប​លើក​ទី​៧០ ឆ្នាំ កាកបាទក្រហមកម្ពុជា ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល​។

​ឯកឧត្តម គួច ចំរើន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ ជូន​ចំពោះ​សប្បុរសជន​នានា មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​រដ្ឋបាល​ក្រុង​-​ស្រុក ដែល​បាន​នាំយក​ថវិកា និង​សម្ភារ​ប្រគល់ជូន​សាខា​កាកបាទ​ក្រហម​ខេត្ត​កណ្តាល​នា​ឱកាស​នេះ ព្រមទាំង​បាន​ធ្វើ​ការអំពាវនាវ​ចំពោះ​ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា ជា​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន និង​បងប្អូន​ជនរួមជាតិ សូម​ចូលរួម​បរិច្ចាគ​ថវិកា​តាម​សទ្ធា​ជ្រះថ្លា ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដើម្បី​ឱ្យ​សាខា​មាន​ធនធាន​បន្ត​ផ្តល់​សេវាកម្ម​មនុស្សធម៌ ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​ជួយ​សម្រាល​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត ស្រប​តាម​គោលការណ៍​គ្រឹះ​របស់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម​។ ថវិកា​ទាំងអស់​នេះ គឺ​ពិតជា​មាន​តម្លៃ និង​ឆ្លើយតបបាន​ទាន់ពេលវេលា ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ការខ្វះខាត និង​ជួប​នូវ​គ្រោះ​មហន្តរាយ​ផ្សេងៗ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល​។​

​ឯកឧត្តម ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​មានប្រសាសន៍ថា ជានិច្ចកាល​កាកបាទក្រហមកម្ពុជា​ខេត្ត តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​មិន​គិតពី ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ​។ ហើយ​ឯកឧត្តម បាន​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន អាជីវករ ពាណិជ្ជករ នឹង​បន្ត​ចូលរួម​យ៉ាងច្រើន​កុះករ​ជួយឧបត្ថម្ភ​ជា​ថវិកា សម្ភារៈ​ដល់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កណ្តាល ជា​បន្ត​ទៀត​។ ក្រុមការងារ​សាខា​ទទួល​មូលនិធិ​របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កណ្តាល នឹង​រង់ចាំ​ទទួល​អំណោយ​ពី​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​រៀងរាល់​ម៉ោង​ធ្វើការ​នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​។​

​សូមជម្រាបថា ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន​នានា នៅថ្ងៃនេះ រួមមាន​ប្រាក់​រៀល​ចំនួន ១៨៥,២៦៦,៦៦៦ រៀល ប្រាក់​ដុល្លារ​ចំនួន ៧,៧៧២​ដុល្លារ និង​អង្ករ​មួយ​តោន​។​

Leave a Reply

Your email address will not be published. Required fields are marked *