- ព័ត៌មានជាតិ

​កម្ពុជា​-​វៀតណាម ឯកភាព​រួម​គ្នា​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ កសាង​ព្រំដែន​ឲ​ក្លាយជា​ព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​

នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ង្វៀន តឹន​គឿង អនុ​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស និង​ជា​ប្រធាន​អគ្គសេនាធិការ​កងទ័ព​ប្រជាជន​វៀតណាម បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥​។​

​ក្នុង​ថ្ងៃ​ទី​១ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​នៅ​កម្ពុជា គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ព​ប្រជាជន​វៀតណាម ដឹកនាំ​ដោយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ង្វៀន តឹន​គឿង អនុ​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស និង​ជា​ប្រធាន​អគ្គសេនាធិការ​កងទ័ព​ប្រជាជន​វៀតណាម បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​អគ្គបញ្ជាការដ្ឋាន​។​

​នៅក្នុង​ជំនួប​នោះ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែង​នូវ​ការស្វាគមន៍​ដល់​ដំណើរ​បំពេញ​ទស្សនកិច្ច​សារ​ជា​ថ្មី​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ង្វៀន តឹន​គឿង នៅ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទស្សនកិច្ច​នេះ​ដែល​នាំមក​នូវ​ការពង្រឹង​ពង្រីក​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រីកចម្រើន រឹងមាំ និង​ប្រកបដោយ​ភាពជិតស្និទ្ធ​ដូច​ជា​បងប្អូន រួមចំណែក​ក្នុង​ការថែរក្សា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេស​ទាំង​ពីរ ក៏ដូចជា​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ង្វៀន តឹន​គឿង បាន​លើ​ទ្បើង​ថា កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន កិច្ច​សហប្រតិបត្តិការ​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​ត្រូវ​បាន​អនុវត្ត​កាន់តែ​ស៊ីជម្រៅ និង​មាន​ប្រសិទ្ធភាព ដោយ​ភាគី​ទាំងពីរ​បាន​សហកា​រយ៉ា​ង​ជិតស្និទ្ធ​នូវ​ការផ្លាស់ប្ដូរ​ព័ត៌មាន ការផ្លាស់ប្ដូរ​ទស្សនកិច្ច​គ្រប់​កម្រិត ជាពិសេស​ការប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​ហេតុការណ៍​រវាង​អគ្គសេនា​ធិកា​រកងទ័ព​ប្រជាជន​វៀតណាម និង​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បានលើកឡើង​ពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា​និង​វៀតណាម ដែល​កើតមាន​តាំងពី​យូរលង់​មកហើយ និង​បាន​ពូន​ជ្រុំ​ដោយ​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​ពីរ​នៅ​គ្រប់​ជំនាន់ ធ្វើឱ្យ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​បន្ត​រីកចម្រើន រឹងមាំ​ជា​លំដាប់ គ្មាន​កម្លាំង​អមិត្ត​ណា​មក​បំបែកបំបាក់​បានឡើយ ទោះបី​ស្ថានភាព​សន្តិសុខ​ពិភពលោក និង​តំបន់​មាន​ភាពស្មុគស្មាញ ពិបាក​ប៉ាន់ស្មាន​យ៉ាងណាក៏ដោយ​។ ក្នុងនាម​ក្រសួង​ការពារជាតិ និង​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​, ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព​ប្រទេស​ទាំង​ពីរ​កន្លងមក ហើយ​កងយោធពល​ខេមរភូមិន្ទ​នឹង​បន្ត​អនុវត្ត​នូវ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ពិធីសារ​ដែល​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ប្រទេស​ទាំង​ពីរ​៕

Leave a Reply

Your email address will not be published. Required fields are marked *