នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ចាន់ ទិត្យ ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានចូលរួមជាមួយអជ្ញាធរខេត្ត បានរៀបចំយុទ្ធនាការសម្អាតអនា ម័យបរិស្ថានក្នុងក្រុងសែនមនោរម្យ ដោយមានការអញ្ជើញចូលរួមពីលោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី អង្គការWCFនិងមាន ការចូលរួមពី កងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងសែនមនោរម្យ ស.ស.យ.ក ព្រមទាំងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ ចាប់ពីសួនដំរីដែររហូតដល់វិមានឯករាជ្យ ក្នុងក្រុងសែនមនោមរ្យ ខេត្តមណ្ឌលគិរី។
នាឱកាសប្រារព្ធទិវានេះដែរ លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការប្រារព្ធទិវានេះ ក្នុងគោលបំណងបំផុស ស្មារតី និងផ្លាស់ប្តូរឥរិ យាបថប្រជាពលរដ្ឋឱ្យចេះស្រលាញ់ ថែរក្សា និងជាពិសេសធ្វើការសម្អាតអនាម័យបរិស្ថាន។ ការប្រារព្ធទិវានេះ នឹងក្លាយជាចរន្តចលករដែលជំរុញឱ្យមានការផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថានចេញពីបុគ្គលម្នាក់ៗក្នុងការចេះទទួល ខុសត្រូវ ទុកដាក់កាក សំណល់ដោយមិនបោះ ចោលពាសវាល ពាសកាលនៅតាមទីសាធា រណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព ក្នុងក្រុងសែនមនោរម្យ និងទូទាំងខេត្ត។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា បញ្ហាប្រឈមមួយចំនួន ក្នុងនោះរួមមាន បញ្ហាសំរាម សំណល់រឹង រាវ នៅតាមទីប្រជុំជន និងទីក្រុង ដែលមានការកើនឡើងយ៉ាងខ្លាំង គួបផ្សំនឹងប្រព័ន្ធគ្រប់គ្រងសំរាមនាពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។ សំណល់សំរាមមួយចំនួនពិសេសសំណល់ប្លាស្ទិក ត្រូវបានពលរដ្ឋខ្លះដុត និងខ្លះបានបោះចូលទៅក្នុងទឹក និងសមុទ្រ បង្កគ្រោះថ្នាក់សម្រាប់ជីវ ចម្រុះដែលពិភពលោក បាននឹងកំពុងយកចិត្តទុកដាក់ ។
លោក អភិបាលរងខេត្ត ក៏បានក្រើនរម្លឹក ក៏ដូចជាជំរុញឱ្យស្ថាប័នសាធារណៈ និងឯកជនអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ចូលរួមធ្វើអនាម័យ និងថែរក្សាបរិស្ថានជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីការគ្រប់គ្រង ទុកដាក់សំរាម និងសំណល់រឹងឱ្យបានត្រឹមត្រូវផងដែរ៕







