- ព័ត៌មានជាតិ

​ព្រះមហាក្សត្រ យាង​ប្រារព្ធ​ព្រះរាជ​ពិធី «​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥ មិថុនា​»

(​ភ្នំពេញ​)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ សព្វព្រះរាជហឫទ័យ​ស្តេចយាង​ប្រារព្ធ​ព្រះរាជ​ពិធី «​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥ មិថុនា​» នៅ​ថ្ងៃ​ទី​៥​មិថុនា​នេះ​។

​ព្រះរាជ​ពិធី «​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥ មិថុនា​» ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួង​បរិស្ថាន ក្រោម​ប្រធានបទ​៖ «​ប្រយុទ្ធ​ប្រឆាំង​ការបំពុល​ដោយ​ប្លា​ស្ទិក (Beat Plastic Pollution)»​។ ព្រះរាជ​ពិធី​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​មរតក​តេជោ​។ នេះ​ជា​ឆ្នាំ​ដំបូង​ហើយ ដែល​ព្រះរាជ​ពិធី «​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥ មិថុនា​» ត្រូវបាន​ប្រារព្ធ​ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ ដែល​ជា​ការបង្ហាញ​ឱ្យឃើញ​ពី​ការយក​ព្រះទ័យ​ទុកដាក់​យ៉ាង​ជ្រាលជ្រៅ​របស់​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​លើ​បញ្ហា​បរិស្ថាន​។​

​ក្នុង​ពិធី​នា​ព្រឹក​ថ្ងៃនេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​, សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ព្រមទាំង​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អភិបាល​រាជធានី ខេត្ត ក៏ដូចជា​មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្ស និស្សិត​យ៉ាងច្រើន​កុះករ​។​

​ទិវា​បរិស្ថាន​ពិភពលោក ត្រូវបាន​បង្កើតឡើង​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​១៩៧២ ក្នុងឱកាស​សន្និសីទ​ស្តីពី​បរិស្ថាន​មនុស្ស នៅ​ទីក្រុង​ស្តុក​ខូម ប្រទេស​ស៊ុយអែត ដោយ​បាន​កំណត់​យក​ថ្ងៃ​ទី​៥ ខែមិថុនា ជា​ថ្ងៃ​ប្រារព្ធ​ពិធី​។ ប្រទេស​កម្ពុជា បាន​ចូលរួម​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​តាំងពី​ឆ្នាំ​១៩៩៣ និង​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​ពិភពលោក​បញ្ចូល​គ្នា​ជា​រៀងរាល់ឆ្នាំ​។

​ទិវា​បរិស្ថាន​ជាតិ ត្រូវបាន​ចារឹក​ក្នុង​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ ដែល​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២៣ ដោយ​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ជាមួយ​នឹង​ប្រធាន «​ប្រយុទ្ធ​ប្រឆាំង​ការបំពុល​ដោយ​ប្លា​ស្ទិក (Beat Plastic Pollution)» នៃ​ទិវា​បរិស្ថាន​ជាតិ និង​ពិភពលោក​នា​ឆ្នាំ សព្វថ្ងៃ​នេះ​ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​គូស​រំលេច​ពី​បញ្ហា ប្លា​ស្ទិកនៅ​ក្នុង​សង្គម​កម្ពុ​ជា ដើម្បី​ទាញ​ការចាប់អារម្មណ៍​ក្នុង​ព្រះរាជ​ពិធី​។

​ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់​ថា បច្ចុប្បន្ន​ផលិតផល​ប្លា​ស្ទិក​ជាង ៤០០​លាន​តោន ត្រូវបាន​ផលិត​ក្នុង​មួយ​ឆ្នាំៗ ប៉ុន្តែ​មាន​ប្រមាណ ១២​ភាគរយ ត្រូវ​បាន​ដុត​បំផ្លាញ ហើយ​ប្រមាណ ៩​ភាគរយ ប៉ុណ្ណោះ​ត្រូវបាន​ធ្វើ​ការកែច្នៃ​ឡើងវិញ​។ ចំណែក​ប្លា​ស្ទិក​ដែល​នៅសល់ គឺ​ត្រូវបាន​បោះចោល​នៅ​ទីលាន​ចាក់សំរាម ឬ​បញ្ចេញ​ទៅ​ក្នុង​បរិស្ថាន រួម​ទាំង​មហាសមុទ្រ​ផងដែរ​។ ប្រសិនបើ​គ្មាន​វិធានការ​ប្រកបដោយ​និរន្ត​ភាព​នោះទេ គេ​រំពឹងថា បរិមាណ​សំណល់​ប្លា​ស្ទិក​ដែល​ហូរ​ចូល​ទៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ក្នុង​ទឹក នឹង​កើនឡើង​ជិត​បី​ដង ប្រមាណ​ពី ១១​លាន​តោន ក្នុង​ឆ្នាំ​២០១៦ ដល់​ប្រមាណ​២៩​លាន​តោន ក្នុង​ឆ្នាំ​២០៤០​។

​ឯកឧត្តម​រដ្ឋ​មន្ត្រី​បរិស្ថាន បាន​គូសបញ្ជាក់ថា «​អ្វី​ដែល​គួរឱ្យ​បារម្ភ​បំផុត​នោះ​គឺ ប្លា​ស្ទិក​បាន​បំបែក​ខ្លួន​ក្លាយជា​បំណែក​តូចៗ​ហៅថា មីក្រូ​ប្លា​ស្ទិក និង​ណា​ណូ​ប្លា​ស្ទិក កំពុង​បំពុល​ខ្សែចង្វាក់​អាហារ និង​បង្ក​គ្រោះថ្នាក់​ដល់​ភាវៈ​មាន​ជីវិត​ទាំង​នៅក្នុង​ទឹក​និង​លើគោក​។ បំណែក​ប្លា​ស្ទិក​ទាំងនេះ ត្រូវបាន​រកឃើញ​នៅក្នុង​សរសៃឈាម​អាកទែរ សួត​និង​ខួរក្បាល​របស់​មនុស្ស និង​សូម្បីតែ​នៅក្នុង​ទឹកដោះ​ម្ដាយ​»​។​

​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​នៃ​រដ្ឋសភា ដែល​មាន​ក្រសួង​បរិស្ថាន​ជា​សេនាធិការ បាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​លើ​កម្មវិធី​នយោបាយ​បរិស្ថាន «​ភាព​ស្អាត​លើដី​» ដែល​ជា​កម្មវិធី​ផ្តោត​សំខាន់​លើ​ការគ្រប់គ្រង​សំរាម សំណល់​រឹង ពិសេស​សំណល់​ប្លា​ស្ទិក និង​ការធ្វើ​អនាម័យ​បរិស្ថាន​។

​តាមរយៈ​កម្មវិធី​នយោបាយ «​ភាព​ស្អាត​លើដី​» ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ដាក់ចេញ​នូវ​យុទ្ធនាការ​ដូចជា «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​!» «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​!» និង «​ផ្លូវជាតិ គ្មាន​សំណល់​ប្លា​ស្ទិក​»​។ យុទ្ធនាការ​ទាំងនេះ គឺជា​ការ​បំផុសស្មារតី និង​ជំរុញ​ទឹកចិត្ត​សាធារណជន​គ្រប់រូប​ឱ្យ​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក និង​រួម​គ្នា​សម្អាត​បរិស្ថាន​នៅ​តាម​លំនៅឋាន ភូមិឋាន ទីសាធារណៈ និង​តាម​ផ្លូវជាតិ​នានា​។ គិត​ត្រឹម​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២៥ មាន​ប្រជាពលរដ្ឋ ព្រះសង្ឃ និង​អ្នកពាក់ព័ន្ធ​ជាង ១១​លាន​អង្គ​/​នាក់ បាន​ប្តេជ្ញាចិត្ត​មិន​ប្រើប្រាស់​ថង់ប្លាស្ទិក​។ ជាង​៦​លាន​អង្គ​/​នាក់ បាន​ចូលរួម​យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​!» ផ្លូវជាតិ ៥០​ខ្សែ ស្មើនឹង ៧៣,៥% នៃ​ចំនួន​ផ្លូវជាតិ​សរុប ៦៨​ខ្សែ ត្រូវបាន​សម្អាត​។ យុទ្ធនាការ​ទាំងនេះ បាន​ក្លាយ​ជា​ចលនា​ជាតិ​មួយ​ដ៏​សំខាន់ ដែល​កំពុង​ផ្លាស់​ប្តូរ​ឥរិយាបថ​ប្រជាជន​ក្នុង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក​។​

Leave a Reply

Your email address will not be published. Required fields are marked *