- ព័ត៌មានជាតិ

វេទិកាសាធារណៈ ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​ខ្សាច់ តាម​ដង​ទន្លេមេគង្គ ក្នុង​សង្កាត់​ចំនួន​៣ របស់​ក្រុង​អរិយ​ក្សត្រ​

ខេត្ត​កណ្តាល​៖ ក្រសួង​រ៉ែ និង​ថាមពល បាន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ដ​កណ្តាល នា​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២៥​នេះ បាន​រៀបចំ​វេទិកា​សាធារណៈ​ដើម្បី​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ នឹង​ការធ្វើ​អាជីវកម្ម​ខ្សាច់ ស្ថិតនៅ​តាម​ដង​ទន្លេមេគង្គ សង្កាត់​កោះឧញ៉ាតី សង្កាត់​ព្រែក​លួង និង​សង្កាត់​ព្រែក​តា​កូវ ក្រុង​អរិយ​ក្សត្រ ខេត្ត​កណ្តាល​របស់​ក្រុមហ៊ុន ក្លូ​ប៊​ល ហ្គ្រី​ន (​ខេ​ម​បូឌា​) អេ​នើ​ជី ឌី​វេឡុ​ប​មេ ក្រោម​អធិបតីភាព​ឯកឧត្តម ខុន សេរី​រដ្ឋា អភិបាលរង​ខេត្ត​កណ្តាល និង​លោក កែវ ទូត អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ ក្រសួង​រ៉ែ និង​ថាមពល​។​

​ថ្លែង​ក្នុង​វេទិកា​នេះ ឯកឧត្តម ខុន សេរី​រដ្ឋា អភិបាលរង​ខេត្ត​កណ្តាល បាន​មានប្រសាសន៍ថា ស្របពេល​ដែល​ប្រទេស​យើង​កំពុងតែ​មាន​ការអភិវឌ្ឍ​ដូច​ច្នេះ ខ្សាច់​ដែល​បានមក​ពី​អាជីវកម្ម​នេះ គឺ​សំខាន់​ណាស់ សម្រាប់​យក​ទៅ​កសាង​ហេ​ដ្ឋា​រចនាសម្ពន្ធ័ សាលារៀន អាគារ​ផ្សេងៗ និង​ដើម្បី​ចាក់​បំពេញ​ទីតាំង​មួយចំនួន ដើម្បី​ប្រយោជន៍​ក្នុង​ការងារ​អភិវឌ្ឍ​នៅ​នាម​មូលដ្ឋាន​។​

​ឯកឧត្តម អភិបាលរង​ខេត្ត បាន​បន្តទៀតថា ក្រុមហ៊ុន​មុននឹង​ធ្វើ​អាជីវកម្ម​នៅ​ទីនេះ គឺ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​សិក្សា​អំពី លំហូរ​ទឹកទន្លេ ល្បឿន​ទឹក ស្ថានភាព​ច្រាំង និង​កិច្ចការ​បច្ចេកទេស​សំខាន់ៗ​ច្បាស់លាស់​ណាស់ ចំណែក​ក្រសួង​បរិស្ថាន​វិញ​បាន​សិក្សា​អំពី​ហេតុ​ប៉ះពាល់​បរិស្ថាន ពិនិត្យ​ជីវចម្រុះ​ដែលមាន ដូចជា ត្រី និង​សត្វ​ដែល​រស់នៅ​ក្នុង​ទឹក​មួយ​ចំនួន​ទៀត ហើយ​ក្រសួង​ទាំង​ពីរ​ចេញ​សេចក្តី បញ្ជាក់ជូន ទើប​ក្រុមហ៊ុន ចាប់ផ្តើម​ដាក់​ពាក្យ​សុំ​ធ្វើ​អាជីវកម្ម​មក​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ទទួលបាន​អាជ្ញា​បណ្ណ​ស្របច្បាប់ មុនពេល​ធ្វើ​ប្រតិ​ប​ត្ត​ការ​។​

​ទន្ទឹមនឹងនេះ​ដែរ ឯកឧត្ដម​អភិបាលរង​ខេត្ត ក៏​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ត្រូវ​យកចិត្តទុកដាក់​ស្តាប់​នូវ​បទ​បង្ហាញ​របស់​ក្រុម​ការងារ​ជំនាញ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ ក្នុងករណី​មាន​ចម្ងល់​សូម​លើក​ជា​សំណួរ និង​សំណូមពរ​ឱ្យ​បាន​ផុលផុស ដើម្បី​ក្រុមការងារ​ជំនាញ​ឆ្លើយបំភ្លឺ​បកស្រាយ​នូវ​រាល់​សំណួរ និង​សំណូមពរ​ផ្សេងៗ អំពី​ក្តីបារម្ភ របស់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យបាន​យល់​បន្ថែមទៀត​អំពី​បច្ចេកទេស​ក្នុងការ​បូម​ខ្សាច់​នេះ​។​

​ក្នុងឱកាស​នោះ​ដែរ លោក កែវ ទួត អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉េ ក៏​បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​ទាំងអស់ មេត្តា​ចូលរួម​តាមដាន​នូវ​រាល់​សកម្មភាព​នានា​ដែល​ខុស​ពី​លក្ខខ័ណ្ឌ​របស់​ក្រសួង​ក្នុង​ការបូម​ខ្សាច់ ដូចជា​បូម​ខ្សាច់​លើស​ម៉ោង​កំណត់ បូម​ខុស​ទីតាំង​ដែល​ក្រសួង​បាន​កំណត់ និង​ការដឹកជញ្ជូន​ខ្សាច់​ខុស​បទដ្ឋាន​បច្ចេកទេស ត្រូវ​រាយការណ៍​មក​អាជ្ញាធរ និង​ក្រសួង​ជាបន្ទាន់​តាមរយៈ​លេខ​ទូរស័ព្ទ​លេខ ៧២៧ បាន​គ្រប់ពេលវេលា ដោយ​មិន​អស់​លុយ ហើយ​ថែម​ទាំង​រក្សា​នូវ​ការសម្ងាត់​ជូន​ផង​ដែរ ដើម្បី​ឱ្យ​ក្រសួង​ចាត់វិធានការ​ផាកពិន័យ ឬ​អាច​ឈានទៅដល់​ការបិទ​អាជីវកម្ម​តែម្ដង​។​

​លោក ក៏​បាន​បញ្ចាក់​ថា ខាង​ក្រសួង​ក៏ដូចជា​អាជ្ញាធរ​ខេត្ត បាន​តម្រូវឱ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ខ្សាច់​ខាងលើ ត្រូវ​អនុវត្ត​ឱ្យបាន​តាម​កិច្ចសន្យា និង​លក្ខខណ្ឌ​ដែល​មាន​ក្នុង​អាជ្ញាប័ណ្ណ មិន​ត្រូវ​បូម​នៅ​ខុសពី​កន្លែង​ដែល​បានកំណត់ ឬ​បូម​កៀក​ច្រាំងទន្លេ​ជាដាច់ខាត ករណី​ធ្វើ​ខុស​កិច្ចសន្យា អាច​ប្រឈម​នឹង​ការផាកពិន័យ​តាម​ច្បាប់​កំណត់ ឬ​បិទ​អាជ្ញាប័ណ្ណ​តែម្ដង​។​

Leave a Reply

Your email address will not be published. Required fields are marked *