- ព័ត៌មានជាតិ

ពិធី​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ចំនួន ០៦​ភូមិ ក្នុង​ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​

​ខេត្ត​កណ្តាល​៖ ឯកឧត្តម តាំង ម៉េង​លាន អភិបាលរង​ខេត្ត​កណ្តាល បាន​មានប្រសាសន៍​ក្នុង​ពិធី​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​មាន​លក្ខណះ​ជាប្រព័ន្ធ ក្នុង​ស្រុក​ខ្សាច់កណ្តាល ថា​៖​ការបិទ​ផ្សាយ​នេះ​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​ដើម្បី​ទុកពេល​ឱ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ដី មក​ពិនិត្យ​ផ្ទៀងផ្ទាត់​មើល​ពី​ភាពត្រឹមត្រូវ​ពិតប្រាកដ​លើ​ដី​របស់​ខ្លួន មុន​នឹង​វាស់វែង​ចេញ​ប័ណ្ណកម្មសិទ្ធិ​។

​ឯកឧត្តម​បាន​លើកឡើង​បែបនេះ​ក្នុង​ពិធី​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ចំនួន ០៦​ភូមិ គឺ​ភូមិ​ព្រែក​តា​បែន ភូមិ​ស្លា ភូមិ​ស្វាយ​រមៀត ភូមិ​ឈើទាល ភូមិ​កណ្តាល និង​ភូមិ​ស្វាយ​ដំណាក់ ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់កណ្តាល​ស្មើនឹង​៤,៦១៥​ក្បាលដី នា​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៥​។

​ឯកឧត្តម​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា​៖ ការបិទ​ផ្សាយ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ដីធ្លី​នេះ មាន​កាល​កំណត់​តែ​ក្នុង​រយៈពេល​១៥​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ការបិទ​ផ្សាយ​នេះ​សូម​បងប្អូន​ម្ចាស់​ដី​ទាំងអស់​ត្រូវតែ​ប្រញាប់ប្រញាល់​ទៅ​ពិនិត្យមើល​ឱ្យបាន​គ្រប់ៗ​គ្នា ឯកឧត្តម​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​មក​ចូលរួម​ពិនិត្យ និង​ផ្ទៀងផ្ទាត់​លើ​ទិន្នន័យ​នៃ​ឯកសារ​វិនិច្ឆ័យ​ដែល​ដាក់​បិទ​ផ្សាយ​ជូន​ដោយ​គណៈកម្មការ​រដ្ឋបាល ចាប់ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ ។

​ឯកឧត្តម​បាន​បន្តទៀតថា​៖ អាជ្ញាធរ​រដ្ឋបាល​ដីធ្លី​ខេត្ត បាន​ប្រឹងប្រែង​ក្នុង​ការចុះបញ្ជី​ដីធ្លី​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ជូន​ដល់​ប្រជាពលរដ្ឋ ព្រោះ​មាន​សារៈសំខាន់​ណាស់​ដល់​ប្រជាពលរដ្ឋ ម្ចាស់​ដី ដោយ​មិន​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការធ្វើ​ប្លង់រឹង​លើ​ដីធ្លី ដើម្បី​ធានា​នូវ​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​កាន់កាប់ ជា​ឯកសារ​សំអាង​រឹងមាំ​បើ​មាន​ជម្លោះ​ដី​ពិសេស​ទៀត​នោះ បាន​ធ្វើឱ្យ​បញ្ហា​ទំនាស់​ដីធ្លី​ត្រូវបាន​កាត់បន្ថយ​យ៉ាង​ច្រើន​ទៀតផង​។

​ជាមួយគ្នា​នោះ​ឯកឧត្តម​ក៏​បាន​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​ដែល​បាននឹង​កំពុងបន្ត​ប្រឹងប្រែង​ក្នុង​ដំណើរការ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ នៅតាម​តំបន់​គោលដៅ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី ឡើយ​។ ឯកឧត្តម​បាន​ធ្វើការ​ក្រើនរម្លឹក​ដល់​មន្ត្រី​ជំនាញ អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ព្រមទាំង​ប្រជាពលរដ្ឋ ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ចូល​រួម​សហការ​ឱ្យបាន​ល្អ​ថែម​ទៀត ដើម្បី​ជំរុញ​ឱ្យ​ការអនុវត្ត​នី តិវិ​ធី​នៃ​ការចុះបញ្ជី​ដីធ្លី​នេះ​ប្រព្រឹត្តទៅ​ដោយ​ភាពរលូន និង​ជោគជ័យ​។

​ក្នុងឱកាស​នោះ​លោក ព្រំ ឆាត អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​កណ្ដាល បានបញ្ជាក់​ថា​៖ ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ចំនួន ០៦​ភូមិ គឺ​ភូមិ​ព្រែក​តា​បែន ភូមិ​ស្លា ភូមិ​ស្វាយ​រមៀត ភូមិ ឈើទាល ភូមិ​កណ្តាល និង​ភូមិ​ស្វាយ​ដំណាក់ ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់កណ្តាល មាន​ចំនួន ៤,៦១៥​ក្បាលដី ហើយ​ការបិទ​ផ្សាយ​នាពេលនេះ​គឺជា​លើក​ទី​២១ សម្រាប់​ស្រុក​ខ្សាច់កណ្តាល និង​ជា​លើក​ទី​២៨៥ សម្រាប់​ខេត្ត​កណ្តាល​ទាំងមូល​៕​

Leave a Reply

Your email address will not be published. Required fields are marked *