- ព័ត៌មានជាតិ

​អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​ពិព័រណ៍​មិន​អចិន្ត្រៃយ៍​ស្តីពី «​អង្គរ និង​ចិន​៖ ក្បឿង និង​ជំនួញ​តាមផ្លូវ​សមុទ្រ​»

អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​ដេប៉ាតេ​ម៉ង់​មនុស្ស​សាស្ត្រនៃ​សាកលវិទ្យាល័យ​ហុងកុង តំណាង​ដោយ​លោកស្រី Sharon Wong បាន​រៀបចំ​ពិព័រណ៍​មិន​អចិន្ត្រៃយ៍ ស្តីពី​«​អង្គរ និង​ចិន​៖ ក្បឿង និង​ជំនួញ​តាមផ្លូវ​សមុទ្រ​» ដែល​មាន​រយៈពេល​៦​ខែ នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ​។​

​ពិធី​បើក​ជា​ផ្លូវការ ពិព័រណ៍​ខាងលើនេះ បាន​ប្រព្រឹត្តិ​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​មាន​ការចូលរួម​ជា​កិត្តិយស​ពី​សំណាក់​លោក លូ ឈី​ជឺ (LU Qizhi) អគ្គ​កុងស៊ុល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ខេត្ត​សៀមរាប ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​។​

​គោលបំណង​នៃ​ការរៀបចំ​ពិព័រណ៍​ស្តីពី​«​អង្គរ និង​ចិន​៖ ក្បឿង និង​ជំនួញ​តាមផ្លូវ​សមុទ្រ​» ដើម្បី​បង្ហាញ​ពី​ឧស្សាហកម្ម​ផលិត​កុលាលភាជន៍​ក្នុង​សម័យ​អង្គរ និង​ទំនាក់ទំនង​ជាមួយ​ចិន​លើ​វិស័យ​នេះ​។ ជាពិសេស​គឺ​បង្ហាញ​នូវ​ទស្សនៈ​ថ្មី​អំពី​កេរដំណែល​អង្គរ ក្រោម​ការស្វែងយល់ ការច្នៃ​ប្រតិដ្ឋ និង​ទំនាក់ទំនង​ផ្នែក​វប្បធម៌ សង្គមកិច្ច និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​។ ពិព័រណ៍​ខាងលើ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៥ ទេសចរ​ជាតិ និង​អន្តរជាតិ​អាច​ចូល​ទស្សនា និង​សិក្សា​ស្វែងយល់​អំពី​ពិព័រណ៍​នេះ ក៏ដូចជា ទស្សនា​នូវ​វត្ថុ​សិល្បៈ​យ៉ាង​សម្បូរបែប​ផ្សេងទៀត ដែល​ទទួល​បាន​អំពី​កំណាយ​ស្រាវជ្រាវ ជួសជុល អភិរក្ស និង​ថែរក្សា​ទុក​នៅ​ក្នុង​សារមន្ទីរ​៕

​អត្ថបទ​៖ ការិយាល័យ​ផ្សព្វផ្សាយ​
​រូបភាព​៖ លោក ហាប់ គឹម​អាន​

Leave a Reply

Your email address will not be published. Required fields are marked *