ខេត្តកណ្តាល៖ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកណ្ដាល បានបន្តជំរុញការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធ ដើម្បីត្រៀមចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសំដៅសម្រេចតាមផែនការ ដែលបានគ្រោងទុក នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងភូមិចំនួន០៨គឺភូមិក្បាលកោះកើត ភូមិក្បាលកោះលិច ភូមិ កណ្តាលកោះ ភូមិចុងកោះកើត ភូមិចុងកោះលិច ភូមិក្បាលកោះខាងត្បូង ភូមិបទុមសាគរ និងភូមិព្រែកយាយម៉ី ក្នុងឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល សរុបមានចំនួន ៤,៤៩៤ក្បាលដី ក្រោមអធិបតីភាព ឯកឧត្តមហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល ។
មានប្រសាសន៍ក្នុងពិធីនោះឯកឧត្តម ហាក់ សុខមករាអភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា៖ គោលបំណងដ៏សំខាននៃការបិទផ្សាយជាសាធារណៈ គឺដើម្បីទុកឱកាសអោយបងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធ ទាំងឡាយមកពិនិត្យនូវទិន្នន័យអោយមានលក្ខណៈត្រឹមត្រូវ ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត ប្រភេទទ្រព្យ បើមានកំហុសឆ្គងដោយប្រការណាមួយបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអាចធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុង ឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នក កាន់កាប់ដី ហើយការជំទាស់តវ៉ាអាចធ្វើបានអំឡុងពេល ១៥ថ្ងៃចាប់ពីថ្ងៃប្រកាសបិទផ្សាយនេះតទៅហើយក្នុងរយៈពេល ១៥ថ្ងៃនេះគណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី នឹងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ និងទទួលពាក្យបណ្តឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ ។
ឯកឧត្តមបន្តថា៖ បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល១៥ថ្ងៃ យើងនឹងទទួលបាននូវទិន្នន័យត្រឹមត្រូវ ដើម្បីបំពេញ នីតិវិធីឈានដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋដែលជាអ្នកកាន់កាប់ដីល និងដើម្បីរួមចំណែកលើកកម្ពស់ជីវភាព សុខុមាលភាព ស្ថេរភាពសង្គម ការអភិវឌ្ឍ និងប្រើ ប្រាស់ដីធ្លីប្រកបដោយសមធម៌ និងសន្តិភាពផ្លូវចិត្ត។
ឯកឧត្តមបានបន្ថែមថា៖ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមេដឹកនាំវ័យក្មេងប្រកបដោយថាមពលមាន ទេពកោសល្យ និងបន្តនាំមកឲ្យប្រទេសជាតិនូវការអភិវឌ្ឍរីកចំរើនឥតឈប់ឈរ មានស្ថិរភាព មានសន្តិភាព ពិតប្រាកដ និងធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត មានជីវភាពរស់នៅសមរម្យ តាមរយៈការកសាងហេដ្ឋារចនា សម្ព័ន្ធជាច្រើនជាបន្តបន្ទាប់។ក្នុងន័យនេះ យើងទាំងអស់គ្នាត្រូវប្តេជ្ញាធ្វើយ៉ាងណា ថែរក្សា សន្តិភាព ដែលរកមកបានដោយលំបាកនេះ ឲ្យ នៅស្ថិតស្ថេរគង់វង្ស ជូនប្រជាពលរដ្ឋ ទុកជូនកូនចៅរបស់យើងឲ្យបានយូរអង្វែងច្រើនជំនាន់ ដើម្បីបន្តពង្រីក ឱកាសអភិវឌ្ឍឲ្យកាន់តែប្រសើរឡើងជាលំដាប់នូវជីវភាពរស់នៅរបស់យើងទាំងអស់គ្នា។
ក្នុងឱកាសនោះឯកឧត្តម អភិបាលរងខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ មកចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយជូនដោយគណៈកម្មការរដ្ឋបាល ចំនួន០៨ភូមិខាងលើ ក្នុងឃុំកោះខ្សាច់ទន្លា ស្រុកស្អាង អោយបានគ្រប់ៗគ្នា។
លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានថ្លែងថា៖ស្រុកស្អាង បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន៥២លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន ០៨ភូមិ ក្នុងឃុំកោះខ្សាច់ទន្លា ស្រុកស្អាង សរុបមានចំនួន ៤,៤៩៤ក្បាលដី៕







