រដ្ឋបាលខណ្ឌប្ញស្សីកែវ ÷នាព្រឹកថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ នៅបរិវេណរោងចក្រទឹកកក ក្នុងសង្កាត់ស្វាយប៉ាក រដ្ឋបាលខណ្ឌប្ញស្សីកែវ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ខណ្ឌប្ញស្សីកែវ អាណត្តិទី៤ ក្រោមវត្តមានអញ្ជើញចូលរួមពី លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកា សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាល គណៈនាយក ប្រធាន អនុប្រធានការិយាល័យទាំង១១ តំណាងលោកអធិការខណ្ឌ តំណាងលោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោកចៅសង្កាត់ស្វាយប៉ាក មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ សរុប២១៧នាក់។
នៅក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាជាច្រើនដូចជា ការស្នើសុំតទឹកស្អាត ការចោលសម្រាមបង្កឲ្យមានក្លិនស្អុយ ការសុំធុងសម្រាម ការតបណ្តាញអគ្គីសនី សុំផ្លូវបេតុង ភ្លើងបំភ្លឺសាធារណៈ ការដាក់លូជាដើម។ល។
លោក ជុំ បាយ័នវិបុល បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៤ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនទៅប្រជាពលរដ្ឋ តាមរយៈការស្នើសុំ និងការលើកជាសំណូមពររបស់ពួកគាត់។ លោកបន្តថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ត្រូវបានកំណត់ធ្វើឡើងមួយឆ្នាំម្តង សម្រាប់សង្កាត់នីមួយៗដើម្បីស្វែងយល់ពីតំរូវការអាទិភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ។
នាឱកាសនោះ លោកអភិបាល បានទទួលយកសំណូមពរ នឹងពិនិត្យ និងដោះស្រាយតាមលទ្ធភាពជាក់ស្តែង ។ លោកអភិបាល ក៏បានផ្តល់លេខទូរស័ព្ទផ្ទាល់ខ្លួនសម្រាប់ប្រជាពលរដ្ឋមានបញ្ហានិងសម្ងល់ផ្សេងៗ ក្នុងន័យពន្លឿនការងារ និងមានប្រសិទ្ធិភាព ។ ការស្នើសុំការតបណ្តាញទឹក តបណ្តាញអគ្គីសនី រដ្ឋាករទឹកនិងអគ្គីសនីកម្ពុជា និងដោះស្រាយជូន ។ដោយឡែក ការសុំផ្លូវបេតុង លោកអភិបាលនឹងចាត់ក្រុមការងារចុះពិនិត្យជាក់ស្តែង ។ ជាមួយគ្នានេះ លោកបានជូនធុងសម្រាមភ្លាមៗតាមការស្នើរបស់ប្រជាពលរដ្ឋ ព្រមទាំងស្នើសូមឱ្យប្រជាពលរដ្ឋចូលរួមវេចខ្ចប់ ទុកដាក់សំរាមនៅតាមផ្ទះរៀងៗខ្លួន និងបញ្ឈប់ការយកសំរាមមកទុកចោលតាមដងផ្លូវ ដែលនាំឱ្យប៉ះពាល់ បរិស្ថាន ប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅក្នុងភូមិឋានផងដែរ ៕







