- ព័ត៌មានជាតិ

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​កណ្ដាល បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ក្រុង​តាខ្មៅ សូម​ចូលរួម​សំអាត​គម្រប​លូ​បង្ហូរ​ទឹកភ្លៀង​ឱ្យបាន​ស្រឡះ​ល្អ ដើម្បី​សម្រួល​ដល់​ការហូរ​ទឹក​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ និង​បញ្ជៀ​សការ​ជន់​លិច​នៅ​ក្រុង​តាខ្មៅ​

ខេត្ត​កណ្ដាល​៖ ដើម្បី​កាត់បន្ថយ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ក្រុង​តាខ្មៅ នៅពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ​នា​រដូវវស្សា​នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​តាម​បណ្ដា​ផ្លូវ​នានា​ក្នុង​ក្រុង​តាខ្មៅ សូម​ចូលរួម​សំអាត​នៅតាម​គំរប​លូ​ទាំងអស់ ឱ្យបាន​ស្រឡះ​ល្អ ចៀសវាង​កកស្ទះ​ដោយ​សំរាម ឬ​បិទ​គម្រប​លូ​ទាំងនោះ​។​

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បានធ្វើការ​សំណូមពរ​បែបនេះ ក្នុងឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ មន្ទីរ​សាធារណការ និង​អាជ្ញាធរ​ក្រុង​តាខ្មៅ ចុះ​ពិនិត្យ​ការដាក់​ប្រព័ន្ធ​លូ តាម​ស្ទឹង​ព្រែក​ត្នោត ក្នុង​សង្កាត់​ដើម​មៀន និង​ការស្ដារ​ប្រឡាយ​នានា ក្នុង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ ដើម្បី​រំដោះ​ទឹកភ្លៀង​បញ្ចៀស​ការ​ជន់​លិច​នៅក្នុង​ក្រុង​តាខ្មៅ រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥​។

​ឯកឧត្តម​អភិបាលខេត្ត បន្តថា​៖ ប្រព័ន្ធ​លូ​របស់​យើង​មាន​ទំហំ​ធំ ប្រឡាយ​របស់​យើង​បាន​ស្ដារ​បើក​មុខទឹក ដែល​អាច​រំដោះ​ទឹកភ្លៀង​បាន​នៅពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ ប៉ុន្តែ​នៅ​តំបន់​ខ្លះ តាម​គម្រប​លូ​របស់​យើង​មាន​លក្ខណៈ​តូចចង្អៀត ខ្លះ​ទៀត​កកស្ទះ​ដោយសារ​សំរាម ឬ​មាន​ការបិទ​គម្រប​លូ​ដែល​បណ្ដាល​ឱ្យ​ស្ទះ​ចរន្តទឹក ហូរ​មិន​បាន​ល្អ ទើប​ធ្វើឱ្យ​តំបន់​ខ្លះ​នៅ​ក្រុង​តាខ្មៅ រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម អភិបាលខេត្ត បាន​ធ្វើ​ការណែនាំ ឱ្យ​មន្ត្រី​ជំនាញ​ពន្លឿន​ការសាងសង់ ដើម្បី​ចូលរួម​លើកកម្ពស់​សោភណភាព សណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន និង​បើក​ផ្លូវទឹក​ឱ្យ​ហូរ​លឿន ចៀសវាង​ផលប៉ះពាល់​ដោយ​ការស្ទះ​ទឹក​បណ្តាល​ឱ្យ​លិច​ផ្លូវ ក្នុង​ក្រុង​តាខ្មៅ និង​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន កុំ​បោះចោល​សំរាម ឬ​កាកសំណល់​ផ្សេងៗ​ចូលទៅ​ក្នុង​អូរ​ប្រឡាយ​ដែល​បង្ក​ឱ្យមាន​ការកកស្ទះ ដែល​មិន​អាច​ធ្វើឱ្យ​ទឹកភ្លៀង​ហូរ​បាន​លឿន​ល្អ និង​ធ្វើឱ្យ​ជន់​លិច​នៅ​តំបន់​មួយចំនួន​ក្នុង​ក្រុង​តាខ្មៅ​។​

Leave a Reply

Your email address will not be published. Required fields are marked *