- ព័ត៌មានជាតិ

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​អភិបាល​ខេត្ត​ព្រះវិហារ លើកទឹកចិត្ត​មន្ត្រី​ព័ត៌មាន​ផលិត​មាតិកា​ព័ត៌មាន​ល្អ មាន​ខ្លឹមសារ ឱ្យ​កាន់តែ​សម្បូរបែប និង​រួម​គ្នា​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​

​វិស័យ​សារព័ត៌មាន គឺជា​អំណាច​ទី​៤ បើ​យើង​ប្រើប្រាស់​ត្រឹមត្រូវ វិស័យ​ព័ត៌មាន​មាន​សារៈសំខាន់​ណាស់​ក្នុង​ការចូលរួម​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍ​សង្គមជាតិ​។

​ជាមួយគ្នា​នេះ​នឹង​សារៈសំខាន់​របស់​វិស័យ​ព័ត៌មាន​នេះ ត្រូវបាន​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បាន​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន ក្នុង​ខេត្ត​ព្រះវិហារ ពង្រឹង​ការផលិត​ព័ត៌មាន បង្កើត​មាតិកា និង​បង្កើត​មុម​សរសេរ​ព័ត៌មាន​ល្អ មាន​ខ្លឹមសារ ឱ្យ​កាន់តែ​សម្បូរបែប សម្រាប់​ទាក់ទាញ​អ្នកទេសចរ​ឱ្យ​ទៅ​លេង​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្ត ដើម្បី​គាំទ្រ​ដល់​គោលនយោបាយ​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ចូលរួម​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ក្នុង​តំបន់​ទេសចរណ៍​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ណែនាំ​បន្ថែម​ដល់​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន និង​ក្រុមការងារ​សាធារណ​មតិ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ត្រូវ​ធ្វើ​ការងារ​ឱ្យ​កាន់តែ​សកម្ម​ទៅលើ​ការគាំទ្រ​គណៈបញ្ជាការ​ឯកភាព និង​រដ្ឋបាល​ខេត្ត​លើ​ការងារ​គ្រប់គ្រង​សាធារណ​មតិ គ្រប់គ្រង​ព័ត៌មាន និង​សាធារណមតិ ដោយ​តាមដាន​ព័ត៌មាន​ធ្វើ​ការឆ្លើយតប បកស្រាយ ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល រួមទាំង​ដំណើរការ​អភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ ជាពិសេស​រួម​គ្នា​ទប់ស្កាត់ និង​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ឱ្យទាន់​ពេលវេលា​។​

​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥​នេះ ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ថ្លែងថា ក្នុងនាម​ជា​មន្ត្រី​ព័ត៌មាន មិនមែន​គ្រាន់តែ​ប្រមូល និង​ផ្សព្វផ្សាយ​ព័ត៌មាន​នោះ​ទេ ហើយក៏​មិន​មែន​ត្រឹម​តែ​ទៅ​យក​ព័ត៌មាន ហើយ​ផ្សាយ​ព័ត៌មាន​នោះ​ដែរ ប៉ុន្តែ ត្រូវ​តែ​ចេះ​គិត​ពី​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ព័ត៌មាន សម្រាប់​ប្រទេសជាតិ និង​កិច្ច​ការងារ​ព័ត៌មាន និង​សាធារណមតិ​ព្រោះ​ក្នុង​បរិបទ​បច្ចុប្បន្ន ការងារ​សាធារណមតិ​កាន់តែ​ស្រួចស្រាល ហើយ​ក្រុម​ជន​អគតិ​ក៏​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ផ្សព្វផ្សាយ​ក្លែងក្លាយ និង​មាន​ចរិត​បំភ្លៃ បំផ្លើស និង​បំភ័ន្ត​កាន់តែ​ច្រើន​ដែល​ចាំបាច់​គ្នា​ត្រូវ​រួម​សាមគ្គី​គ្នា​ក្នុង​ការផ្សព្វផ្សាយ​ពី​ការ​ពិត​ជូន​ដល់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បានបញ្ជាក់​ថា តួនាទី​របស់​មន្ទីរ​ព័ត៌មាន ជា​ជំនួយការ​ដល់​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត រាជធានី ហើយ​កិច្ចការងារ​សាធារណ​មតិ និង​កិច្ច​ការងារ​ព័ត៌មាន គឺ​ពឹងផ្អែក​លើ​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន ដែល​ប្រការ​នេះ​ហើយ​ទាមទារ​ឱ្យមាន​ការពង្រឹង​សមត្ថភាព ចំណេះ​ជំនាញ​ឱ្យ​បាន​កាន់​រឹងមាំ​បន្ថែមទៀត ហើយ​ខិតខំ​កែច្នៃ​ទៅលើ​អ្វី​ដែល​មាន​ដើម្បី​បង្កើន​នូវ​ប្រសិទ្ធិភាព​ការងារ​ព័ត៌មាន​។​

​បន្ថែម​ពី​នេះ ឯកឧត្តម រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ក្នុង​បរិបទ​បច្ចុប្បន្នសម័យ​ឌីជីថល សំខាន់​គឺ​ត្រូវ​គ្រប់គ្រង​ខ្លឹមសារ និង​ល្បឿន​នៃ​ការផ្សព្វផ្សាយ​ទើប​អាច​គ្រប់គ្រង​ព័ត៌មាន​បាន​។ ដូច្នេះហើយ ទើប​ក្រសួង​ព័ត៌មាន នៅក្នុង​អាណត្តិ​ទី​៧​នេះ បាន​ដាក់ចុះ​នូវ​ចក្ខុវិស័យ ត្រូវតែ​ជា​ស្ថាប័ន ទំនាក់​ទ​នង​សាធារណៈ​របស់​រាជរដ្ឋាភិបាល ដែល​ត្រូវតែ បុរេ​សកម្ម សកម្ម អន្តរ​សកម្ម ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​។​

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ក៏​បាន​បញ្ជាក់​សារៈសំខាន់​នៃ​កិច្ច​សហការ​ក្នុងចំណោម​មន្ទីរ​អង្គភាព​នៅតាម​ខេត្ត និង​ការគាំទ្រ​ពី​គណៈ​អភិបាលខេត្ត ដើម្បី​ជំរុញ​ដល់​មន្ទីរ អង្គភាព​ជំនាញ សហការ​ជាមួយ​មន្ទីរ​ព័ត៌មាន ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​កិច្ចការ និង​សមិទ្ធផល​ក្នុង​ខេត្ត​ឱ្យបាន​ទូលំទូលាយ​ទៅកាន់​ប្រជាពលរដ្ឋ​។ ដូចនេះ សូម​លើក​ទឹកចិត្ត និង​ជំរុញ​ឱ្យមាន​កិច្ចសហការ​កាន់តែខ្លាំង​ឡើង​ថែមទៀត​រវាង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ជា​ប្រភព​ព័ត៌មាន និង​បងប្អូន​អ្នកសារព័ត៌មាន​ព្រោះ​អាជ្ញាធរ និង​អ្នកសារព័ត៌មាន​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ព័ត៌មាន​។​

​បើ​តាម​ឯកឧត្តម គីម រិទ្ធី ក្នុង​នាម​រដ្ឋបាល​ខេត្ត​ព្រះវិហារ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ទាំងឡាយ​ដែល​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះវិហារ អនុវត្ត​ន៍​បាន​ទោះបី​ជួប​ការលំបាក​ខ្វះខា​តក្តី តែ​បាន​ប្រឹងប្រែង​រួមគ្នា​ជំនះ​បំពេញ​ការងារ​សម្រេច​ជូន​ជាតិ និង​ខេត្ត​របស់​ខ្លួន ដោយ​បាន​ផលិត​ព័ត៌មាន​ល្អៗ​ជាច្រើន​ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល និង​សកម្មភាព​របស់​រដ្ឋបាល​ខេត្ត​សម្រេចបាន​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​។

​ឯកឧត្តម គីម រិទ្ធី បាន​លើកឡើង​ថា ការងារ​ព័ត៌មាន គឺ​មាន​សារៈសំខាន់​ណាស់ ក្នុង​ជីវិត​ប្រចាំថ្ងៃ គឺ​មិន​អាច​ខ្វះ​ព័ត៌មាន​បាន​នោះទេ​។ ដូច្នេះ​ហើយ​មន្ទីរ​ព័ត័មាន គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការផ្តល់​ព័ត៌មាន​ពិត​ដល់​សាធារណជន​ទូទៅ ដោយ​ត្រូវ​ចេះ​ជ្រើសរើស​យក​ព័ត៌មាន​ណា​មក​សរសេរ​ឱ្យមាន​ភាព​ទាក់ទាញ ហើយ​ព្រឹត្តការណ៍ ដែល​កើតឡើង​នោះ​គួរ​ដាក់​ផ្សាយ ឬ​អត់ តើ​ផ្តល់​ផល​ប្រយោជន៍​អ្វីខ្លះ​ដល់​អ្នកអាន និង​សង្គម ហើយ​អ្នកសារព័ត៌មាន ក៏​មាន​តួនាទី​ក្នុង​ការចូលរួម​ថែរក្សា​ស្ថេរភាព​សង្គម និង​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​។​

​ចំណែក​លោក​ស្រី ហែម សុ​គុណ​ពិសី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ ក្នុងនាម​ជា​សេនាធិការ​ឱ្យ​ក្រសួង​ព័ត៌មាន និង​អាជ្ញាធរ​ខេត្ត មន្ទីរ​ព័ត៌មាន​ខេត្ត បាន​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ដោយ​យកចិត្តទុកដាក់​ជាសំខាន់ គឺ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​មាន​គុណភាព​ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ដែល​ធ្វើឱ្យប៉ះពាល​ដល់​សណ្តាប់ធ្នាប់​សង្គម​ស្របតាម​គោល ដៅ​បញ្ច​កោណ​មុំ​ទី​៥ គឺ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​។

​នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥​នេះ លទ្ធផល​ដែល​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ បាន​យកចិត្តទុកដាក់​អនុវត្តន៍​នោះ គឺ​ការចុះ​យក​ព័ត៌មាន និង​ការផ្សព្វផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ខេត្ត ក្រុង​/​ស្រុក និង​បន្ត​ពី​ថ្នាក់​ជាតិ អំពី​សភាពការណ៍​ថ្មីៗ​ព្រម​ទាំង​សមិទ្ធផល​នានា​ដែល​អាជ្ញាធរ និង​សហគមន៍​សម្រេចបាន ដើម្បី​ឆ្លុះបញ្ចាំង​បញ្ហា​ទាំងនេះ​ទៅ និង​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕​

Leave a Reply

Your email address will not be published. Required fields are marked *