- ព័ត៌មានជាតិ

ក្រុមប្រឹក្សា​ខេត្ត​កណ្តាល បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៣ អាណត្តិ​ទី​៤ ឆ្នាំ​២០២៥

ខេត្ត​កណ្ដាល​៖ ឯកឧត្តម នូ សា​ខន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ស្នើ​ឱ្យ​អង្គប្រជុំ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ក្នុង​ការពិនិត្យ ពិភាក្សា អនុម័ត និង​ចូលរួម​ដោះស្រាយ​ឱ្យបាន​ល្អិតល្អន់ ទៅ​តាម​របៀបវារៈ​នីមួយៗ​ដែល​បាន​ដាក់ចេញ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ របស់​ប្រជាពលរដ្ឋ សភាពការណ៍​របស់​រដ្ឋបាល​ខេត្ត និង​ស្រប​តាម​គោលការណ៍​ដែល​រាជរដ្ឋាភិបាល​បានដាក់ចុះ​។ ជាពិសេស​សមាជិក​ក្នុង​អង្គប្រជុំ​ទាំងអស់​ត្រូវ​រួមគ្នា​ពិនិត្យ និង​បំពេញ​បន្ថែម​លើ​ចំណុច​ដែរ​ខ្វះខាត លើ​របាយការណ៍​សំខាន់ៗ​ដែល​បាន​ដាក់​ឆ្លង​ក្នុង​កិច្ចប្រជុំ​។

​ឯកឧត្តម នូ សា​ខន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល បានលើកឡើង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​កណ្តាល លើក​ទី​១៣ អាណិត្ត​ទី​៤ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៥ ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​។

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កើតមានឡើង​កន្លងមក ទទួលបាន​លទ្ធផល​ល្អ ជា​ពិសេស​បាន​ពង្រឹង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម គួច ចំរើន ជម្រាប​ជូន​ដល់​ក្រុមប្រឹក្សា​ខេត្ត អំពី​ការងារ​សាងសង់​ផ្លូវ​ថ្មី​ចំនួន​១​ខ្សែ ចុះ​ពី​ផ្លូវជាតិ​លេខ​៥ ចូល​ភ្នំ​ព្រះ​រាជទ្រព្យ ស្រុក​ពញាឮ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​មក​កំសាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់ ជាពិសេស​សម្រាប់​កាត់បន្ថយ​ផ្កា​កកស្ទះ​ចរាចរណ៍​នៅពេល មាន​រៀបចំ​នៅ​ពិធីបុណ្យ​ជាតិ​ធំៗ​ក្នុង​តំបន់​នេះ​ផង​ដែរ​។ ដោយ​មើលឃើញ​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ប្រាសាទ ស្រុក​ស្អាង ជា​តំបន់​ដែល​មាន​ការ​លិច​ទឹក ៦​ខែ និង​គោក ៦ ខែ ពិបាក​ក្នុង​ផ្កា​ធ្វើដំណើរ ឯកឧត្តម​អភិបាលខេត្ត បាន​ជំរុញ​ដល់​ក្រុម​មន្ត្រី​បច្ចេកទេស​ត្រូវ​ចុះ​ទៅ​សិក្សា ដើម្បី​ត្រៀម​រៀបចំ​ផែនការ​សាងសង់​ផ្លូវ​ខ្ពស់​ផុត​ទឹក ដែល​ប្រកបដោយ​គុណភាព ធានា​ដល់​ការប្រើប្រាស់​បានយូរ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល បាន​លើកឡើង​អំពី​ស្ថានភាព​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ នៅ​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​៣ ព្រមទាំង​បាន​ជម្រាប​អំពី​ជំហរ និង​គោលការណ៍​នានា​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ សូម​ប្រជាពលរដ្ឋ​ទាំងអស់​ជួយ​គាំទ្រ និង​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការដោះស្រាយ​បញ្ហា​នេះ​បាន​។ ជាពិសេស សូម​ជួយ​ផ្ដល់​ការគាំទ្រ​ទៅ​ដល់​កងទ័ព​ជួរមុខ​របស់​យើង​ទាំង​សម្ភារៈ ថវិកា និង​ស្មារតី​ទៅតាម​លទ្ធភាព​រៀងៗ​ខ្លួន​ដើម្បី​បង្ហាញ​ពី​ការ​ស្នេហា​ជាតិ សាមគ្គីភាព ការឯកភាព​គ្នា រួបរួម​គ្នា​ក្នុង​ការពារ​បូរណភាព​ទឹកដី​។​

Leave a Reply

Your email address will not be published. Required fields are marked *