- ព័ត៌មានជាតិ

​សម្តេច ម៉ែន សំអន ៖ ទំនាក់ទំនង​រវាង​សមរភូមិ​ក្រោយ និង​សមរភូមិ​មុខ នៅតែ​ជា​ចំណង​មិន​អាច​កាត់ផ្តាច់​បាន​ទេ​

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ប្រគល់​អំណោយ ជូន​ដល់​កងទ័ព​ដែល​ស្ថិតនៅ​ខេត្ត​ព្រះវិហារ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែ​ជេស្ឋ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៥​។​
​ថ្លែង​ក្នុង​ពិធី​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដោយ​សម្តែង​នូវ​ការគោរព​កោតសរសើរ ដោយ​ស្មោះ​អស់ពី​ដួងចិត្ត ចំពោះ​ការលះបង់​គ្រប់បែបយ៉ាង របស់​កងទ័ព​ក្នុង​បុព្វហេតុ​រក្សា​ការពារ បូរណភាព​ទឹកដី និង​ប្រជាពលរដ្ឋ ដែល​ជា​ចំណែក​មួយ​យ៉ាង​ធំធេង បាន​នាំមក​នូវ​សុខសន្តិភាព​។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​របស់​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​និង​កំពុង​ពង្រឹង និង​ពង្រីក​សេដ្ឋកិច្ចជាតិ ដោះស្រាយ​បញ្ហា​ជាច្រើន​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​នឹង​ឈាន​ទៅ​បង្កើត​មូលដ្ឋានគ្រឹះ​ថ្មី​សម្រាប់​សេដ្ឋកិច្ច និង​សង្គមជាតិ នាពេល​អនាគត​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​បាន​បន្ត​ទៀត​ថា ទំនាក់ទំនង​រវាង​សមរភូមិ​ក្រោយ និង​សមរភូមិ​មុខ នៅតែ​ជា​ចំណង​មិន​អាច​កាត់ផ្តាច់​បាន​ទេ ហើយ​ទស្សនៈវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា​ព បាន​ដាក់ចេញ​នូវ​កម្មវិធី នយោបាយ​ជាច្រើន ដោយ​បាន​ខិតខំ​កៀងគរ​អ្នកវិនិយោគ​ចូលមក​កម្ពុជា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ មាន​ការងារ​ធ្វើ​កាន់តែច្រើន និង​មាន​ជីវភាព​កាន់តែ​ធូរធារ​។
​សម្រាប់​ស្បៀង សម្ភារៈ និង​ថវិកា ជូន​កងទ័ព និង​គ្រួសារ​កងទ័ព ដែល​បានមកពី​ការចូលរួម​ចំណែក​ពី​គ្រប់ទិសទី​រួមមាន ៖ ថវិកា​ចំនួន ២៣៨​លាន​រៀល និង​៥​ពាន់​ដុល្លារ គ្រឿងឧបភោគ ថ្នាំពេទ្យ ព្រម​ទាំង​សម្ភារៈ ប្រើប្រាស់​ជា​ច្រើន​ទៀត និង​បាន​ឧបត្ថម្ភ​ដល់​កងកម្លាំង​ដែល​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល ចំនួន ៨០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ៥​ម៉ឺន​រៀល ផងដែរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *