នាព្រឹក ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំពង្រឹងវិធានការ បង្ការ បង្ក្រាបបទល្មើសសេដ្ឋកិច្ច ព្រហ្មទណ្ឌ គ្រឿងញៀន និងការប្រឆាំងការជួញដូរមនុស្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត មានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការរងក្រុង ស្រុកទាំង៥។
ក្នុងកិច្ចប្រជុំនោះផងដែរលោកឧត្តមសេនីយ៍ស្នងការ លោកបានអនុញ្ញាតឱ្យ លោកនាយការិយាល័យជំនាញទាំងអស់ លើកឡើងនូវចំណុចខ្វះខាត នៅពេលជំនាញចុះទៅអនុវត្តនីតិវិធី។
អនុសាសន៍របស់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកបានដាក់ចេញផែនការយុទ្ធសាស្ត្រ ឬការណែនាំ ដោះស្រាយចម្ងល់ឈានដល់ការបិទបញ្ចប់សំណុំរឿងផ្សេងៗទៅលើ ផែនជំនាញនគរបាលយុត្តិធម៌ ផែនជំនាញព្រហ្មទណ្ឌ កម្រិតធ្ងន់ស្រាល ផែនការងារជួញដូរមនុស្ស ផែនប្រឆាំងគ្រឿងញៀន ដើម្បីពង្រឹងទៅជំនាញអនុវត្តច្បាប់មានដូចជា៖
-ត្រូវពិនិត្យមើលស្លាកស្នាមជុំវិញទីតាំងកើតហេតុ ថាតើករណីនេះជាករណីអត្តឃាត ឬក៏ឃាតកម្ម បទល្មើសឆ្នាំចាស់នៅប៉ុន្មាន រួចរាល់ហើយបានប៉ុន្មាន ត្រូវធ្វើឱ្យបានហ្ម៉ត់ចត់និងបិទបញ្ចប់ឱ្យអស់។
-រៀបចំដំឡើងឯកសារពាក់ព័ន្ធ ការគ្រប់គ្រងនៃការកកើតនៃការកើនឬថយក្មេងទំនើង ចំនួនស្ថិតិចាស់ចំនួនប៉ុន្មាន ថ្មីចំនួនប៉ុន្មានដើម្បីទប់ស្កាត់បានទាន់ពេលវេលា ឱ្យបានត្រឹមត្រូវ តើក្មេងទាំងនោះអប់រំបានប៉ុន្មានជាប់ពន្ធធនាគារ អស់ប៉ុន្មានហើយចេញពីពន្ធធនាគារ ក៏តម្រូវឱ្យយកមកអប់រំនៅស្នងការដ្ឋាននគរបាលខេត្ត ដែរមុននិងចេញមានសេរីភាពឡើងវិញដើម្បីឱ្យរាងចាល។
-សុំឱ្យបណ្ដាលអធិការក្រុងស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវបន្តចុះផ្សព្វផ្សាយអប់រំតាមគ្រឹស្ថានអប់រំ ដូចជាក្មេងគេចសាលារៀនមិនចូលសាលា ដើរលេងជក់បារីអេឡិចត្រូនិច (ជក់វេប) បើអាច ត្រូវយកមកពិនិត្យទឹកនោមសិន ដំឡើងបញ្ជីឈ្មោះឱ្យបានត្រឹមត្រូវ។
-បន្តជម្រុញពង្រឹងតួនាទីភារកិច្ច សមត្ថភាពរបស់កម្លាំងនគរបាល ជំនាញរបស់ខ្លួនឱ្យបានត្រឹមត្រូវ ជាពិសេសសំណុំរឿងចាស់ថ្មី ត្រូវបិទបញ្ចប់ឱ្យបានគ្រប់ជ្រុងជ្រោយ៕








