- ព័ត៌មានជាតិ

ពិធី​ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ ប្លង់​សុរិយោដី ក្នុង​ឃុំ​ចំនួន​៥ ស្មើនឹង​១៨​ភូមិ​ក្នុង​ស្រុក​ពញាឮ​

ខេត្ត​កណ្តាល​៖​ឯកឧត្តម ប៊ុន ផេង អភិបាលរង​ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ លើ​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដែល​រៀបចំ​ដោយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​កណ្តាល ដែល​មាន​ចំនួន ១៨​ភូមិ រួមមាន​៖​ភូមិ​ស្វាយ ឃុំ​ឈ្វាំង ភូមិ​ថ្មី ភូមិ​ព្រៃ​សុ​ពណ៌ ភូមិ​ត្រពាំង​សង្កែ ឃុំ​ជ្រៃ​លាស់ ភូមិ​ទួល​ងោក ភូមិ​ពោធិ៍​តូច ភូមិ​ជ្រោយ​ឫស្សី ឃុំ​កំពង់​លួង ភូមិ​ពោធិ៍​រាំ​ល ភូមិ​ដើម​ពោធិ៍ ភូមិ​អូរ​ស្អាត ភូមិ​កំពង់​ក្រសាំង ភូមិ​អង្គ​សេរី ភូមិ​ថ្លុក​អង្រែ​ង ឃុំ​ភ្នំ​បាត ភូមិ​ធម្ម​ត្រ័យ ភូមិ​បដិមាករ ភូមិ​ទួល​អង្គុ​ញ ឃុំ​ផ្សារ​ដែក ភូមិ​ត្រពាំង​ឫស្សី ឃុំ​ទំនប់​ធំ និង​ភូមិ​កំពង់​ចុះ​វា​រ ឃុំ​វិហារ​លួង ស្រុក​ពញាឮ ដែល​មាន​ក្បាលដី​ចំនួន ១០ ០៧៦​ក្បាលដី​។

​មានប្រសាសន៍​ក្នុងឱកាស​នោះ​ឯកឧត្តម ប៊ុន ផេង អភិបាលរង​ខេត្ត​កណ្តាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខាងលើ ប្រញាប់​ទៅ​ពិនិត្យ​បញ្ជី​ក្បាលដី ឯកសារ​វិនិច្ឆ័យ​រួម​មាន​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​អ្នក​កាន់កាប់​ដី ដែល​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​បាន​វាស់វែង​កន្លងមក ហើយ​ការបិទ​ផ្សាយ​នេះ​មាន​រយៈពេល​១៥​ថ្ងៃ (​ដោយ​រាប់បញ្ចូល​ទាំង​ថ្ងៃ​ឈប់សម្រាក​) គិត​ចាប់ពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ ដើម្បី​អោយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​កម្មសិទ្ធិ ឬ​អ្នកពាក់ព័ន្ធ ធ្វើការ​ពិនិត្យ ផ្ទៀងផ្ទាត់ ឈ្មោះ​ក៏​ដូចជា​ទិន្នន័យ​ផ្សេងៗ ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ ឬ​មាន​បញ្ហា​ខុសឆ្គង​ផ្សេងៗ អាច​ធ្វើការ​តវ៉ា​បាន​ក្នុង​រយៈពេល​ដូច​បាន​កំណត់​ខាងលើ​។​ដោយ​មាន​ការចូលរួម​សហការ​ពី​បងប្អូន​ប្រជាពលរដ្ឋ ទើប​ក្រុមការងារ​សុរិយោដី​ខេត្ត រដ្ឋបាល​ស្រុក​ពញាឮ អាជ្ញាធរ​ឃុំ​ភូមិ​គ្រប់​លំដាប់ថ្នាក់​ទាំង​អស់ បាន​ខិតខំ​ប្រឹងប្រែង​ការងារ​ចុះបញ្ជី​នេះ​បាន​ដំណើរការ​យ៉ាង​រលូន​ដូច​ពេល​បច្ចុប្បន្ន​នេះ​។

​លោក ព្រំ ឆាត អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​កណ្តាល បានឲ្យដឹងថា​៖​គោលបំណង នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ​លើ​ក្បាល​ដី របស់​បងប្អូន ប្រជាពលរដ្ឋ​នៅ​ពេល​នេះ ដើម្បី​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ ដែល​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​របស់​មន្ទីរ ដែល​បាន​ចុះ​អនុវត្ត​តាម​នីតិវិធី​កន្លងមក​។

​លោក​អនុប្រធាន​មន្ទីរ បានបញ្ជាក់​ថា​៖ ស្រុក​ពញាឮ បាន​បិទ​ផ្សាយ​រួច​មក​ដល់ពេលនេះ​បាន​ចំនួន ២៣​លើក​មក​ហើយ លោក ក៏​បាន​សំណូមពរ ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែលជា​អ្នក​កាន់កាប់​ដី នៅក្នុង​តំបន់​វិនិច្ឆ័យ មេត្តា​បង្ក​ភាពងាយស្រួល និង​សហការ​ល្អ ដើម្បី​អោយ​ការបិទ​ផ្សាយ​នេះ ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​៕

Leave a Reply

Your email address will not be published. Required fields are marked *