- ព័ត៌មានជាតិ

​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបំពេញ​ទិន្នន័យ ពាក់ព័ន្ធ​នឹង​ព័ត៌មាន​របស់​មន្ត្រី​ភូមិ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​កូបូ​(KοΒο Toolbox)

ខេត្ត​កណ្តាល​៖ នា​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្តម ប្រាក់ សា​រ៉ា​ត អភិបាលរង​ខេត្ត​កណ្តាល បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពីវ​គ្គ​បណ្តុះបណ្តាល​ការបំពេ​ញ​ទិន្នន័យ ពាក់ព័ន្ធ​នឹង​ព័ត៌មាន​របស់​មន្ត្រី​ភូមិ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​កូបូ​(KοΒο Toolbox) ដែល​រៀបចំឡើង​ដោយ​ក្រសួង​មហាផ្ទៃ នាពេលនេះ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោកនាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ​សាលាខេត្ត ព្រម​ទាំង​ឃុំ សង្កាត់ នៃ​រដ្ឋបាល​ក្រុង​ស្រុក​ទាំង​១៣ និង លោក លោកស្រី ស្មៀនឃុំ សង្កាត់ ទាំង​១២៧ នៃ​ខេត្ត​កណ្តាល​ផងដែរ ។​

​ថ្លែង​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឯកឧត្តម ប្រាក់ សា​រ៉ា​ត អភិបាលរង​ខេត្ត​កណ្តាល បាន​មានប្រសាសន៍ថា​៖ ក្នុងនាម​ជា​មន្ត្រី​សាធារណៈ ដែល​តំណាង​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នី​មួយៗ ចាំបាច់​ត្រូវតែ​អនុវត្ត​ឱ្យបាន​ល្អ លើ​មុខងារ តួនាទី ភារកិច្ច ដោយ​ឈរ​លើ​គោលការណ៍​ណែនាំ​លិខិត​បទដ្ឋាន​គតិយុត្ត និង​ច្បាប់​ជា​ធរមាន តួ​យ៉ាង​ចំពោះ​រដ្ឋបាល​ឃុំ សង្កាត់ គឺ​យើង​មានច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់ និង​ច្បាប់​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​កម្ពុជា​បាន​ធ្វើ​ការរៀបចំ​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ក្នុង​ឆ្នាំ​២០០២ ពោល​គឺ​អាណត្តិ​ទី​១​នៃ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅ​ទូទាំង​ប្រទេស​។ ហើយ​បច្ចុប្បន្ន​នេះ ក៏​ជា​អាណត្តិ​ទី​៥​របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​បាន​បោះឆ្នោត​ជា​សកល កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ កន្លងទៅ​ផង​ដែរ​។​

​ឯកឧត្តម​បន្តទៀតថា​៖ សម្រាប់​ថ្នាក់​ជាតិ គឺ​មាន​ក្រសួង​ស្ថាប័ន​នៅ​កម្រិត​ថ្នាក់​ជាតិ ជា​អ្នក​ដាក់​ចេញ​នូ​គោលនយោបាយ​នានា រីឯ​នៅ​ថ្នាក់ក្រោម​ជាតិ គឺជា​អ្នកអនុវត្ត​ទៅ​តាម​ការណែនាំ​ក្នុងនាម​ជា​អ្នកតំណាង​ឱ្យ​ក្រសួង​ស្ថាប័ន​ទាំងនោះ និង​អនុវត្ត​ក្នុងនាម​ជា​អ្នកបំរើ​មូលដ្ឋាន​លើ​កិច្ចអភិវឌ្ឍន​ក៏ដូចជា​ការផ្តល់​សេវា​សាធារណៈ ជូន​ដល់​ប្រជាពលរដ្ឋ​ជា​ដើម​។

​ឯកឧត្តម​បន្ថែមទៀតថា​៖ ចំណុច​សំខាន់ៗ មួយចំនួន ជុំវិញ​ការអនុវត្ត​នូវ​កំណែទម្រង់​លើ​កម្មវិធី​ជាតិ ក៏ដូចជា​គោលនយោបាយ​មួយចំនួន ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​យកចិត្តទុកដាក់ ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច និង​សង្គមកិច្ច ជាពិសេស​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា ឈាន​ឆ្ពោះ​ទៅ​សម្រេច​ឱ្យបាន​នូវ​ឋានៈ​ជា​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

​ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម​អភិបាលរង​ខេត្ត បាន​ស្នើ​ឱ្យ​លោក លោកស្រី ត្រូវ​យកចិត្តទុកដាក់​តាមដាន​ស្តាប់​លើ​បទ​បង្ហាញ របស់​គ្រូឧទ្ទេស ហើយ​នៅ​ត្រង់​ចំណុច​ណាមួយ ដែល​មិន​ទាន់​យល់ច្បាស់ ត្រូវ​សួរ​នាំ ឱ្យ​ច្បាស់ ព្រោះថា បន្ទាប់ពី​ទទួលបាន​នូវ​វគ្គ​នេះ​រួច គឺ​ត្រូវ​បំពេញ​នូវ​ព័ត៌មាន​នានា ដែល​ពាក់ព័ន្ធ​ទៅនឹង​មេភូមិ អនុប្រធាន​ភូមិ និង​សមាជិក​ភូមិ ទាំង​១,០១០​ភូមិ នៃ​ខេត្ត​កណ្តាល​។ ហើយ​ត្រូវ​ចូលទៅ​ក្នុង​ប្រព័ន្ធ បំពេញ​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​

Leave a Reply

Your email address will not be published. Required fields are marked *