- ព័ត៌មានជាតិ

ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព របស់​គណៈកម្មការ​សាខាសមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​កណ្តាល

ខេត្ត​កណ្តាល​៖ ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព របស់​គណៈកម្មការ​សាខា​សមាគមនារី កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​កណ្តាល​។

​មានប្រសាសន៍​ក្នុង​ពិធី​នោះ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​លើកឡើង​ថា ដើម្បី​ឆ្លើយតប​ចំពោះ​ការយកចិត្ត​ទុក្ខ​ដាក់​របស់​រាជរដ្ឋាភិបាល ក្នុង​ការលើកកម្ពស់ សមភាព​យ៉ែនឌ័​រ និង​សិទ្ធិ​របស់​ស្ត្រី និង​ក្មេង​ស្រី រដ្ឋបាល​ខេត្ត​កណ្តាល បាន​បង្កើន​ចំនួន​ស្រី​នៅក្នុង​មុខ​តំណែង​គ្រប់គ្រង​នៅក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​នៃ​រដ្ឋបាល​ក្រុង ស្រុក និង​មន្ទីរ​អង្គភាព ព្រមទាំង​បន្ត​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​សុខុដុមរមនា​នៅក្នុង​គ្រួសារ តាមរយ​: ការទប់ស្កាត់​អំពើហឹង្សា​លើ​ស្ត្រី និង​កុមារ ទប់ស្កាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​នឹង​ស្ត្រី និង​អំពើហឹង្សា​ទាក់ទង​នឹង​យែន​ឌ័​រ អំពើ​ជួញដូរ និង​កេងប្រវ័ញ្ច​គ្រប់​ទម្រង់ ពិសេស បាន​ចាត់វិធានការ​ក្នុង​ការទប់ស្កាត់ និង​កាត់បន្ថយ​ហានិភ័យ​នានា ដែល​ប៉ះពាល់​ដល់​សុវត្ថិភាព និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ត្រី និង​ក្មេង​ស្រី​នៅ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​អន​ឡា​ញ​។

​ទន្ទឹម​នឹង​នោះ​ផង​ដែរ លោកជំទាវ ស៊ុន ស្រី​នាង ប្រធាន​ប្រតិបត្តិ​ថ្មី សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខេត្ត​កណ្តាល បាន​ប្តេជ្ញា គោរព និង​អនុវត្ត​តាម​លក្ខន្តិកៈ ចូលរួម​សហការ​ជាមួយ​គណៈ​ចលនា​ស្ត្រី ថ្នាក់ដឹកនាំ​គ្រប់ លំដាប់ថ្នាក់ លើកកម្ពស់​ស្ថានភាព​ស្ត្រី និង​កុមារ​។ ខិតខំ​គៀងគរ​ស្វែងរក​ថវិកា ដើម្បី​ធ្វើ​សកម្មភាព​អភិវឌ្ឍន៍ ការងារ​សង្គម និង​ការងារ​មនុស្សធម៌ សម្រាប់​ជួយ​ដល់​ជន​ចាស់ជរា កុមារកំព្រា និង​ជនក្រីក្រ​គ្មាន​ទីពឹង​ជាដើម​។

​មានប្រសាសន៍​ក្នុង​អង្គពិធី​នោះ សម្តេច​កិត្តិ​ស​ង្គ​បណ្ឌិតក៏ បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ការ​នឹករលឹក​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ជូន​ដល់​សមាជិក​សមាជិកា​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ថ្ងៃនេះ​។

​សម្តេច​ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត ស្មារតី និង​ទទួលខុសត្រូវ ក្នុង​ការបំពេញ​ភារកិច្ច​ការងារ​ចលនា​ស្ត្រី ក្នុង​រយៈពេល​កន្លងមក របស់​លោកជំទាវ លោកស្រី ដែល​ជា​ថ្នាក់ដឹកនាំ គ្រប់​លំដាប់ថ្នាក់​ក្នុង​ទូទាំង​ខេត្ត​កណ្តាល ទទួលបាន​ជោគជ័យ​គួរឱ្យកត់សម្គាល់​។​
​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​បាន​បន្ត​ទៀត​ថា ជោគជ័យ​របស់​សាខា​សមាគមនារី​ខេត្ត​កណ្តាល ក៏​មាន​ការជួយ​សម្រប​សម្រួល និង​ផ្តល់​ភាពងាយស្រួល ពី​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​គ្រប់ផ្នែក គ្រប់​ថ្នាក់​។ សម្តេច​ក៏​បាន​អបអរសាទរ​ចំពោះ លោកជំទាវ គឹ​ង ចាន់​ឌី ប្រធានកិត្តិយស និង លោកជំទាវ ស្រ៊ុន ស្រី​នាង ជា​ប្រធាន​ប្រតិបត្តិ និង​សមាជិកា​គណៈកម្មការ​សាខាសមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍ​ខេត្ត​កណ្តាល ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​សកម្មភាព​សមាគមនារី តាម​សេចក្តីសម្រេច​របស់​សមា​គម​នារី​កម្ពុជា ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ផ្តាំផ្ញើ​ដល់​គណៈកម្មការ​សាខា​សមាគមនារី​ខេត្ត​កណ្តាល ដែល​ត្រូវបាន​ប្រកាស​កែសម្រួល និង​បំពេញ​បន្ថែម​សមាសភាព​នា​ថ្ងៃនេះ ត្រូវ​បន្ត​ការខិតខំ​ប្រឹងប្រែង​គ្រប់​សកម្មភាព ដូច​ជា​ពង្រឹង​របៀបរ​បប​ធ្វើការ ចេះ​បែងចែក តួនាទី​ភារកិច្ច​ទទួលខុសត្រូវ ទៅ​ដល់​ថ្នាក់ដឹកនាំ នៃ​គណៈកម្មការ សមាគមនារី​សាខា អនុសាខា​ទាំង​ថ្នាក់​ខេត្ត ស្រុក មន្ទីរ​អង្គភាព កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ​ទៅតាម​គោលនយោបាយ​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ទទួលស្គាល់ថា ស្ត្រី​គឺជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ របស់​យើងទាំងអស់គ្នា​៕​

Leave a Reply

Your email address will not be published. Required fields are marked *