- ព័ត៌មានជាតិ

​កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព​

ថ្ងៃនេះ ទី​១៥ មិថុនា ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​លិខិត​ជា​ផ្លូវការ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ជួយ​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​វិវាទ​ព្រំដែន​នៅ​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី​។

​គាប់​ជួន​ផងដែរ កាលពី ៦៣​ឆ្នាំមុន នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះ​លើ​រឿងក្តី​ប្រាសាទ​ព្រះវិហារ​។

​ទោះបីជា​ព្រឹត្តិការណ៍​ទាំងពីរ​នេះ​កើតឡើង ៦៣​ឆ្នាំ​ខុស​ពី​គ្នា​ក៏ពិតមែន ប៉ុន្តែ​ស្មារតី និង​គោលបំណង​គឺ​ដូចគ្នា​÷ គឺ​កម្ពុជា​ជ្រើសរើស​យក​ការដោះស្រាយ ដោយ​សន្តិវិធី ផ្អែកលើ​ច្បាប់​អន្តរជាតិ តាមរយៈ​យន្តការ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ សម្រាប់​ការដោះស្រាយ​បញ្ហា​ព្រំដែន​នៅ​តំបន់​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំង និង​មាន​ហារនិ​ភ័យ​ខ្ពស់​នៃ​ជម្លោះ​ប្រដាប់អាវុធ ហើយ​ដែល​យន្តការ​ទ្វេភាគី​មិនអាច​ដោះស្រាយ​ចប់ ដូចជា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​កាលពី​ជាង​៦០​ឆ្នាំមុន និង​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី នាពេល​បច្ចុប្បន្ន​។

​កម្ពុជា​ត្រូវការ​តែ​យុត្តិធម៌ ភាពត្រឹមត្រូវ និង​ច្បាស់លាស់​មួយ ក្នុង​ការកំណត់​ខ្សែរ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ដើម្បី​កុំអោយ​កូនចៅ​ជំនាន់​ក្រោយ​នៅ​បន្ត​មាន​បញ្ហា​មិនចេះចប់​ជាមួយគ្នា​។

​សូម​បងប្អូន​ជនរួមជាតិ​ទាំងអស់ ផ្ដល់​ការទុកចិត្ត​មកលើ​រាជរដ្ឋាភិបាល ក្នុង​ការខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការងារ​នេះ​ប្រកប​ដោយ​ឆន្ទៈ​និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការពារ​បូរណភាព​ទឹកដី និង​ឧត្តម​ប្រយោជន៍​របស់​ជាតិនិ​ង​ប្រជាជន​កម្ពុជា​៕

 

Leave a Reply

Your email address will not be published. Required fields are marked *