- ព័ត៌មានជាតិ

Breaking៖ កម្ពុជា ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ថៃ ដែល​បង្កហេតុ​វាយប្រហារ ចូល​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​!

(​ភ្នំពេញ​)៖ ថ្ងៃទី​២៦ ខែ កក្កដា ឆ្នាំ ២០២៥ ក្រសួង​ការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​។​
​ដោយ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​អំពើ​ឈ្លានពាន​ដោយ​មិន​មាន​ការ​បង្កហេតុ និង​ដោយ​ត្រៀម​ទុក​ជាមុន ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ព្រះរាជាណាចក្រ​ថៃ នៅវេលា​ម៉ោង ០៥:០២​នាទី ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២៥ ។​

​ដោយ​បាន​បើក​ការវាយប្រហារ​ដោយ​កាំភ្លើង​ធំ​ចំនួន ៥​គ្រាប់ មក​លើ​ទីតាំង​ជាច្រើន​កន្លែង នៅក្នុង​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។

​ការរំលោភ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​ដ៏​កម្រោល​នេះ គឺជា​ការរំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​ច្បាប់​អន្តរជាតិ រួម​ទាំង​គោលការណ៍​ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ហើយ​បាន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជន​ស៊ីវិល​ស្លូតត្រង់ និង​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។​

​ព្រះរាជាណាចក្រ​កម្ពុជា អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ចូលរួម ក្នុងការ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ការឈ្លានពាន​ខុស​ច្បាប់​របស់​ថៃ​។

​កម្ពុជា​ទាមទារ​ឱ្យ​ថៃ​បញ្ឈប់​រាល់​សកម្មភាព​អរិភាព​ជាបន្ទាន់ ហើយ​ប្រកាន់ខ្ជាប់​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​ច្បាប់​អន្តរជាតិ​។

​ខណៈពេល​ដែល​កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត ក្នុង​ការដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី និង​អនុលោម​តាម​ច្បាប់​អន្តរជាតិ កម្ពុជា​រក្សា​សិទ្ធិ​ក្នុង​ការការពារ​ខ្លួន​ដូច​មានចែង​ក្នុង​មាត្រា ៥១ នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។

​កងយោធពល​ខេមរភូមិន្ទ ប្តេជ្ញាចិត្ត​ឥត​ងាករេ ក្នុង​ការការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​សុវត្ថិភាព​របស់​ប្រជាជន ប្រឆាំង​នឹង​អំពើ​ឈ្លានពាន​ដ៏​សាហាវឃោរឃៅ​របស់​ថៃ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *