- ព័ត៌មានជាតិ

Breaking៖ កម្ពុជា ស្នើ​ឱ្យ​អន្តរជាតិ​ចាត់វិធានការ​ជាបន្ទាន់ ចំពោះ​ការពង្រាយ​កម្លាំង​ទ័ព​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា​!

(​ភ្នំពេញ​)៖ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​២៦.០៧.២០២៥ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​ស្នើ​ឱ្យ​សហគមន៍​អន្តរជាតិ ចាត់វិធានការ​ជាបន្ទាន់ ។​
​ចំពោះ​ការពង្រាយ​កម្លាំង​ឈ្លានពាន​របស់​ថៃ​មកលើ​កម្ពុជា ក្រោយ​ភាគី​ថៃ​កាន់តែ​គឃ្លើន ដោយ​ពង្រាយ​ទ័ព​តាម​ព្រំដែន​ខេត្ត​ផ្សេងៗ ដែល​បង្ហាញ​ពី​បំណង​ពង្រីក​ការវាយប្រហារ​ទាំង​កំរោល​។​

​លោកស្រី លើកឡើងថា ភាគី​ថៃ​កាន់តែ​គឃ្លើន និង​ដាក់ពង្រាយ​កម្លាំង​វាយប្រហារ​មកលើ​កម្ពុជា កាន់តែ​ខ្លាំង​ឡើង ដោយ​មិន​ចាត់​វិធានការ​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​នៃ​ជម្លោះ​ណាមួយ​ឡើយ​។​

​ទន្ទឹមនឹងនេះ ថៃ​បាន​ដាក់​ខេត្ត​ត្រាត និង​ខេត្ត​ចន្ទ​បុរី ដែល​ជា​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​កោះកុង និង​ខេត្ត​ពោធិ៍សាត់​នៃ​ប្រទេស​កម្ពុជា ។​
​ក្រោម​ច្បាប់អាជ្ញាសឹក ហើយ​បាន​ចាប់ផ្ដើម​ពង្រាយ​ទ័ព សព្វាវុធ និង​តំបន់​តាម​ព្រំដែន​នៃ​ខេត្ត​បន្ទាយមានជ័យ តាម​ផែនការ​ដែល​បាន​ត្រៀម​ប្រតិបត្តិការ​យោធា ចក្រពង្ស​ភូ​វនាថ​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​ថ្លែងបន្តថា ការត្រៀម​កងទ័ព​បែប​នេះ​បាន​បង្ហាញឱ្យឃើញថា ថៃ​មាន​បំណង​ការវាយប្រហារ​មក​លើ​កម្ពុជា​កាន់តែ​កំរោល និង​រំលោភ​ដែន​អធិបតេយ្យ​កម្ពុជា​កាន់តែ​ខ្លាំង​ឡើងៗ​។​

​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា ដូច​ជា​ការអះអាង ការ​បំភ្លៃ ទាក់ទង​នឹង​ការ​ជាន់​មីន​របស់​កង​ទ័ព​ថៃ ។​
​ជា​ហេតុផល​បង្កើត​ទុកជាមុន ដើម្បី​ជា​លេស​បង្កើត​យុទ្ធនាការ​ឈ្លានពាន​មកលើ​កម្ពុជា ។​
​ខណៈ​ដែល​សកម្មភាព​ទាំងនេះ បង្ហាញ​ពី​ចេតនា​យ៉ាង​ច្បាស់​របស់​ភាគី​ថៃ​ដើម្បី​បង្វែរ​ទិស​ខ្យល់​ពី​ច្បាប់​អន្តរជាតិ​។​

​លោកស្រី ម៉ាលី សុជាតា បន្តថា ក្រសួង​ការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ រួម​មាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សហគមន៍​អាស៊ាន និង​ដៃគូ​អន្តរជាតិ​ពាក់ព័ន្ធ​ទាំងអស់ ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​បំផុត​ចំពោះ​ការឈ្លានពាន​យ៉ាង​កំរោល និង​គឃ្លើន​របស់​ភាគី​ថៃ​មកលើ​កម្ពុជា​។​

​ជម្លោះ​ព្រំដែន​.​ធ្វើឱ្យ​ទាហាន​កម្ពុជា​ស្លាប់​៥​នាក់ របួស​២១​នាក់​.​ពលរដ្ឋ​ស្លាប់​៨​នាក់ និង​របួស​៥០​នាក់​។​

​បន្ថែម​ពី​នេះ នៅ​ព្រឹក​ព្រលឹម​ទី​២៦.០៧.២០២៥ ភាគី​ថៃ បាន​ពង្រីក​ជម្លោះ ដោយ​បើក​ការវាយប្រហារ​ចូល​ខេត្តពោធិ៍សាត់​ទៀត​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *