- ព័ត៌មានជាតិ

​ក្រសួង​ការពារជាតិ​ថ្កោលទោស​ក្រុម​ជាតិនិយម​ថៃ​ដែល​បាន​វាយ​ធ្វើបាប​ពលករ​កម្ពុជា​នៅក្នុង​ប្រទេស​ថៃ ខណៈ​ពលករ​ប្រមាណ​ជិត ៤០​ម៉ឺន​នាក់ បាន​និង​កំពុង​នាំ​គ្នា​ត្រឡប់​មក​ប្រទេស​វិញ​

ក្រោយ​ការឈ្លានពាន​យ៉ាង​គឃ្លើន​របស់​កងទ័ព​ថៃ មកលើ​អធិបតេយ្យភាព​កម្ពុជា និង​ការវាយប្រហារ​គ្នា​រយៈពេល​៥​ថ្ងៃ​មក​នេះ មាន​ពលករ​កម្ពុជា​យ៉ាងហោច​ណាស់​ប្រមាណ​ជិត​៤០​ម៉ឺន​នាក់ បាន​កំពុង​នាំគ្នា​សម្រុក​មកកាន់​ប្រទេស​កម្ពុជា​វិញ​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​បច្ចុ​ប្បន្ន​ភាព​នៃ​ការឈ្លានពាន​របស់​កង​ទ័ព​ថៃ​មក​លើ​ទឹកដី​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ លោកជំទាវ​ឧត្តមសេនី​យ៍​ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បានបញ្ជាក់​ថា​៖ «​ត្រង់​ចំណុច​នេះ​យើង​ក៏​បាន​ទទួល​សេចក្តីរាយការណ៍​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការវាយដំ ធ្វើបាប គំរាមកំហែង ពី​សំណាក់​ក្រុម​ជ្រុលនិយម​ជនជាតិ​ថៃ មកលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​ជា​ពលករ​កម្ពុជា ។ នេះ​ជា​ទង្វើ​អមនុស្សធម៌ ខុសច្បាប់​និង​មិន​អាច​អត់ឱន​ឱ្យបាន​សោះឡើយ​»​។ លោកជំទាវ​ឧត្តមសេនី​យ៍​ឯ​កបាន​លើកឡើង​ថា ចាប់​តាំងតែ​ពី​ថ្ងៃ​ទី ២៤ ខែ កក្កដា ដល់​ថ្ងៃ​ទី ២៧ ខែកក្កដា ឆ្នាំ ២០២៥​មាន​ពលករ​ខ្មែរ​បាន​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ចំនួន ២០៣ ៧០៦ នាក់​។ លោកជំទាវ​ឧត្តមសេនីយ៍ឯក​បាន​បញ្ជាក់បន្ថែម​ថា កាលពី​ថ្ងៃ​ម្សិលមិញ​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ១២០ ៤៣៨ នាក់ ដែល​បាន​វិល​ចូល​ប្រទេស​កម្ពុជា​វិញ ហើយ​សម្រាប់​ថ្ងៃ​នេះ យើង​រំពឹងថា​នឹង​មាន​ការវិលត្រឡប់រ​បស់​ពលករ​កម្ពុជា​ពី​ប្រទេស​ថៃ​មក​កម្ពូជា​វិញ​ប្រមាណ​១៥​ម៉ឺន​នាក់​។ លោកជំទាវ​ឧត្តមសេនី​យ៍​ឯក អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា​បាន​បញ្ជាក់​ឱ្យដឹង​ទៀត​ថា ក្នុង​រយៈ​៥​ថ្ងៃ ពលករ​កម្ពុជា​បាន​វិលត្រឡប់​មក​កម្ពុជា​វិញ​ប្រមាណ​៤០​ម៉ឺន​នាក់ ហើយ​ចំនួន​នេះ​នឹង​កើនឡើង​បន្ថែម​ទៀត​ប្រសិនបើ​ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ថៃ​នៅតែ​បន្ត​។​

​លោកជំទាវ​ឧត្តមសេនី​យ៍​ឯក​បាន​បញ្ជាក់​ឱ្យ​ដឹងផ​ង​ដែរ​ថា ក្រសួងការពារជាតិ​កម្ពុជាក៏​សូម​ធ្វើ​ការអំពា​វនាវ​ដល់​អាជ្ញាធរ​ថៃ ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ការពារ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ ក៏ដូចជា​ចាប់​ជនល្មើស​ឱ្យ​មក​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់ ដែល​ជា​អំពើ​ឧក្រិដ្ឋ​របស់​ខ្លួន​ដោយ​ផ្តល់​នូវ​យុត្តិធម៌ និង​តម្លាភាព​ជូន​ពលករ​កម្ពុជា​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យដឹងថា ចាប់តាំងពី​ថ្ងៃ​ទី​២៤ ខែកក្កដា រហូតមកដល់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥ ពលករ​ខ្មែរ​បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ​វិញ​មាន​ចំនួន​ប្រមាណ ២០៣ ៧០៦ នាក់ ដោយឡែក​កាលពី​ថ្ងៃ​ម្សិលមិញ​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ១២០ ៤៣៨ នាក់​ដែល​បាន​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​។
​នៅថ្ងៃនេះ រំពឹងថា​នឹង​មាន​ពលករ​វិលត្រឡប់​ពី​ប្រទេស​ថៃ​មក​កម្ពុជា​ប្រមាណ​ជាង ១៥​ម៉ឺន​នាក់​។
​ដូច្នេះ​ក្នុង​រយៈពេល ៥ ថ្ងៃនេះ ពលករ​ខ្មែរ​បាន​វិលត្រឡប់​មក​កាន់​កម្ពុជា​វិញ​ប្រមាណ​ជិត ៤០ ម៉ឺន​នាក់ ហើយ​ចំនួន​នេះ នឹង​ត្រូវ​កើនឡើង​បន្ថែមទៀត ប្រសិនបើ​ការប្រយុទ្ធ​គ្នា​នៅតែ​បន្ត​។

​គិត​ត្រឹម​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២៥ ជនភៀសសឹក​ដែល​បាន​ជម្លៀស​មក​ទីទួល​សុវត្ថិភាព និង​ផ្ទះ​សាច់ញាតិ​មាន​ចំនួន ៤ ខេត្ត មាន​ចំនួន​សរុប ៣៩ ៨២៨ គ្រួសារ​ស្មើនឹង ១៣៤ ៧០៧ នាក់ ដោយ​រាប់​ទាំង​កុមារ ស្ត្រី​មាន​ផ្ទៃពោះ ចាស់ជរា និង​ជនពិការ ។​

Leave a Reply

Your email address will not be published. Required fields are marked *