- ព័ត៌មានជាតិ

សម្ដេច​សង្គហ​បណ្ឌិត​ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល «​គ្រូ​បង្គោល​លើ​ការងារ​មហាជន​រាជធានី​-​ខេត្ត​»

​នា​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២៥ សម្ដេច​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស និង​ប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្ដាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា  បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល «​គ្រូ​បង្គោល​លើ​ការងារ​មហាជន​រាជធានី​-​ខេត្ត​» នៅ​វិមាន​៧​មករា ទីស្នាក់ការ​កណ្តាល​គណ​បក្ស​។​

​ពិធី​នេះ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈ​ចលនា​មហាជន ប្រធាន​គណៈ​ចលនា​ជំនាញ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​គណៈ​ចលនា​មហាជន​រាជធានី​-​ខេត្ត និង សិក្ខាកាម​ដែល​បាន​ទទួល​វគ្គ​បណ្តុះបណ្តាល​ប្រមាណ ៤០០ នាក់​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ា​នី សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​អគ្គលេខាធិការ​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​សុន្ទរកថា​ស្វាគមន៍ និង​របាយការណ៍​ជូន​អង្គពិធី​។ ឯកឧត្តម​បាន​លើកឡើង​ថា វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​អនុ​វត្តា​ម​អនុសាសន៍ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ប្រធានគ​ណ​បក្ស ក្នុង​ពិធី​បិទ សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​ទិសដៅ​អនុវត្ត​បន្ត​របស់​គណៈ​ចលនា​មហាជន គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​១៧-១៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ដើម្បី​លើកកម្ពស់ គាំទ្រ​ការងារ​មហាជន​នៅ​ថ្នាក់ក្រោម​ជាតិ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព តាមរយៈ​ការពង្រឹង​បន្ថែម​សមត្ថភាព​មន្ត្រី​គណបក្ស​ដើម្បី​មាន​លទ្ធភាព​គ្រប់គ្រង​សភាពការណ៍ និង​ឆ្លើយតប​ទៅនឹង​សមរភូមិ​នយោបាយ​សតិ​អារម្មណ៍​ក្នុង​ស្រទាប់​មហាជន​ឱ្យ​កាន់តែ​ល្អប្រសើរ​។

​ជា​កិច្ច​បន្ទាប់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន បាន​សម្តែង​នូវ​ស​មានទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ចំពោះ​វីរ​កងទ័ព​កម្ពុជា​ដែល បាន​ពលី​ក្នុង​បេសកកម្ម​ការពារ​ទឹកដី ក្នុង​ព្រឹត្តិការណ៍​ឈ្លានពាន​របស់​កងទ័ព​ថៃ នា​ពេលកន្លងមក​។ ជាមួយគ្នានេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ផ្តល់​អនុសាសន៍​ណែនាំ ដល់​សិក្ខាកាម សូម​បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ចំណុច​មួយចំនួន​ដូចជា
(១) សូម គណៈ​ចលនា​មហាជន​រាជធានី​-​ខេត្ត យកចិត្តទុកដាក់​អនុវត្ត​ឱ្យមាន ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ជន​បង្គោល​លើ​ការងារ​មហាជន​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឆ្នាំ​២០២៦-២០២៨​។​
(២) សូម អគ្គលេខាធិការដ្ឋាន បន្ត​យកចិត្តទុកដាក់ និង​គាំទ្រ​ដល់​៖​ការបណ្តុះបណ្តាល​បន្តរ​បស់​គណៈ​ចលនា​មហាជន​រាជធានី​-​ខេត្ត​។ ដោយ​ផ្អែក​តាម​បរិបទ និង​សភាពការណ៍​សង្គម សេដ្ឋកិច្ច និង​នយោបាយ ជាក់ស្តែង​នៅ​កម្ពុជា ដែល​បម្រើ​ឱ្យ​ប្រៀប​ឈ្នះ​របស់​គណបក្ស​។
(៣) សូម សិក្ខាកាម ដែល​នឹង​ក្លាយ​ជា​គ្រូ​បង្គោល លើ​ការបណ្តុះបណ្តាល​បន្ត​នៅតាម រាជធានី​-​ខេត្ត យកចិត្តទុកដាក់ និង​តាមដាន​ជាប់​ជាប្រចាំ​លើ​ការងារ នយោបាយ និង​សង្គមជាតិ ក៏ ដូចជា​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​។​

​សូម​ជម្រាប​ជូន​ថា វគ្គ​បណ្តុះបណ្តាល​នេះ មាន​សិក្ខាកាម​សរុប​ចំនួន ២២២ រូប ដោយ​បែងចែក​ជា ៥​វគ្គ សម្រាប់ ២៥ រាជធានី​-​ខេត្ត​។ ក្នុងនោះ វគ្គ​នីមួយៗ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល ២​ថ្ងៃ កន្លះ ដោយ​សិក្ខាកាម​នៃ​វគ្គ​នីមួយៗ បាន​ទទួល​នូវ​មេរៀន​សំខាន់ៗ​ពាក់ព័ន្ធ​នឹង ទី​១. តួនាទី ភារកិច្ច និង​រចនាសម្ព័ន្ធ​គណៈ​ចលនា​មហាជន ទី​២. វិធីសាស្ត្រ​គោល​ក្នុងការ​ប្រឈម និង​គ្រប់គ្រង​សមរភូមិ​សតិអារម្មណ៍ ទី​៣. ការគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​វិធីសាស្ត្រ​ផ្សព្វផ្សាយ និង ទី​៤. យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ និង​សមិទ្ធផល​សម្រេចបានរ​បស់ រាជរដ្ឋាភិបាល​។ គ្រូ​បង្គោល​ដែល​បាន​ទទួល​វគ្គ​បណ្តុះបណ្តាល​នាពេលនេះ នឹង​ទទួលបាន​សម្បទា​គ្រប់គ្រាន់​សម្រាប់​បើក​វគ្គ​បណ្តុះបណ្តាល​ការងារ​ចលនា​មហាជន​ដល់​រចនាសម្ព័ន្ធ​គ្រប់​ជាន់​ថ្នាក់​នៅ​មូលដ្ឋាន​រៀងៗ​ខ្លួន​។​

Leave a Reply

Your email address will not be published. Required fields are marked *