ខេត្តក្រចេះ ៖ ជនដៃដល់ដែលបានធ្វើសកម្មភាពវាយសម្លាប់ស្ត្រីរងគ្រោះ បណ្តាលឲ្យស្លាប់នៅក្នុងព្រៃខាងក្រោយភូមិរការធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ និងបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៣ ខែធ្នូ ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកព្រែកប្រសព្វ ដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ចាន់ សុផល្លា អធិការនគរបាលស្រុក ក្រោមបញ្ជាណែនាំពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត ចុះធ្វើការបំបែកសំណុំរឿងមួយករណីនេះ និងឈានដល់ការចាប់ខ្លួនជនដៃដល់ក្រោយបើកការស៊ើបអង្កេតមានរយះពេលជាច្រើនម៉ោង។
ជនដៃដល់ឈ្មោះ យ៉ង ណាក់ អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិ ឃុំជាមួយស្ត្រីរងគ្រោះ និងបានធ្វើសកម្មភាពវាយសម្លាប់ទៅលើស្ត្រីរងគ្រោះឈ្មោះ ឈុំ ណៃស៊ីម អាយុ៣៩ឆ្នាំ បណ្តាលឲ្យស្លាប់ រួចប្លន់យកសម្ភារៈមានតម្លៃពីស្ត្រីរងគ្រោះមាន ដូចជាលុយ៦០ម៉ឺនរៀល ព្រមទាំងក្រវិលប្លាទីន១គូរទំងន់៥ហ៊ុន។
អធិការនគរបាលស្រុកព្រែកប្រសព្វលោកវរសេនីយ៍ឯក ចាន់ សុផល្លា បានឲ្យដឹងថា បន្ទាប់ពីធ្វើសកម្មភាពរួច ជនជាមុខសញ្ញារូបនេះ បានគេចខ្លួន។ តែក្រោយពីការចុះស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ នគរបាលឈានដល់ការកំណត់មុខសញ្ញា និងស្រាវជ្រាវចាប់ខ្លួនជននេះបាននៅរសៀលថ្ងៃដដែល៕






