- ព័ត៌មានជាតិ, រាយការណ៍ពិសេស

ពិតជា​មិន​ញញើត​ច្បាប់​មែន​! ស្ត្រី​មេ​ឈ្មួញ​ឈើ​គ្រញូង​ជើង​ខ្លាំង​ប្រចាំ ខេត្ត​ឧត្ដរមានជ័យ ជនជាតិ​វៀតណាម​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ យាយ ម៉ា​យ ហ៊ាន​ផ្គើន​និង​ច្បាប់​នៅតែ​បន្ត​ប្រកបមុខរបរ​ចាស់​ដដែល ក្រោយ​ចេញពី​ពន្ធនាគារ​

ខេត្ត​ឧត្ដរមានជ័យ​៖ មេ​ឧក្រឹដ្ឋ​កម្ម​ឈើ​គ្រញូង​ជើង​ខ្លាំង​ដែល​ល្បី​ឈ្មោះ​បោះ​សម្លេង​ជិត​មួយ​ទស្សវត្សរ៍​ប្រចាំ​ខេត្ត​ឧត្ដរមានជ័យ ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ ម៉ា​យ ដែល​បាត់​មុខ​មួយ​រយៈពេល​បន្ទាប់ពី​ចេញពី​ពន្ធនាគារ​កន្លង​មក​នោះ ស្មាន​តែ​កែខ្លួន​ហើយ​ទៅ​រស់នៅ​ឯ​ទីណា​បាត់ទៅហើយ តាម​ពិត​នៅ​សម្ងំ​សោយសុខ​លួច​ប្រកបមុខរបរ​រកស៊ី​ដើរ​ប្រមូល​ទិញ​និង​ដឹកឈើ​គ្រញូង និង​ឈើ​នាងនួន នៅក្នុង​តំបន់ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ យ៉ាង​កក្រើក​ដដែល​សោះ​។​

​ជាក់ស្ដែង​ជា​រៀងរាល់​ថ្ងៃ​ស្ត្រី​ជនជាតិ​វៀតណាម​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ ម៉ា​យ រូបនេះ នៅតែ​បន្ត​ដើរ​ប្រមូល​ទិញ​ឈើ​គ្រញូង និង​ឈើ​នាងនួន ផ្ដាច់មុខ នៅតាម​តំបន់​ជើងភ្នំ​ក្រវាត់​ព្រំដែន ដោយ​ដើរ​ប្រមូល​ទិញ​តាម​គ្រប់​ច្រកល្ហក ក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ដឹកជញ្ជូន​ដោយ​រថយន្ដ​ម៉ាក បា​ឡែន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ (​ភ្នំពេញ 2R-4076) និង​រថយន្ដ​ម៉ាក បា​ឡែន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ (​កណ្ដាល 2A-0491) យ៉ាង​សកម្ម​ដដែល ដោយ​មិន​រាងចាល់​និង​មិន​កោតខ្លាច​ញញើត​នូវ​ច្បាប់​សោះឡើយ ចំណែក​អាជ្ញាធរ សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ នៅក្នុង​មូលដ្ឋាន​ស្រុក​ត្រពាំង​ប្រាសាទ​វិញ​គឺថា ស្ងាត់បាត់​មុខ​ឲ្យ​សូន្យឈឹង មិនដែល​ឃើញ​ចុះ​ចាប់​បង្ក្រាប​រថយន្ដ​ដឹកឈើ​គ្រញូង​របស់ យាយ ម៉ា​យ សោះ សង្ស័យ​តែ​ត្រូវ យាយ ម៉ា​យ រៀបចំ​សែនព្រេន​បិទមាត់​បិទក​គ្រប់ៗ​គ្នា​អស់​ហើយ​ក៏​មិនដឹង ទើបបាន​ជា​មើលមិនឃើញ​និង​មិន​រវល់​ពី​សកម្មភាព​នៃ​ការដើ​រទិញ និង​ការដឹកជញ្ជូន​ឈើ​គ្រញូង និង​ឈើ​នាងនួន ទាំង​ឡានៗ​របស់​យាយ ម៉ា​យ ជា​រៀងរាល់​យប់​រាល់ថ្ងៃ​សោះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា មេ​ឈ្មួញ​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ យាយ ម៉ា​យ រូបនេះ គឺជា​ឧក្រឹដ្ឋជន​ឈើ​គ្រញូង​ដ៏​សាហាវ រាប់​ឆ្នាំ​កន្លងមកហើយ ដោយ​កន្លងមក​ធ្លាប់​បាន​បញ្ជា​ឲ្យ​កូនចៅ​របស់​ខ្លួន​ជាច្រើន​នាក់​ដេញ​វាយ​ដេញ​កាប់ ប៉ុនប៉ង​សម្លាប់​អ្នកសារព័ត៌មាន ដែល​បាន​ចុះ​ទៅ​ថត​ផ្ដិត​យក​រូបភាព​បទល្មើស​ឈើ​គ្រញូង​ជាក់ស្ដែង​របស់​ឈ្មួញ​នេះ​ផ្ទាល់ បណ្ដាល​ឲ្យ​អ្នកសារព័ត៌មាន​ផិត​ភ័យ​រត់​ផះក្រញាំ ហើយ​កូនចៅ​យាយ ម៉ា​យ ទាំងអស់​នោះ​ក៏​នាំគ្នា​រត់​ដេញ​តាម​វាយ​រថយន្ដ​អ្នកសារព័ត៌មាន​ខ្ទេចខ្ទី​អស់​យ៉ាងដំណំ​ផងដែរ រួច​ធ្វើ​ការសំរួល​ដោះស្រាយ​ជា​ក្រោយ​។

​មហាជន​ជាច្រើន​នៅក្នុង​ខេត្ត​ឧត្ដរមានជ័យ មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង ចំពោះ​រឿង​ករណី​បទល្មើស​របស់​មេ​ឈ្មួញ យាយ ម៉ា​យ រូបនេះ ហើយក៏​មាន​ការ​ងើយ​ឆ្ងល់​យ៉ាងខ្លាំង​ដែរ​ថា តើ​ថ្ងៃ​ណា​ទើប​ច្បាប់​អាច​ចាត់​ការណ៍​មេ​ឈ្មួញ​ឈើ​គ្រញូង​ឈ្មោះ យាយ ម៉ា​យ ម្នាក់នេះ ឲ្យមាន​ប្រសិទ្ធភាព កុំឲ្យ​នៅ​បន្ត​ធ្វើ​សកម្មភាព​នេះ​បាន​តទៅទៀត​?

​ប្រជាពលរដ្ឋ​ជាច្រើន​សូម​ធ្វើ​ការអំពាវនាវ​ទៅដល់ ឯកឧត្ដម​នាយ​ឧត្ដមសេនីយឯក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​ឯកឧត្ដម​មាន​ចំណាត់ការណ៍​ក្ដៅ​ចំពោះមេ​ឈ្មួញ​វៀតណាម​ជើងខ្លាំង ឈ្មោះ​យាយ ម៉ា​យ នេះ​ផង​ទាន ព្រោះ​មន្ត្រី​ជំនាញ​គ្រប់​ជាន់​ថ្នាក់​នៅ​ក្នុង​មូលដ្ឋាន ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ គ្មាន​អ្នកណា​ម្នាក់​ធ្វើ​ការចុះ​ចាប់​បង្ក្រាប​បទល្មើស​ឈើ​គ្រញូង​យាយ ម៉ា​យ ឡើយ​។​

 

Leave a Reply

Your email address will not be published. Required fields are marked *