- ព័ត៌មានជាតិ

​បង្ក្រាប​ក្រុម​ផ្តល់​ប្រាក់​កម្ចី​ខុសច្បាប់​៥​ក្រុម​ផ្សេងៗ​គ្នា នៅ​ខេត្ត​ព្រៃវែង កណ្តាល ស្វាយរៀង និង​រាជធានី​ភ្នំពេញ​

​ដោយ​មាន​ការ​បញ្ជា​ផ្ទាល់ និង​ត្រួតពិនិត្យ​ជាប់​ពី នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ ស ថេត ពី​អភិបាលខេត្ត សួន សុ​ម៉ា​លីន និង​មាន​ការដឹកនាំ​ដំណើរការ​នីតិវិធី​យ៉ាង​យកចិត្តទុកដាក់​ពី ព្រះរាជអាជ្ញា គុជ គឹម​ឡុង កម្លាំង​នគរបាល​ខេត្ត​ព្រៃវែង បូក​រួម​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ស្រាវជ្រាវ​ឈាន​ទៅ​បង្ក្រាប​ក្រុម​ផ្តល់​ប្រាក់​កម្ចី​ខុសច្បាប់ ៥​ក្រុម ផ្សេងៗ​គ្នា ក្នុង​មូលដ្ឋាន​ស្រុក​ផ្សេងៗ​គ្នា​ក្នុង​ខេត្ត​ព្រៃវែង ខេត្ត​កណ្តាល ខេត្ត​ស្វាយរៀង និង​រាជធានី​ភ្នំពេញ​។​

​ក្រុម​ផ្តល់​ប្រាក់​កម្ចី​នេះ (​ចង​ការប្រាក់​) មាន​សាខា មាន​ភ្នាក់ងារ​ច្រើន ស្មុគស្មាញ និង​មាន​ផែនការ​ច្បាស់លាស់ ដែល​ទុន​កម្ចី​ផ្តល់​ទៅ​ឱ្យ​ពលរដ្ឋ​នាពេល​បច្ចុប្បន្ន​ចំនួន​រាប់​ពាន់​លាន​រៀល​។ តាម​រូបភាព និង​ចម្លើយ​សារភាព ពួកគេ​ផ្តល់​ប្រាក់​កម្ចី​ជូន​ពលរដ្ឋ​យកការប្រាក់​ចន្លោះ​ពី ១០ ទៅ ១៥​ភាគរយ​ក្នុង​មួយខែ នៃ​ប្រាក់​ដើម​សរុប រួច​ហើយ​ឱ្យ​ពលរដ្ឋ​បង់ប្រាក់​សរុប​ថេរ​រៀងរាល់ថ្ងៃ​មកវិញ​។ ការបង់ប្រាក់​រៀងរាល់​ថ្ងៃ​ត្រលប់​មកវិញ​នេះ ពួកគាត់​បាន​គិត​បូក​ប្រាក់​ដើម និង​ប្រាក់​ការ​ចំនួន​ថេរ នៃ​ប្រាក់​បាន​ខ្ចី​ដំបូង​បំផុត ក៏ប៉ុន្តែ​ការប្រាក់​ពួកគេ​មិន​បាន​ដកថយ​តាម​ចំនួន​ប្រាក់​ដើម​ដែល​ពលរដ្ឋ​បាន​សង​រំ​លួស​រាល់ថ្ងៃ​ជូនទៅ​ក្រុមហ៊ុន​វិញ​ឡើយ​។ ដូចនេះ​បើ​គណនា​ឱ្យបាន​ត្រឹមត្រូវ ការប្រាក់​របស់​ពួកគេ​មាន​ចំនួន​ប្រមាណ​ជា ៨០​ភាគរយ​នៃ​ប្រាក់​បាន​ខ្ចី​ដំបូង​ក្នុង​រយៈពេល​ត្រឹម​មួយ​ខែ​។ ការណ៍​នេះហើយ​គឺជា​គ្រោះមហន្តរាយ​មួយ​ចំពោះ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្វះ​ការយល់ដឹង និង​កំពុង​ទីទាល់ក្រ​គ្មាន​ជម្រើស​។​

​រូបភាព​នេះ​ត្រូវបាន​នគរបាល​ស្រាវជ្រាវ​ឃើញ និង​យក​ជា​គោល​ក្នុង​ការបង្ក្រាប ដោយ​កម្លាំង​នគរបាល​បាន​ខិតខំ​ស្រាវជ្រាវ​រក​ឫសគល់​នៃ​អ្នក​ទទួលខុសត្រូវ​ធំ​បំផុត​នៃ​ការផ្តល់​ប្រាក់កម្ចី​ខុសច្បាប់​នេះ ហើយ​នគរបាល​ក៏​ប្តេជ្ញា​លុបបំបាត់​ឱ្យ​អស់ពី​ទឹកដី​ខេត្ត​ព្រៃវែង​។​

​សមត្ថកិច្ច​បាន​ប្រាប់​ពលរដ្ឋ​ខេត្តព្រៃវែង​ទាំងអស់ ឈប់​ខ្ចីប្រាក់​នេះ​បន្ត​ទៀត បើ​មិន​ដូច​ច្នោះ​ទេ ១ ឬ ២​ឆ្នាំ​ខាង​មុខ​អ្នក​ដែល​បាន​ខ្ចី​ប្រាក់​នេះ​នឹង​លក់​ដី លក់​ផ្ទះ​គ្មាន​សេសសល់​ឡើយ​។ មួយវិញទៀត បើ​មាន​អ្នកផ្តល់​កម្ចី​ខុសច្បាប់​បែប​នេះ​ដំណើរការ​ក្នុង​ទឹកដី​ខេត្ត​ព្រៃវែង ស្នើ​នគរបាល​ទាំងអស់​បង្ក្រាប​ភ្លាមៗ​កុំ​ចាំ​ថ្ងៃស្អែក​។ អ្នក​ចងការ​ប្រាក់​បែប​បោក​បញ្ឆោត​ពលរដ្ឋ​បែបនេះ បើ​ហ៊ាន​រករឿង​ប្រជាពលរដ្ឋ នគរបាល​ត្រូវ​ចូលរួម​ការពារ​ប្រជាពលរដ្ឋ​ឱ្យ​ខាងតែបាន​៕

Leave a Reply

Your email address will not be published. Required fields are marked *