ខេត្តបាត់ដំបង.ស្រុកសំឡូត ៖ ករណីនេះ សមត្ថកិច្ចមិនទាន់កំណត់បានថា ជាអំពើឃាបន្ថែមតកម្ម ដោយសារគនុំ ឬ រំលោភសម្លាប់នោះឡើយ ខណៈអ្នកគ្រូរូបនេះ ជិះម៉ូតូចេញពីបង្រៀនសិស្សក្នុងដំណើរវិលត្រឡប់ទៅផ្ទះវិញ។ហេតុការណ៍នេះ ត្រូវប្រជាពលរដ្ឋប្រទះឃើញ កាលពីថ្ងៃទី១៦ ខែធ្នូ វេលាម៉ោង ៥៖២៥នាទីល្ងាច នៅចំណុចកើតហេតុខាងលើ ដោយសភាពសពស្ត្រីរងគ្រោះ ដេកផ្កាប់មុខនៅក្នុងព្រៃ ហើយនៅក្បែរទីតាំងកើតហេតុ គេឃើញមានទាំងម៉ូតូម៉ាកឌ្រីម របស់អ្នកគ្រូជិះចេញពីសាលា រួមទាំងទូរស័ព្ទដៃ ដោយមិនមានការបាត់បង់នោះឡើយ។
សពរងគ្រោះឈ្មោះ អ៊ូច ចាន់ថា អាយុ ២៩ឆ្នាំ រស់នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ជាគ្រូបឋមសិក្សា នៃសាលាអំពិលលើ បាត់ខ្លួននៅចន្លោះម៉ោង ១១៖៣០នាទីរសៀល ពេលអ្នកគ្រូចេញពីសាលា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ការិយាល័យអប់រំ យុវជន និង កីឡា ស្រុកសំឡូត ទៅកាន់មន្ទីរអប់រំយុវជន និងកីឡា ខេត្តបាត់ដំបង។
តាមការសន្និដ្ឋានបឋម ករណីឃាតកម្មនេះ អាចជារឿងគំនុំ ព្រោះបើគេពិនិត្យមើលពីខាងក្រៅ សពមានស្លាកស្នាមវាយតប់ជាច្រើនកន្លែង មុននឹងឃាតកសម្លាប់ រីឯសម្ភារៈមួយចំនួនរបស់សព ក៏មិនមានការបាត់បង់នោះឡើយ។
សូមជម្រាបថា ក្រោយប្រទះឃើញសពនេះរួចមក សមត្ថកិច្ចដេកយាមជាបណ្ដោះអាសន្ន ដោយសារនៅព្រឹកថ្ងៃទី១៧ នេះ ទើបក្រុមការងារ នៃការិយាល័យបច្ចេកទេស និងកោសល្យវិច័យចុះពិនិត្យស្លាកស្នាម ដើម្បីកំណត់ថា ជាករណីឃាតកម្មដោយគំនុំ ឬក៏ពាក់ព័ន្ធនឹងករណីរំលោភសម្លាប់ ងាយស្រួលក្នុងការស្វែងរកឃាតកយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕







