- ព័ត៌មានជាតិ

មន្ដ្រី​ច្រកព្រំដែន​ក្នុង​ស្រុក​មេមត់ បន្ត​រឹតបន្តឹង​ត្រួតពិនិត្យ​ទំនិញ​ចេញ​ចូល​តាម​ច្រកព្រំដែន កម្ពុជា​-​វៀតណាម​

​សកម្មភាព​ផ្លាសប្តូរ​ទំនិញ​តាម​ច្រក ទ្វេភាគី កម្ពុជា​-​វៀតណាម នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មាន​ដំណើរការ​ល្អ តាមរយៈ​ការសម្របសម្រួល​ពី​មន្ត្រី​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​ច្រក ខណៈ​មន្ដ្រី​បន្ត​ការត្រួតពិនិត្យ​យ៉ាង​តឹងរឹង ចំពោះ​ទំនិញ​ខុស​ច្បាប់​ផ្សេងៗ​មិន​ឱ្យ​ចរ​រាច​ឆ្លងកាត់​ឡើយ​។​

​លោក ហាស ពណ្ណ​រិទ្ធិ ប្រធាន​ច្រក​ទ្វេភាគី​ដា បានឱ្យដឹងថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ដឹក​កសិផល ពិសេស​ដំឡូង​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ក្នុង​មួយ​ថ្ងៃៗ​ប្រ​ម៉ាណ​ជាង​៨០​រថយន្ដ ក្នុង​នោះ​កម្ពុជា​បាន​សម្របសម្រួល​ជាមួយ​ភាគី​វៀតណាម ជា​ប្រចាំ​ដើម្បី​បង្ករ​លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។​

​លោក អេង ចាន់ណា នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វា​ទ្វេភាគី​ដា បានឱ្យដឹងថា មន្ដ្រី​នគរបាល​ច្រក មាន​តួនាទី​សម្របសម្រួល បើក​ច្រក និង​ត្រួតពិនិត្យ​លើ​លិខិតស្នាម​ចេញចូល​របស់​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​ឆ្លង​ដែន​ចេញ​ចូល​ប្រទេស​ទាំង​២ សម្រាប់​ការងារ​ត្រួតពិនិត្យ​ទំនិញ​ចេញចូល គឺ​ខាង​គយ និង​ប្រធាន​ច្រក​។ ក្នុង​នោះ​មន្ត្រី​ពាក់ព័ន្ធ​ប្រចាំការ​នៅ​ច្រក បាន​ធ្វើ​ការត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់ ហើយ​នៅ​វេលា​ម៉ោង ៥ ល្ងាច​ភាគី​ទាំងសងខាង​បិទ​ច្រក​លែង​ឱ្យ​ឆ្លងកាត់​។​

​សូមជម្រាបថា ក្នុង​មួយ​ថ្ងៃៗ​នៅ​រដូវវស្សា​នេះ មាន​រថយន្ត​ដឹក​កសិផល​ប្រ​ម៉ាណ ៨០ គ្រឿង​ដែល​ភាគច្រើន​ដឹក​ដំឡូង​មី​ចូល​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វេភាគី​ដា និង​មាន​ទំនិញ​ពី​ទេស​វៀតណាម​មួយ​ចំនួន ដូចជា​ជី ចូលមក​ប្រទេស​កម្ពុជា​វិញ​ផង​ដែរ ក្រោម​ការត្រួតពិនិត្យ​យ៉ាង​តឹងរឹង​ពី​មន្ដ្រី​ច្រក​ប្រចាំ​ព្រំដែន​កម្ពុជា​-​វៀតណាម​៕​

Leave a Reply

Your email address will not be published. Required fields are marked *